កងកម្លាំងយោធាសហរដ្ឋអាមេរិកនិងកងកម្លាំងយោធាហ្វីលីពីនបានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នាមួយនៅថ្ងៃអង្គារនេះ ទោះបីជាមានមន្ទិលសង្ស័យមួយចំនួនចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរកើតឡើងក៏ដោយ។ ការធ្វើសមយុទ្ធនេះធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterteបាននិយាយថា ការធ្វើសមយុទ្ធនេះគឺជាការធ្វើសមយុទ្ធលើកចុងក្រោយរវាងប្រទេសទាំងពីរ នៅក្នុងអាណត្តិប្រធានាធិបតីរបស់លោករយៈពេល ៦ ឆ្នាំ ទៅមុខ។
សមយុទ្ធយោធានេះមានការចូលរួមពី ទាហានសហរដ្ឋអាមេរិកចំនួន ១,១០០នាក់ និងទាហានហ្វីលីពីនចំនួន ៤០០នាក់។
មេបញ្ជាការកងទ័ពនាវាមុជទឹកមកពីប្រទេសទាំងពីរ បាននិយាយនៅក្នុងពិធីបើកការធ្វើសមយុទ្ធនេះថា ការធ្វើសមយុទ្ធនេះមានគោលបំណងពង្រឹងការប្រុងប្រៀបរួចជាស្រេចរបស់ប្រទេសទាំងពីរ ដើម្បីឆ្លើយតបទៅនឹងវិបត្តិជាច្រើនដែលអាចនឹងកើតឡើង ហើយក៏មានគោលបំណងដើម្បីពង្រឹងចំណងទាក់ទងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោក Duterte បាននិយាយកាលពីសប្តាហ៍មុនថា ការធ្វើសមយុទ្ធលើកនេះគឺជាការធ្វើសមយុទ្ធលើកចុងក្រោយនៅក្នុងអាណត្តិរបស់លោកជាប្រធានាធិបតីហ្វីលីពីន។ ប៉ុន្តែលោករដ្ឋមន្ត្រីការបរទេសហ្វីលីពីនក្រោយមកបានថា ការលើកឡើងរបស់លោក Duterte មិនទាន់ជាការសម្រេចចិត្តចុងក្រោយនោះទេ។
មន្ត្រីស្ថានទូតអាមេរិកនៅក្នុងប្រទេសហ្វីលីពីនថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនទាន់ទទួលបានព័ត៌មានបញ្ជាក់ជាផ្លូវការពីរដ្ឋាភិបាលហ្វីលីពីននៅឡើយទេចំពោះបញ្ហានេះ។
ការវិវត្តន៍ដូចអ្វីដែលប្រធានាធិបតីហ្វីលីពីនលើកឡើងនេះ អាចរារាំងដល់គម្រោងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅក្នុងការពង្រីកវត្តមានរបស់កងកម្លាំងយោធាអាមេរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីតទល់ជាមួយនឹងប្រទេសចិន៕