វ៉ាស៊ីនតោន — នៅពេលដែលពលបាល អាល់ បេលី (Al Baily) អតីតទាហានម៉ារីនរបស់សហរដ្ឋអាមេរិក រៀបរាប់ពីការវាយប្រយុទ្ធគ្នានៅក្នុងដែនសមុទ្រនៃប្រទេសកម្ពុជា កាលពីជិត៤៥ឆ្នាំមុន ភ្នែករបស់លោកបើកធំៗហាក់បីដូចជាព្រឹត្តិការណ៍នោះនៅស្រស់ៗនឹងភ្នែក ហើយសំឡេងរបស់លោកបង្ហាញភាពក្តុកក្តួល នៅពេលដែលលោករំលឹកដល់អតីតយុទ្ធមិត្តរួមអាវុធដែលបានពលីជីវិត។
នៅក្នុងបទសម្ភាសជាមួយវីអូអេ កាលពីខែតុលា ឆ្នាំមុន លោកពលបាល អាល់ បេលី បានបញ្ជាក់ថា៖ «ខ្ញុំពិបាកទទួលយកថា ហេតុអ្វីបានជារឿងនោះកើតឡើងចំពោះពួកគេ? ហេតុអ្វីខ្ញុំនៅរស់? ហេតុអ្វីពួកគេស្លាប់។ ម៉េចក៏ខ្ញុំមិនស្លាប់ទៅ?»។
ការវាយប្រយុទ្ធគ្នានោះបានកើតមានឡើង នៅលើកោះតាង ក្បែរក្រុងព្រះសីហនុ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ១៩៧៥ គឺមានរយៈពេលជិតមួយខែ ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យរបស់ក្រុមខ្មែរក្រហមដែលក្រុងប៉េកាំងគាំទ្រ បានឡើងកាន់អំណាច ក្រោយពីផ្តួលរំលំរបបយោធាមួយដែលគាំទ្រដោយសហរដ្ឋអាមេរិក។
នោះគឺជាប្រតិបត្តិការសឹកដើម្បីរំដោះកប៉ាល់ម៉ាយ៉ាហ្កេ (SS Mayaguez) ដែលក្រុមទាហានជើងទឹកខ្មែរក្រហមបានចាប់យកពីដែនសមុទ្រអន្តរជាតិ កាលពីថ្ងៃទី១២ ខែឧសភា។ នាវានោះដឹកទំនិញចំនួន ២៧៤កុងទីន័រ ក្នុងនោះមាន ៧៧កុងទីន័រ ជារបស់រដ្ឋាភិបាលនិងយោធាអាមេរិក។ សម្ភារៈនោះត្រូវបានយកចេញពីស្ថានទូតអាមេរិកាំង ក្នុងទីក្រុងព្រៃនគរ កាលពី៩ថ្ងៃ មុនពេលសង្គ្រាមវៀតណាមបានបញ្ចប់នៅថ្ងៃទី៣០ ខែមេសា។
ប្រតិបត្តិការនោះប្រើប្រាស់ទាហានម៉ារីន ១៧៩នាក់ និងឧទ្ធម្ភាគចក្រចំនួន ៨គ្រឿង ដោយចេញពីមូលដ្ឋានយោធាអូតាប៉ាវ ដែលស្ថិតនៅក្នុងប្រទេសថៃ។
លោកពលបាល អាល់ បេលី ដែលបានបម្រើនៅក្នុងកងអនុសេនាតូចលេខ Golf 2/9 បានរៀបរាប់ព្រឹត្តិការណ៍នោះឡើងវិញថា៖ «ខ្ញុំជិះលើឧទ្ធម្ភាគចក្រដំបូងដែលហោះទៅដល់។ កាលពីនៅមូលដ្ឋានទ័ពអូតាប៉ាវ គេប្រាប់យើងថា មានអ្នកនេសាទកម្ពុជាមួយក្រុមនៅលើកោះនោះ ដូច្នេះនឹងមិនមានការតដៃខ្លាំងក្លាទេ។ ប៉ុន្តែការពិតបែរជាមានទាហានមួយកងវរៈសេនាតូច។ ពួកគេបានហ្វឹកហ្វឺនល្អ ហើយប្រយុទ្ធខ្លាំង។ គ្រាន់តែពេលឧទ្ធម្ភាគចក្រចុះចតភ្លាម ពួកគេបាញ់ស្រោចគ្រប់កាំភ្លើងដែលពួកគេមាន។ ហើយឧទ្ធម្ភាគចក្រនោះប្រហែលជាត្រូវគ្រាប់ ២ឬ៣រយគ្រាប់។ លោកមេបញ្ជាការបានបញ្ជាឱ្យពួកយើងលោតចេញពីឧទ្ធម្ភាគចក្រ»។
ឧទ្ធម្ភាគចក្រដែលលោក អាល់ បេលី ជិះបានត្រូវគ្រាប់ធ្លុះធ្លាយដែលពន្លឺថ្ងៃបានចាំងធ្លាយពីជ្រុងម្ខាងទៅម្ខាងទៀត។ វាពិបាកហោះត្រឡប់ទៅវិញ ហើយបានធ្លាក់ទៅក្នុងសមុទ្រចម្ងាយជាងមួយគីឡូម៉ែត្រពីកោះតាង។
ការប្រយុទ្ធនៅលើដីជាលើកដំបូង គឺមានទាហានអាមេរិកាំងចំនួន ២០នាក់ទល់នឹងទាហានខ្មែរក្រហមមួយកងវរៈសេនាតូច។ នេះបើតាមការរំលឹកឡើងវិញរបស់លោក អាល់ បេលី។
