មន្ត្រីស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញបានប្រកាសប្តេជ្ញារកទាហានអាមេរិកាំង ដែលបានបាត់ខ្លួនក្នុងសង្គ្រាមនៅប្រទេសកម្ពុជា ដោយបានសំដៅដល់ក្រុមប្រយុទ្ធម៉ាយ៉ាហ្គេស (Mayaguez) ដែលអ្នកចងក្រងឯកសារទាក់ទិនជម្លោះនៅកម្ពុជា បានឱ្យដឹងថា ក្រុមនេះបានប្រយុទ្ធគ្នាជាមួយទាហានខ្មែរក្រហមនៅដែនកោះមួយ ស្ថិតនៅចម្ងាយ ៥២ គីឡូម៉ែត្រពីក្រុងព្រះសីហនុ។
នៅក្នុងការអបអរទិវាអ្នកសេ្នហាជាតិ និងទិវាបម្រើជាតិ ដើម្បីគោរពចំពោះឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសមរភូមិ និងអ្នកដែលបានបាត់បង់ជីវិតក្នុងការវាយប្រហារភេរវកម្មនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ក្រុមមន្ត្រីអាមេរិកបានធ្វើសេចក្តីថ្លែងការណ៍មួយចំនួន ដោយបានលើកឡើងពីក្រុមប្រយុទ្ធម៉ាយ៉ាហ្គេសផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញបង្ហោះលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក។
ក្រុមមន្ត្រីអាមេរិកដែលចូលរួមក្នុងទិវាកាលពីថ្ងៃពុធ រួមមានលោកវរសេនីយ៍ទោ Aaron Thomas មេបញ្ជាការក្រុមមកពីទីភ្នាក់ងារទទួលបន្ទុកកិច្ចការឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនសហរដ្ឋ អាមេរិក ហើយនិងអ្នកស្រីភារធារីស្ថានទូត Bridgette Walker និងលោក Jack Farrell មេបញ្ជាការនៃអតីតយុទ្ធជនក្នុងសង្រ្គាមនៅបរទេស និងមកពីបញ្ជាការដ្ឋាននៃអតីតយុទ្ធជនក្នុងតំបន់ប៉ាស៊ីហ្វិកនិងក្រុមប្រយុទ្ធ Mayaguez នៅបរទេស។
លោកឧត្តមសេនីយ៍ ជុំ សូយ៉ាត អនុប្រធាននៃគណៈកម្មាធិការកម្ពុជាទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួន សមាជិកដទៃទៀតរបស់គណៈកម្មាធិការអតីតយុទ្ធជន និងតំណាងអង្គទូតនានាក៏បានចូលរួមក្នុងទិវានោះផងដែរ។
អ្នកស្រីភារធារី Walker ត្រូវបានគេស្រង់សម្តីក្នុងសេចក្តីប្រកាសនោះថា៖ «ថ្ងៃនេះ យើងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការស្វែងរកអ្នកដែលបាត់ខ្លួន ចងចាំអ្នកដែលបានស្លាប់ និងគោរពចំពោះអ្នកដែលបានបាត់បង់ជីវិតក្នុងការការពារជាតិ»។
អ្នកស្រីបន្ថែមថា៖ «ស្ថានទូតរបស់យើង ទីភ្នាក់ងារទទួលបន្ទុកកិច្ចការឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនសហរដ្ឋអាមេរិក និងដៃគូកម្ពុជារបស់យើងនឹងបន្តធ្វើការដោយមិនគិតការនឿយហត់ដើម្បីផ្តល់ព័ត៌មាន ហើយសង្ឃឹមថានឹងផ្តល់ការបិទបញ្ចប់ដល់គ្រួសាររបស់បុគ្គលិកយោធាចំនួន៤៨នាក់ ដែលស្ថិតនៅក្នុងបញ្ជីនៃយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាមនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅឡើយ»។
ម៉ាយ៉ាហ្គេស (Mayaguez) គឺជាឈ្មោះរបស់ក្រុមហ៊ុនឯកជនអាមេរិកមួយដែលជាម្ចាស់កប៉ាល់ធំមួយដែលបានដឹកទំនិញសម្ភារៈរបស់ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងសៃហ្គន នៃវៀតណាមខាងត្បូង ហើយត្រូវបានស្ទាក់ចាប់ដោយកងទ័ពខ្មែរក្រហមនៅឆ្នាំ ១៩៧៥។
ការស្ទាក់ចាប់កប៉ាល់នោះបានបង្កឱ្យមានការវាយប្រយុទ្ធគ្នារវាងទាហានខ្មែរក្រហម និងអាមេរិកនៅលើកោះតាងក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា បណ្តាលឱ្យទាហានអាមេរិកចំនួន ១៨ នាក់ បានស្លាប់ក្នុងការវាយប្រយុទ្ធនោះ។ ទាហានខ្មែរក្រហមមួយចំនួនក៏បានស្លាប់ក្នុងហេតុការណ៍វាយប្រហារដែលមានរយៈពេល ១៤ ម៉ោង កាលពីខែឧសភា ឆ្នាំ ១៩៧៥។ នេះបើតាមឯកសារចងក្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការពារជាតិលោកនាយឧត្តមសេនីយ៍ឈុំ សុជាត តាមតេឡេក្រាមតែគ្មានការឆ្លើយតប។
អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Wesley Holzer ប្រាប់សំឡេងសហរដ្ឋអាមេរិក(វីអូអេ) តាមសារអ៊ីមែលនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកពេញចិត្តនឹងកិច្ចសហការដើម្បីផ្តល់បុព្វហេតុចំពោះរាល់ការបាត់ខ្លួនបុគ្គលជាជាតិអាមេរិក ដែលរួមមានសមាជិក គ្រប់ផ្នែកនៃការកងកម្លាំងប្រដាប់អាវុធ មន្ត្រីរដ្ឋាភិបាលស៊ីវិលអាមេរិក និងអ្នកកាសែត។
លោកបន្ថែមថា៖ «កិច្ចសហការកម្ពុជា និងអាមេរិកលើការរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន POW/MIA ត្រូវបានចាត់ទុកថា ជាកិច្ចការដែលផ្តល់លទ្ធផលយ៉ាងច្រើនក្នុងភាពជាដៃគូនៃការរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន POW/MIA នៅក្នុងតំបន់»។
បើតាមលោក Wesley Holzer គិតមកដល់ពេលនេះ ពលរដ្ឋអាមេរិកាំង៤៨នាក់ក្នុងចំណោម ៩០ នាក់ ដែលចាត់ទុកថា បានបាត់ខ្លួននៅកម្ពុជា គឺក្នុងឆ្នាំ ១៩៧៥ នៅតែមិនទាន់ដឹងថា ពួកគេនៅរស់ឬយ៉ាងណាទេ។ តាមរយៈទីភ្នាក់ងារកំណត់ចំនួននៃការរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន POW/MIA (DPAA) សហរដ្ឋអាមេរិកបានធ្វើការជាមួយដៃគូជាច្រើននៅកម្ពុជាដើម្បីសម្រេចឱ្យបាននូវទិន្នន័យពេញលេញបំផុតមួយតាមដែលអាចធ្វើទៅបាននៃពលរដ្ឋអាមេរិកាំងដែលមិនដឹងថា នៅរស់ ឬក៏មានអ្វីកើតឡើងចំពោះពួកគេនៅកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍។
ចាប់តាំងពីឆ្នាំ ១៩៨០ មក កម្ពុជាបានអនុវត្តប្រតិបត្តិការរុករកអដ្ឋិធាតុរបស់ទាហានអាមេរិកដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមអាមេរិក-វៀតណាម កាលពីទសវត្សរ៍ឆ្នាំ ១៩៧០។
កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ ២០១៨ លោក ហ៊ុន សែន ដែលពេលនោះជានាយករដ្ឋមន្ត្រី បានប្រកាសផ្អាកការរុករកអដ្ឋិធាតុទាហានអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលបានសម្រេចផ្អាកការចេញទិដ្ឋាការប្រភេទមិនមែនអន្តោប្រវេសន៍ ឲ្យមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា។
ប៉ុន្តែមួយខែក្រោយមកគឺក្នុងខែតុលា ឆ្នាំ ២០១៨ ដដែលនោះ លោក ហ៊ុន សែន ក៏បានបើកឱ្យមានប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកក្នុងប្រទេសកម្ពុជាឡើងវិញ។ នាពេលនោះ លោក ហ៊ុន សែនបានបញ្ជាក់ក្នុងលិខិតមួយផ្ញើជូនអ្នកធ្វើច្បាប់អាមេរិកពីររូបថា កម្ពុជាតែងមានបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ជាមួយសហរដ្ឋអាមេរិក ដោយឈរលើមូលដ្ឋានផលប្រយោជន៍រួមនិងគោរពគ្នាទៅវិញទៅមក។
ការផ្អាកទៅវិញទៅមកនេះក៏បានកើតឡើងចំពេលដែលទំនាក់ទំនងរបស់កម្ពុជា និងអាមេរិកកាន់តែមានភាពយ៉ាប់យ៉ឺន ទន្ទឹមនឹងទំនាក់ទំនងកម្ពុជានិងចិនកាន់តែមានភាពស្អិតល្មួត។
យ៉ាងណាក៏ដោយ កាលពីឆ្នាំ ២០២៣ រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រាប់អតីតឯកអគ្គរដ្ឋទូតអាមេរិកលោក W. Patrick Murphy ថា រដ្ឋាភិបាលទីក្រុងភ្នំពេញបានយកចិត្តទុកដាក់ខ្ពស់ក្នុងបេសកកម្មស្រាវជ្រាវ និង ជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួនឬ POW/MIA ហើយបានកែសម្រួលក្រុមការងារដើម្បីសម្រេចបេសកកម្មនេះឱ្យបានរហ័សទាន់ពេល និងប្រកបដោយកាយវិការនៃការគោរព និងស្រឡាញ់ចំពោះក្រុមគ្រួសារនៃយុទ្ធជនដែលបានបាត់ខ្លួន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក៕