សហរដ្ឋ​អាមេរិក​សន្យា​បង្កើន​ការធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​តាម​សាលារៀន ដើម្បី​ឲ្យ​សាលារៀន​នៅ​បើក​ដំណើរការ

រូបឯកសារ៖ កុមារ​ម្នាក់​ពាក់​ម៉ាស់​ការពារ​នៅ​ថ្ងៃ​បវេសនកាលដំបូង​នៅ​សាលារៀន​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់ Brooklyn ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៣ ខែ​កញ្ញា ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ខ្លួន​នឹង​បង្កើន​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​តាម​សាលារៀន​នានា ដើម្បី​ឲ្យ​សិស្ស​អាច​នៅ​បន្ត​រៀន​ក្នុង​ថ្នាក់​ដោយ​ផ្ទាល់​បាន​តទៅទៀត ស្របពេល​ដែល​សន្ទុះ​កើនឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ គំរាម​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​ពួកគេ​ដែល​អាច​ឲ្យ​ការ​សិក្សា​ត្រូវ​ប្តូរ​ទៅ​ធ្វើ​នៅ​តាម​អនឡាញ​វិញ។ នេះ ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

នៅ​ពេល​នេះ សាលារៀន​ប្រហែល ៤% នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​បាន​បិទ​ទ្វារ​ជា​ថ្មី​ម្ដងទៀត ដោយសារតែ​វីរុស​កូវីដ១៩ បំប្លែង​ថ្មី​អូមីក្រុង (Omicron) កំពុង​ឆ្លង​រាលដាល​នៅ​ទូទាំង​ប្រទេស ដែល​បាន​ឆ្លង​ដល់​សិស្ស គ្រូបង្រៀន និង​បុគ្គលិក​អប់រំ និង​បាន​បង្ខំ​ឲ្យ​សហជីព​គ្រូបង្រៀន​ចាត់​វិធានការ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត​ដើម្បី​បង្ការ​ការ​ឆ្លង។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ផ្ដល់​អាទិភាព​លើ​ការ​បន្ត​អនុញ្ញាត​ឲ្យ​សិស្ស​រៀន​ដោយ​ផ្ទាល់​នៅ​តាម​សាលារៀន​នៅ​ក្នុង​អំឡុងពេល​នៃ​ការ​កើនឡើង​ខ្លាំង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក Biden បាន​សន្យា​ឲ្យ​មាន​ការ​បន្ថែម​ការ​ធ្វើ​តេស្ត​ចំនួន ១០ លាន​ទៀត ក្នុង​មួយ​ខែ​ទាក់ទិន​នឹង​ជំងឺ​កូវីដ១៩ សម្រាប់​សាលារៀន​នានា​នៅក្នុង​សហរដ្ឋអាមេរិក។

សេតវិមាន​បាន​បញ្ជាក់​ថា៖ «ការ​ធ្វើ​តេស្ត​បន្ថែម​នេះ ​នឹង​ជួយ​ឲ្យ​សាលារៀន​មាន​សុវត្ថិភាព និង​អាច​បន្ត​ដំណើរការ​បង្រៀន​បាន»។

សេតវិមាន​បាន​បន្ថែម​ថា៖ «យើង​ដឹង​អំពី​របៀប​ដើម្បី​ធ្វើ​ឲ្យ​សិស្ស គ្រូបង្រៀន និង​បុគ្គលិក​អប់រំ មាន​សុវត្ថិភាព​នៅ​ក្នុង​សាលារៀន តាមរយៈ​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ និង​ដូសជំរុញ ការ​អនុវត្ត​ការ​ពាក់​ម៉ាស​ជា​ទូទៅ​នៅ​ក្នុង​សាលារៀន ការ​រក្សា​គម្លាត​ពីគ្នា ការ​ធ្វើ​ឲ្យ​មាន​ចរន្ត​ខ្យល់​ចេញ​ចូល​ល្អ និង​ការ​អនុវត្ត​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩»៕