សហរដ្ឋ​អាមេរិក​និង​ហ្វីលីពីន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​​ដ៏​ធំ​បំផុត​របស់​ខ្លួន

ទាហាន​ហ្វីលីពីន និង​ទាហាន​សហរដ្ឋ​អាមេរិក​​គោរព​ភ្លេង​ជាតិ​ ក្នុង​អំឡុងពេល​នៃ​ពិធី​សម្ពោធ​​សមយុទ្ធ​យោធា Balikatan នៅ​ជំរំ Camp Aguinaldo ទីក្រុង Quezon ប្រទេស​ហ្វីលីពីន ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ (REUTERS/Lisa Marie David)

ប្រទេស​ហ្វីលីពីន​និង​សហរដ្ឋ​អាមេរិក ចាប់​ផ្តើម​សមយុទ្ធ​យោធា​រួម​គ្នា​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​កំពុង​ផ្តល់​សញ្ញា​នៃ​ការ​បង្កើន​ចំណង​ទាក់ទង​វិស័យ​ការពារ​ប្រទេស​នៅ​ពេល​ដែល​មាន​ភាព​តានតឹង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

សមយុទ្ធ​នេះ​ជា​លើក​ចុង​ក្រោយ​នៅ​ក្រោម​ប្រធានាធិបតី Rodrigo Duterte ដែល​នឹង​ត្រូវ​ចេញ​ពី​តំណែង​ ដែល​កាលពី​ពេល​មុន​បាន​គំរាម​កំហែង​លុបចោល​សមយុទ្ធ​និង​កិច្ចព្រមព្រៀង​យោធា​ដ៏​សំខាន់​ជាមួយ​សហរដ្ឋ​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​យូរ​អង្វែង​នៅ​ពេល​ដែល​លោក​ងាក​ទៅរក​ប្រទេស​ចិន។

ទាហាន​ហ្វីលីពីន​និង​អាមេរិកាំង​ជិត៩ពាន់​នាក់ នឹង​ចូលរួម​ក្នុង​ពិធី​ហ្វឹកហាត់​រយៈពេល១២ថ្ងៃ​នៅ​លើ​កោះ Luzon ដែល​ជា​កោះ​ដ៏​សំខាន់​មួយ​ដែល​ធម្មតានេះជា​សមយុទ្ធ​ប្រចាំ​ឆ្នាំ​មួយ ក៏ប៉ុន្តែ ត្រូវ​បាន​លុបចោល​ឬ​កាត់បន្ថយ​ក្នុង​អំឡុង​ពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ១៩។

មេបញ្ជាការ​យោធា​ហ្វីលីពីន​ឧត្តមសេនីយ៍ Andres Centino បាន​និយាយ​នៅឯ​ពិធី​បើក​សមយុទ្ធ​ក្នុង​ទីក្រុង​ម៉ានីល​ថា សមយុទ្ធ​យោធា Balikatan ដ៏​ធំ​បង្អស់​មួយ​បាន​ឆ្លុះ​បញ្ចាំង​ពី«សម្ព័ន្ធភាព​ដ៏​ជ្រាលជ្រៅ»រវាង​ប្រទេស​ទាំង២។

ឧត្តមសេនីយ៍​ទោ​សហរដ្ឋ​អាមេរិក​លោក Jay Bargeron បាន​និយាយ​ថា៖ «មិត្តភាព​និង​ការ ទុកចិត្ត​គ្នា»រវាង​កងកម្លាំង​ប្រដាប់​អាវុធ​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ«ទទួល​បាន​ជោគជ័យ​ជាមួយ​គ្នា​នៅ​ក្នុង​កិច្ចប្រតិបត្តិការ​យោធា​ទាំង​មូល»។

សមយុទ្ធនេះ​នឹង​គ្របដណ្តប់​លើ​សន្តិសុខ​នាវាចរណ៍ កិច្ចប្រតិបត្តិការ​កងទ័ព​ជើង​ទឹក ការ ហ្វឹកហាត់​បាញ់​គ្រាប់​ពិតៗ ការប្រឆាំង​ភេរវកម្ម ជំនួយ​ផ្នែក​មនុស្សធម៌​និង​ផ្តល់​ជំនួយ​គ្រោះ​មហន្តរាយ។

សមយុទ្ធនៅពេល​ថ្មីៗនេះ​រវាង​ប្រទេស​ទាំង២ បាន​ផ្តោតលើ​ជម្លោះ​ដ៏​ខ្លាំង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ទាមទារ​ស្ទើរ​តែ​ទាំង​មូល។

ចាប់តាំង​ពី​ចូល​កាន់​អំណាច​ក្នុង​ឆ្នាំ២០១៦មក លោក​ប្រធានាធិបតី Duterte បាន​ខិត​កាន់តែ​ជិត​ទៅនឹង​ប្រទេស​ចិន ក៏ប៉ុន្តែ បាន​ប្រឈម​ការរិះគន់​ពី​សាធារណជន​ហ្វីលីពីន​និង​ក្តីកង្វល់​ក្នុង​ការប្រយ័ត្ន​ប្រយែង​ខាង​យោធា​នៃ​មហិច្ឆតា​ទឹកដី​របស់​ខ្លួន​នៅ​ក្នុង​ដែន​ទឹក។

ពាណិជ្ជកម្ម​ដែល​មាន​ទឹក​ប្រាក់​រាប់​លានលាន​ដុល្លារ​ បាន​ឆ្លង​កាត់​សមុទ្រ​យុទ្ធសាស្ត្រ​នេះ ហើយ​សមុទ្រ​នេះ​ត្រូវ​បាន​គេ​គិត​ថា​ មាន​ប្រេង​កាត​ដែល​ជា​ប្រភព​នៃ​ការប៉ះទង្គិច​គ្នា​ជា​រឿយៗនៅ​ក្នុង​តំបន់​នេះ។

ប្រទេស​ចិន ​មិន​អើពើលើ​ការសម្រេច​ក្នុងឆ្នាំ២០១៦​ ដោយ​តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ឡាអេ​ប្រទេស​ហូឡង់​ថា ការទាមទារ​ផ្អែក​លើ​ប្រវត្តិសាស្ត្រ​របស់​ចិន​មិន​មាន​មូលដ្ឋាន​ត្រឹមត្រូវ៕