នៅក្នុងការថ្លែងសុន្ទរកថាលើកទី៧ និងជាលើកចុងក្រោយទៅកាន់ប្រជាជាតិអាមេរិកាំង លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានកោតសរសើរអំពីសមិទ្ធផលក្នុងអាណត្តិរបស់លោក ហើយបានផ្តោតទៅលើទស្សនវិស័យរបស់លោក សម្រាប់អនាគត។
ការថ្លែងសុន្ទរកថាប្រកបដោយសុទិដ្ឋិនិយមនោះ មានគោលបំណងកំណត់កេរ្តិ៍ដំណែលរបស់លោក នៅពេលដែលលោក ស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃតំណែងជាប្រធានាធិបតីអាមេរិកនេះ។
ថ្លែងទៅកាន់សភាតំណាងរាស្ត្រ ដែលនៅកកកុញកាលពីថ្ងៃអង្គារក្នុងវិមានសភាអាមេរិក លោក អូបាម៉ា បានការពារកំណត់ត្រារបស់លោកទាក់ទិននឹងបញ្ហាសេដ្ឋកិច្ច ដោយមានប្រសាសន៍ថា «នរណាដែលអះអាងថា សេដ្ឋកិច្ចអាមេរិកធ្លាក់ចុះនោះ គឺកំពុងតែបង្កើតរឿងប្រឌិត»។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា «យើងកំពុងស្ថិតនៅចំកណ្តាលនៃគំនូសផ្លូវដ៏វែងបំផុតនៃការបង្កើតការងារក្នុងវិស័យឯកជននៅក្នុងប្រវត្តិសាស្ត្រ។ ការងារថ្មីៗចំនួនជាង១៤លានកន្លែង កំណើនការងារដ៏ខ្លាំងក្លាបំផុតសម្រាប់រយៈពេល២ឆ្នាំ ចាប់តាំងពីទសវត្សរ៍ ១៩៩០មក ហើយអត្រាអត់ការងារធ្វើបានធ្លាក់ចុះពាក់កណ្ដាល» ។
លោកអូបាម៉ាក៏បានបរិហារ «នយោបាយដែលសំដៅទៅរកបុគ្គល ដោយសារតែជាតិសាសន៍ ឬក៏សាសនា» ដែលជាការរិះគន់ពីសំណាក់គូបដិបក្ខរបស់លោកពីខាងគណបក្សសាធារណរដ្ឋ ដូចជាលោកមហាសេដ្ឋី Donald Trump ដែលកំពុងប្រឹងប្រែងដណ្តើមយកកន្លែងរបស់លោកជាដើម៕