ព្រឹត្តិការណ៍ជជែកដេញដោលរវាងបេក្ខជនប្រធានាធិបតីអាមេរិកដែលធ្វើឡើងរយៈពេល១ម៉ោងកន្លះ កាលយប់ថ្ងៃអាទិត្យដែលត្រូវនឹងព្រឹកថ្ងៃច័ន្ទនៅកម្ពុជា ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកនយោបាយ និងអ្នកតាមដានស្ថានការណ៍សង្គមកម្ពុជាផងដែរ។
បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងលោកស្រី Hillary Clinton បានជួបគ្នាជាលើកទី២ នៅសាកលវិទ្យាល័យ Washington University in St. Louis ក្នុងទីក្រុង St. Louis រដ្ឋ Missouri ភាគកណ្តាលសហរដ្ឋអាមេរិក ដើម្បីជជែកដេញដោលគ្នាលើគោលនយោបាយគ្រប់គ្រងជាតិរបស់គណបក្សនីមួយៗ។ ការជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតីនៃប្រទេសមហាអំណាចនេះ មានការផ្សាយផ្ទាល់ទូទាំងសាកលលោកតាមរយៈប្រព័ន្ធអ៊ីនធឺណិត រួមទាំងបណ្ដាញសង្គមដូចជា Facebook, Twitter និង Youtube ជាដើម។
នៅកម្ពុជា អ្នកនយោបាយ និងអ្នកតាមដានស្ថានការណ៍សង្គម ដែលបានតាមដានព្រឹតិ្តការណ៍នេះ បានយល់ឃើញខុសៗគ្នាលើការជជែកដេញដោលរវាងបេក្ខជនទាំងពីរ ដោយភាគច្រើនបង្ហាញអំពីការយល់ឃើញនូវអត្តចរិករបស់បេក្ខជនប្រធានាធិបតីក្នុងការជជែកដេញដោល និងការប្រៀបធៀប ភាពខុសគ្នាស្រឡះរវាងនយោបាយអាមេរិកកាំងនិងនយោបាយប្រទេសកម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចក្នុងប្រទេសកម្ពុជាជិត៤០ឆ្នាំ បានប្រាប់ VOA ថា បើទោះបីលោកពុំបានតាមដានការជជែកដេញដោលគ្នារវាងបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកឲ្យបានដិតដល់ក៏ដោយ ក៏លោកយល់ថា ការដេញដោលនេះហាក់ដូចជាមានការប្រាស់ចាកពីក្រមសីលធម៌ ដោយសារតែពាក្យសម្តីអសុរសរបស់បេក្ខជនពីគណបក្សសាធារណរដ្ឋគឺលោក Donald Trump។ អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ទៀតថា គណបក្សនយោបាយណាដែលប្រឹងយកឈ្នះលើគូប្រកួតប្រជែងដោយការលើកឡើងនូវចំណុចខ្សោយរបស់គេជាគណបក្សនយោបាយដែលអន់។
«ការ Debate (ជជែកដេញដោល) របស់បេក្ខជនប្រធានាធិបតីអាមេរិកហ្នឹង ក៏ត្រូវតែប្រកាន់យកក្រមសីលធម៌ដែរ។ អ្នកដែលមិនប្រកាន់ក្រមសីលធម៌ មិនទទួលការគាំទ្រពីមហាជនទេ។ ជាក់ស្តែង ដូចលោក Trump ចេះតែនិយាយតាមចិត្តគាត់ បែបធ្លាក់ប្រជាប្រិយភាពមិនតិចទេ។ ការឃោសនារបស់គណបក្សនីមួយៗ គេត្រូវលើកគុណសម្បត្តិខ្លួន។ គេមិនត្រូវយកចំណុចខ្សោយរបស់គូប្រកួតប្រជែងមកធ្វើគុណសម្បត្តិខ្លួនឯងទេ វាអន់ជាងផ្សាយពាណិជ្ជកម្មទំនិញទៅទៀត»។
ក្នុងការជជែកដេញដោលរវាងបេក្ខជនប្រធានាធិបតីទាំងពីរ គឺលោក Donald Trump និងលោកស្រី Hillary Clinton អ្នកតាមដានការផ្សាយផ្ទាល់ នឹងសារព័ត៌មានក្នុងស្រុកនិងអន្តរជាតិបានផ្តោតទៅលើការដេញដោលយ៉ាងក្តៅគគុកអំពីរឿងអាស្រូវរបស់លោក Donald Trump ដែលធ្លាប់និយាយបៀតបៀនទៅលើស្រ្តីមួយរូបកាលពីឆ្នាំ២០០៥។
ខ្សែវីដេអូមួយកាលពីឆ្នាំ២០០៥ ដែលត្រូវបានគេចែកចាយតាមបណ្តាញសារព័ត៌មានមុនពេលការជជែកដេញដោលលើកទី២នេះឲ្យដឹងថា លោក Trump និយាយរៀបរាប់ពីការសោកស្តាយដែលមិនបានរួមភេទជាមួយស្រ្តីម្នាក់ដែលមានប្តីរួចហើយ។ វីដេអូនោះត្រូវបានគេថត ខណៈពេលដែលលោកជិះក្នុងឡានជាមួយពិធីករទូរទស្សន៍ម្នាក់ ហើយលោកនិយាយអួតអំពីខ្លួនថា លោកអាចជៀសផុតពី«បញ្ហាគ្រប់យ៉ាង» ព្រោះលោកជាមនុស្សដែលល្បីល្បាញ។
