សហរដ្ឋអាមេរិក​បើក​ចំហរ​ការ​ចរចា​ពាណិជ្ជកម្ម​ជាមួយ​ចិន​ បើទោះបី​ជា​អាច​មាន​ការ​កំណត់​ពន្ធគយ​ថ្មី​ក៏​ដោយ

លោក Larry Kudlow នាយក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​អង្គការ Economic Club of New York កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

កាល​ពី​ថ្ងៃចន្ទ​សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា​ខ្លួន​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសចិន​ នៅ​ពេលណា​ដែល​រដ្ឋាភិបាល​ក្រុងប៉េកាំង​យល់ព្រម​បើក​កិច្ចចរចា​នេះ​ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ក៏​បាន​រៀបចំ​ដាក់​ពន្ធគយ​ជា​ថ្មី​ទៅលើ​ទំនិញ​របស់​ចិន​បន្ថែម​ទៀត​ដែល​មាន​តម្លៃ​២០០ពាន់​លាន​ដុល្លារ។

លោក Larry Kudlow ទីប្រឹក្សា​សេដ្ឋកិច្ច​ប្រចាំ​សេតវិមាន​បាន​ប្រាប់​អង្គការ Economic Club of New Yorkថា «យើង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ចរចា​ និង​ពិភាក្សា​ជាមួយ​ចិន​នៅ​ពេលណា​ដែល​គេ​យល់ព្រម​ចរចា​ជាមួយ​យើង​ដើម្បី​ឆ្ពោះ​ទៅ​រក​ពាណិជ្ជកម្ម​សេរី​ កាត់បន្ថយ​ពន្ធគយ​ និង​ដក​របាំង​ពន្ធគយ​ចេញ​ បើកចំហរ​ទីផ្សារ អនុញ្ញាត​ឲ្យ​មាន​ការប្រកួតប្រជែង​សេដ្ឋកិច្ច​ពិភពលោក​ ដើម្បី​ឲ្យ​យើង​អាច​នាំ​ចេញផ​លិតផល ​និង​សេវាកម្ម​បន្ថែម​ទៀត​ចូល​ទៅ​ប្រទេសចិន»។

ក៏ប៉ុន្តែ​លោក Kudlow ក៏​បាន​ថ្លែង​បន្ថែម​ផងដែរ​ថា​ លោក​រំពឹង​ថា​សហរដ្ឋអាមេរិក​ក្នុង​ពេល​ឆាប់ៗ​នេះ​នឹង​ដាក់​ពន្ធគយ​ថ្មី​ចំនួន១០ភាគរយ​ទៅលើ​ទំនិញ​របស់​ចិន​បន្ថែម​ទៀត​ដែល​រួមមាន​គ្រឿងអេឡិចត្រូនិក​ គ្រឿងសមុទ្រ​ គ្រឿងសង្ហារឹម​ សំបកកង់​ និង​សារធាតុគីមី​ជាដើម។

ប្រទេសចិន​កាល​ពី​សប្តាហ៍​មុន​បាន​ប្រកាស​ថា​ ខ្លួន​ស្វាគមន៍​ជានិច្ច​ចំពោះ​លទ្ធភាព​នៃ​ការចរចា​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​សហរដ្ឋអាមេរិក​ ប៉ុន្តែ​យោងតាម​សារព័ត៌មាន​ Bloomberg បាន​រាយការណ៍​ថា​រដ្ឋាភិបាល​ក្រុងប៉េកាំង​អាច​បញ្ឈប់​ការចរចា​ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​យក​ពន្ធគយ​ថ្មីបន្ថែម​លើ​ទំនិញ​ចិន​ដែល​បាន​ដាក់​រួច​ទៅ​ហើយ​នោះ៕