ការបង្ហាញឡើងនូវគម្រោងចរចាសន្តិភាពជាមួយនឹងក្រុមមេដឹកនាំតាលីបង់ និងប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani នៅឯកន្លែងសម្រាកលំហែកាយ Camp David នៅសហរដ្ឋអាមេរិក និងការលុបចោលនូវការប្រជុំនេះគឺជាវិធានការគោលនយោបាយការបរទេសមិនធ្លាប់មានពីមុនមករបស់ថ្មីចុងក្រោយបំផុតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump។
លោក Trump បាននិយាយថា លោក Ghani និងក្រុមមេដឹកនាំតាលីបង់មានគម្រោងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃសៅរ៍កន្លងមកនេះ។
ទោះបីជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា លោក Trump «បានសម្រេចចិត្តត្រឹមត្រូវ» នៅក្នុងការលុបចោលការចរចាសន្តិភាពនេះជាមួយនឹងក្រុមមេដឹកនាំតាលីបង់ ដោយសារតែមានការវាយប្រហារជាបន្តរបស់ពួកភេរវជននៅក្នុងប្រទេសអាហ្វហ្គានីស្ថានក៏ដោយ ក៏សមាជិកសភាអាមេរិកាំងមកពីគណបក្សទាំងពីរបានបញ្ជាក់ថា ការប្រជុំនេះមិនគួរត្រូវបានគ្រោងឡើងឡើយ។
អ្នកស្រី Liz Cheney សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋបានសរសេរនៅលើ Twitter ថា៖ «កន្លែងលំហែកាយ Camp David គឺជាកន្លែងដែលថ្នាក់ដឹកនាំសហរដ្ឋអាមេរិកជួបប្រជុំគ្នាដើម្បីរៀបចំគម្រោងឆ្លើយតប បន្ទាប់ពីពួក al Qaeda ដែលគាំទ្រដោយពួកតាលីបង់ បានសម្លាប់ពលរដ្ឋអាមេរិកាំង ៣ ពាន់នាក់នៅថ្ងៃទី ១១ ខែកញ្ញា [ឆ្នាំ ២០០១]»។
សមាជិកព្រឹទ្ធសភាលោក Bob Monendez ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យជាន់ខ្ពស់នៃគណៈកម្មាធិការទំនាក់ទំនងការបរទេស បាននិយាយថា៖ «នេះគឺជាឧទាហរណ៍មួយទៀតនៃគោលនយោបាយការបរទេសរបស់រដ្ឋបាលលោក Trump ដែលជាទង្វើប្រឈមនឹងហានិភ័យខ្ពស់ ដែលនៅទីបំផុតគឺបង្ហាញឲ្យឃើញពីបុគ្គលិកលក្ខណៈរបស់លោក Trump មិនមែនបង្ហាញពីកិច្ចប្រឹងប្រែងបែបយុទ្ធសាស្ត្រហ្មត់ចត់នៃការបង្កើតសន្តិភាពនោះទេ»៕