ក៏ប៉ុន្តែភ្លាមៗក្រោយមក មុនពេលការជជែកដេញដោលនាល្ងាចថ្ងៃអាទិត្យនៅសហរដ្ឋអាមេរិក លោក Trump ក៏បានផ្សាយវីដេអូមួយផ្សេងទៀតដោយលោកសុំទោសជាសាធារណៈចំពោះអ្វីដែលលោកនិយាយកាលពីឆ្នាំ២០០៥នោះ។
ក្នុងពេលការជជែកដេញដោលលើកទី២នេះ លោក Donald Trump លើកឡើងថា គ្មានអ្នកណាគោរពមនុស្សស្រីជាងលោកនោះទេ ហើយលោកក៏បានវាយបកទៅលើស្វាមីលោកស្រី Hillary Clinton គឺលោក Bill Clinton អំពីរឿងអាស្រូវស្នេហារបស់អតីតប្រធានាធិបតីអាមេរិករូបនេះជាមួយស្រ្តីជាច្រើននាក់។
លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានប្រាប់ VOA ថា ការជជែកដេញដោលក្នុងសហរដ្ឋអាមេរិកនេះ គឺសបញ្ជាក់ពីភាពខុសគ្នារវាងការអនុវត្តលទិ្ធប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែលោកថា ក្នុងការជជែកនេះក៏មានករណីស្រដៀងគ្នាមួយចំនួនដែលទាក់ទងនឹងរឿងឯកជនភាពរបស់អ្នកនយោបាយផងដែរ តែលោកពុំបាននិយាយឲ្យចំៗលើករណីណាទេ។
មន្ត្រីគណបក្សប្រឆាំងរូបនេះថ្លែងថា៖
«សម្រាប់នៅស្រុកគេ គេលើករឿងហ្នឹងមកផ្ចាញ់ផ្ចាលគ្នាក្នុងហេតុផលនយោបាយ។ គេអត់មានដេញទៅដល់ឲ្យទៅមានការចូលក្នុងផ្លូវតុលាការដូចនៅស្រុកខ្មែរទេ។ ហើយអ្វីដែលសំខាន់ហ្នឹងគេទុក្ខឲ្យអ្នកបោះឆ្នោតជាអ្នកធ្វើការសម្រេចចិត្ត។ គេមិនមែនឲ្យស្ថាប័នតុលាការធ្វើការសម្រេចផ្ដេសផ្ដាសទេ។»
ជាមួយគ្នានេះដែរ លោកស្រី ធីតា ឃឹះ ប្រធានអង្គការសីលការដែលធ្វើការលើកកម្ពស់សិទ្ធិស្ត្រីក្នុងប្រទេសកម្ពុជា ក៏បានតាមដានការជជែកដេញដោលរបស់បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ លោកស្រីបានបង្ហាញពីភាពមិនពេញចិត្តដែលលោក Trump យកកិត្តិយសរបស់ស្ត្រីចូលទៅក្នុងការឃោសនានយោបាយរបស់លោក។ លោកស្រី ធីតា ឃឹះ បញ្ជាក់ប្រាប់ VOA ថា អ្នកនយោបាយទាំងអស់រួមទាំងអ្នកនយោបាយក្នុងប្រទេសកម្ពុជាគួរតែព្យាយាមការពារ ជំរុញនិងលើកកម្ពស់សិទ្ធិរបស់ស្រ្តីក្នុងការចូលរួម និងអភិវឌ្ឍសង្គម ជាជាងយកស្ត្រីធ្វើជាឧបករណ៍នយោបាយទៅវិញ។
លោកស្រីមានប្រសាសន៍ថា៖
«ទាំងសង្គមអាមេរិកាំង ទាំងសង្គមខ្មែរបច្ចុប្បន្ន គេ(អ្នកនយោបាយ) យកស្ត្រីមកធ្វើជាឈ្នាន់ដើម្បីជាមធ្យោបាយក្នុងការលេងបកចុះបកឡើងទៅលើបេក្ខជននាយករដ្ឋមន្ត្រី ឬអ្នកនយោបាយកំពូលៗក្នុងគណបក្សនីមួយៗ។ នេះធ្វើឲ្យមានការរើសអើង និងរំលោភលើស្រ្តីច្រើន ហើយវាជាការដែលធ្វើឲ្យស្រ្តីរងគ្រោះដោយការរំលោភ (សិទ្ធិ) គ្រប់បែបយ៉ាង»។
លោកស្រីបន្ថែមទៀតថា ទាំងបុរសនិងស្រ្តីគួរគិតគូរពិចារណាលើបញ្ហានេះ ព្រោះការលើកឡើងនូវដោយអ្នកនយោបាយបែបនេះមិនឆ្លុះបញ្ចាំងពីការឆន្ទៈដឹកនាំវិជ្ជមានទេ ហើយប៉ះពាល់មិនត្រឹមតែដល់តម្លៃ ទឹកចិត្ត និងសិទ្ធិអំណាចស្រ្តីទេ គឺប៉ះពាល់ដល់ការអភិវឌ្ឍសង្គមទាំងមូល។
បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងលោកស្រី Hillary Clinton ក៏គ្រោងជួបជជែកដេញដោលគ្នាមួយលើកចុងក្រោយទៀតនៅយប់ថ្ងៃទី១៩ ខែតុលា (ព្រឹកថ្ងៃទី២០ នៅកម្ពុជា) មុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសមហាអំណាចមួយនេះឈានចូលមកដល់នៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ៕