ប្រធានាធិបតី​អាមេរិក​លោក Joe Biden គ្រោង​បង្ហាញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ថ្មី​ក្នុង​សុន្ទរកថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ

ក្រុមអ្នកតវ៉ា ប្រឆាំងនឹង​ការតម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ បាន​ដើរ​កាត់​វិមាន​​សភា​រដ្ឋ​នៅ​ទីក្រុង Sacramento រដ្ឋកាលីហ្វ័រញ៉ា កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Joe Biden ​នឹង​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ថ្មី​មួយ​ប្រយុទ្ធ​ប្រឆាំងនឹងកំណើន​យ៉ាង​ខ្លាំង​នូវ​ជំងឺ​កូវីដ១៩ ​នៅ​ទូទាំង​ប្រទេស ​ក្នុង​សុន្ទរកថា​ដ៏​សំខាន់​មួយ​នៅ​សេតវិមាន​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

អ្នក​នាំពាក្យ​សេតវិមាន​លោក​ស្រី ​Jen Psaki ​បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា​ លោក ​Biden ​នឹង​ពន្យល់​វិធី​ ៦​យ៉ាង ​ដើម្បី​លើក​ទឹកចិត្ត​ពលរដ្ឋ​អាមេរិកាំង​កាន់តែ​ច្រើន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុសនេះ​ រួមមាន​ការ​ចូលរួម​របស់​ផ្នែក​ឯកជន​ផង​ដែរ។​

សុន្ទរកថា​របស់​លោក ​Biden ​ធ្វើ​ឡើង​នៅពេល​សហ​រដ្ឋ​អាមេរិក​កំពុង​ប្រឈម​កំណើន​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​អ្នកជំងឺ​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​ និង​ការ​ស្លាប់​បណ្តាល​មក​ពី​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ (Delta)​ដែល​ឆ្លង​ខ្លាំង​ ដែល​បាន​បន្ថយ​លទ្ធផល​ប្រឹងប្រែង​របស់​រដ្ឋបាល​លោក ​Biden អំឡុង​ប៉ុន្មាន​ខែ​ដំបូង​នៃ​ការ​កាន់តំណែង​របស់​លោក។​

ការឆ្លង​ថ្មី​ភាគ​ច្រើន​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ ​រួម​មាន​កំណើន​ការឆ្លង​យ៉ាង​ខ្លាំង​ដល់​ពួក​កូន​ក្មេង​ដែល​មិន​ទាន់​អាច​ចាក់​វ៉ាក់សាំង​បាន។​

បណ្ឌិត្យ​សភា​អាមេរិក​ផ្នែក​ពេទ្យ​កុមារ​បាន​បញ្ជាក់​ថា​ ករណី​ឆ្លង​ក្នុង​ចំណោម​កូន​ក្មេង​បាន​កើន​ឡើង​ដល់ ​៧៥០.០០០​ ករណី​ នៅចន្លោះ​ថ្ងៃ​ទី​៥ ​ខែ​សីហា​ និង​ថ្ងៃ​ទី២ ខែ​កញ្ញា។​

កំណើន​ការឆ្លង​ថ្មីៗ​បំផុត​នេះ ​បាន​ជំរុញ​ឲ្យ​មន្ទីរពេទ្យ​ និង​បុគ្គលិក​ថែទាំ​សុខភាព​នៅ​ទូទាំង​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​ហួស​លទ្ធភាព​ ដោយ​កន្លែង​សង្គ្រោះ​បន្ទាន់​ពោរពេញ​ទៅ​ដោយ​អ្នក​ជំងឺ​កូវីដ១៩ ​ហើយ​បាន​ធ្វើ​ឲ្យ​គាំង​ការ​ងើប​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​ចេញ​ពី​ការ​រាតត្បាត​ ដែល​ជា​គោលដៅ​ដ៏​សំខាន់​នៅ​ឆ្នាំ​ដំបូង​នៃ​ការកាន់​តំណែង​របស់​លោក​ប្រធានាធិបតី ​Biden៕​