អាមេរិក​និយាយ​ថា ​ខ្លួន​អាច​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​ដែល​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់​នៅ ​Mosul

លោក​ឧត្ដមសេនីយ៍ឯក ​Stephen Townsend (ស្តាំពាក់​វ៉ែនតា) និយាយ​ទៅ​កាន់​មន្ត្រី​អ៊ីរ៉ាក់​ក្នុង​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​ភាគ​ខាង​ត្បូង​ទីក្រុង​បាកដាដ​កាល​ពី​ខែ​កុម្ភៈ។

មេបញ្ជាការ​កងកម្លាំង​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ និយាយ​ថា យោធា​អាមេរិក​ទំនង​ជា​អាច​ពាក់ព័ន្ធ​នឹង​ការវាយ​ប្រហារ​ផ្លូវ​អាកាស​នៅ​ក្នុង​ទីក្រុង Mosul​ ដែល​សាក្សី​និយាយ​ថា​បាន​សម្លាប់​ជនស៊ីវិល​អស់​ប្រហែល​១០០​នាក់​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មីនា​កន្លង​ទៅ​នេះ។

លោក​ឧត្ដមសេនីយ៍ឯក ​Stephen Townsend ដែល​ជា​មេបញ្ជាការ​ដឹកនាំ​ការវាយ​ប្រហារ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​កិច្ចពិភាក្សា​តាម​ទូរស័ព្ទ​ពី​ទីក្រុង​បាកដាដ​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «ដោយ​សារ​យើង​វាយ​ប្រហារ​ទៅ​លើ​តំបន់​នោះ ខ្ញុំ​គិត​ថា វា​អាច​ទៅ​រួច​ដែល​យើង​បាន​ធ្វើ​វា‍»។

លោក ​Townsend បាន​មាន​ប្រសាសន៍​ថា មេដឹកនាំ​យោធា​អ៊ីរ៉ាក់​ «ជឿ​ជាក់​‍» ថា ជនស៊ីវិល​ត្រូវ​បាន​ក្រុម​រដ្ឋឥស្លាម​ប្រមូលផ្តុំ​មុន​ពេល​ធ្វើ​ការវាយ​ប្រហារ ដែល​អាច​ដើម្បី​ទាញ​ក្រុម​សម្ព័ន្ធមិត្ត​ឲ្យ​ជាប់​អន្ទាក់​ដើម្បី​សម្លាប់​ជនស៊ីវិល ឬ​ក៏​អាច​ប្រើប្រាស់​មនុស្ស​ជា​របាំង​ការពារ​របស់​ក្រុម​ជ្រុល​និយម‍។

លោក Townsend បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «យើង​ដឹង​ថា ក្រុម​រដ្ឋ​ឥស្លាម​កំពុង​វាយប្រហារ​ពី​តំបន់​នោះ ពី​អគារ​នោះ ហើយ​មាន​មនុស្ស​ជាច្រើន​ដែល​យើង​ឆ្ងល់​ថា​ហេតុអ្វី​បាន​ជា​ពួកគេ​នៅ​ទីនោះ។ ពួកគេ​មិន​អាច​នៅ​ទី​នោះ ទេ​បើ​សិន​មិន​ត្រូវ​បាន​បង្ខំ»៕