បេក្ខជន​ប្រធានាធិបតី​អាមេរិក​ទាំង​ពីរ​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ការ​ជជែក​តស៊ូ​មតិ​របស់​ពួកគេ​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន

បេក្ខជន​ប្រធានាធិបតី​អាមេរិក​ទាំង​ពីរ​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ការ​ជជែក​តស៊ូ​មតិ​របស់​ពួកគេ​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន។

ដោយសារ​មាន​រយៈ​ពេល​តែ ៦ សប្ដាហ៍​ទៀត​ប៉ុណ្ណោះ មុន​ថ្ងៃ​បោះ​ឆ្នោត​រើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចូល​មក​ដល់ បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​គឺ​លោកស្រី Hillary Clinton និង​លោក Donald Trump បាន​ត្រឡប់​ទៅ​ធ្វើ​យុទ្ធនាការ​របស់​ពួកគេ​វិញ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ និង​បាន​ធ្វើ​ការ​រិះគន់​ការ​សម្ដែង​ឡើង​របស់​គូ​ប្រជែង​របស់​ខ្លួន​នៅ​ក្នុង​ការ​ដេញដោល​តទល់​គ្នា​រវាង​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​លើក​ទី​មួយ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​យប់​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ។

អ្នក​វិភាគ​ឯករាជ្យ​ភាគ​ច្រើន​ថា លោកស្រី Clinton បាន​ឈ្នះ​ការ​ដេញដោល​តទល់​គ្នា​នេះ ហើយ​លោកស្រី​បាន​ទទួល​ការ​គាំទ្រ​កើន​ឡើង​នៅ​ក្នុង​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ ដែល​ការ​ស្ទង់​មតិ​នេះ​បាន​បង្ហាញ​ថា លោកស្រី​បាន​នាំ​មុខ​លោក Trump ក្នុង​កម្រិត​តិចតួច។

លោកស្រី Clinton បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​លោកស្រី​នៅ​ក្នុង​រដ្ឋ North Carolina ថា លោក Trump មិន​បាន​រៀបរាប់​ឲ្យ​បាន​លម្អិត​នៅ​ក្នុង​ការ​ថ្លែង​របស់​លោក​នៅ​ក្នុង​ការ​ដេញដោល​តទល់​គ្នា​ជាមួយ​លោកស្រី​នោះ​ទេ។

លោកស្រី​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មាន​ឱកាស​និយាយ​អំពី​ចំណុច​មួយ​ចំនួន​តូច​ដែល​ខ្ញុំ​ចង់​ធ្វើ ប្រសិនបើ​ខ្ញុំ​មាន​សំណាង​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធានាធិបតី។ ហើយ​ខ្ញុំ​គិត​ថា ប្រសិនបើ​ខ្ញុំ​សុំ​សន្លឹក​ឆ្នោត​ពី​អ្នក ខ្ញុំ​គួរ​ប្រាប់​អ្នក​អំពី​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ‍»។

លោក Trump បាន​និយាយ​បន្ទាប់ពី​ការ​ដេញដោល​តទល់​គ្នា​បាន​បញ្ចប់​ថា លោក​ឈ្នះ​លោកស្រី Clinton នៅ​ក្នុង​ការ​ដេញដោល​នេះ។ ប៉ុន្តែ នៅ​ក្នុង​ការ​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​លោក​នៅ​ក្នុង​រដ្ឋ Florida កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក​ថា លោក​គួរ​តែ​ធ្វើ​បាន​ល្អ​ជាង​នេះ នៅ​ក្នុង​ការ​ដេញដោល​តទល់​គ្នា​កាល​ពី​យប់​ថ្ងៃ​ចន្ទ។

លោក Trump ថា៖ «ក្នុង​រយៈពេល ៩០ នាទី នៃ​ការ​ដេញដោល​នេះ ខ្ញុំ​បាន​មើល​លោកស្រី Clinton ថ្លែង​ដោយ​យក​ចិត្ត​ទុកដាក់។ ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ដែល​អាច​ឲ្យ​លោកស្រី​មាន​ការ​ខ្មាស​គេ​នោះ​ទេ‍»។

បេក្ខជន​ទាំង​ពីរ​នឹង​ធ្វើ​ការ​ដេញដោល​តទល់​គ្នា​ពីរ​ដង​ទៀត​នៅ​មុន​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា ចូល​មក​ដល់។ ការ​ដេញដោល​តទល់​លើក​ទី​ពីរ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី ៩ ខែ​តុលា ខាង​មុខ​នេះ៕