លោកបានបន្ថែមថា៖ «យើងប្រយុទ្ធគ្នាមួយម៉ោងមុនពេលឧទ្ធម្ភាគចក្របន្ទាប់បានមកដល់។ មួយម៉ោងនោះហាក់បីដូចជាមួយឆ្នាំអីចឹង»។
ភាគីទាំងសងខាងនៅឃ្លាតគ្នាចម្ងាយប្រហែល៣០ម៉ែត្រប៉ុណ្ណោះ។ ទាហានអាមេរិកាំងបានរងរបួសជាច្រើន ហើយពួកគេមានឱកាសចូលពួនក្នុងព្រៃ នៅពេលឧទ្ទម្ភាគចក្រទីពីរបានហោះមកដល់ដោយពួកខ្មែរក្រហមងាកមកបាញ់ឧទ្ធម្ភាគចក្រនោះម្តង។
លោក អាល់ បេលី បន្ទោសលើការផ្តល់ព័ត៌មានស៊ើបការណ៍មិនបានល្អ។
«វាជាព័ត៌មានស៊ើបការណ៍ខ្សោយ ព្រោះពួកគេជាអ្នកប្រយុទ្ធជើងចាស់។ ពួកគេគួរតែបញ្ជូនកម្លាំងស៊ើបការណ៍ជាមុន ដើម្បីឱ្យដឹងថាមានអ្វីខ្លះនៅទីនោះ ប៉ុន្តែពួកគេមិនបានធ្វើដូច្នោះទេ»។
ប៉ុន្តែ នៅក្នុងស្ថានការណ៍អាក្រក់នោះ ហើយដែលលេចចេញនូវវីរៈបុរសសង្គ្រាមដែលបានជួយបញ្ចៀសស្ថានការណ៍ដោយសារតែទាហានទាំងនោះសុទ្ធតែក្មេងៗ ដែលមានវ័យ២០ឆ្នាំប៉ុណ្ណោះ ហើយការប្រយុទ្ធនោះគឺជាលើកដំបូងរបស់ពួកគេ។
លោក អាល់ បេលី បានរំលឹកថា៖ «យូរៗម្តង កងយន្តហោះបានបាញ់ដើម្បីជួយដល់ទាហានដែលនៅលើដី នៅមុនពេលដែលឧទ្ធម្ភាគចក្រទី២ និងទី៣មកដល់។ នៅឧទ្ធម្ភាគចក្រទី៣នោះហើយដែលលោកពលបាលឯក ហ្វូហ្វូ ទូតេឡេ (Fofo Tuitele) នៅជិះលើនោះ ហើយពេលគាត់មកដល់រលកនៃការប្រយុទ្ធបានផ្លាស់ប្តូរវិញ»។
លោក អាល់ បេលី បានបន្ថែមថា ពួកទាហានម៉ារីនទាំងនោះកំពុងតែហ្វឹកហ្វឺនមិនទាន់ចប់សព្វគ្រប់នៅឡើយទេ ដូច្នេះនៅពេលដែលលោកពលបាលឯក ទូតេឡេ មកដល់ គឺបានផ្តល់ទំនុកចិត្តដល់ពួកគេ ប្រៀបបីដូចជា«ទាហានអាវក្រោះ»ដូច្នោះដែរ។
លោក អាល់ បេលី បានបន្ថែមថា៖ «ពេលនោះលោកអនុសេនីយ៍ទោរបស់ខ្ញុំបានបញ្ជាឱ្យលោកពលបាលឯក ទូតេឡេ ទៅកម្ចេចកាំភ្លើងយន្តនៅទំតាំងខាងលើយើង។ គាត់ទទួលបញ្ជា ហើយប្រាប់ពួកខ្ញុំថា បើមានពួកខ្មាំងចេញតាមច្រកនេះ គឺត្រូវបាញ់សម្លាប់ទៅ។ មានផ្លូវមួយពីឆ្នេរខាងកើតទៅខាងលិច ហើយលោកទូតេឡេបានចេញទៅឆៀងខាងលិច ហើយព័ទ្ធចុះមកវិញ។ រយៈពេល១០នាទី ក្រោយមកកាំភ្លើងយន្តនោះបានស្ងាត់សំឡេង។ បើតាមខ្ញុំដឹងគឺកាំភ្លើងនោះមានអ្នកបាញ់បីនាក់។ ១០នាទីបន្ទាប់ទៀត ទីតាំងកំាភ្លើងយន្តមួយទៀតស្ងាត់សំឡេងដែរ។ ខ្ញុំមើលគាត់ចូលទៅហើយតាមមើលគាត់ចេញពីព្រៃមកវិញ»។
លោក ហ្វូហ្វូទូតេឡេ បានធ្វើប្រតិបត្តិការរហ័សនេះតែម្នាក់ឯង។
លោក អាល់ បេលី បានបន្ថែមថា៖ «គាត់ទៅលើកទី២ដោយកាន់កំាភ្លើងផ្លោង ហើយបាញ់ដាក់ទីតាំងមួយទៀត។ ជាសរុបមក គឺគាត់បានបាញ់កម្ទេចទីតាំងកាំភ្លើងយន្តចំនួនបី។ ខ្ញុំតាមមើលគាត់ទៅទាំងពីរលើក។ លើកទីមួយ គាត់ចេញមកវិញ មានកាំភ្លើងអាការ ៤៧ ចំនួនពីរដើម មានស្បែកជើងជាច្រើនគូ ដែលមើលទៅដូចជាលោកតា សាន់តាខ្លស (Santa Claus)។ ពេលការបាញ់គ្នាស្ងប់ស្ងាត់បន្តិច ហើយពួកខ្មាំងប្រមូលគ្នា ហើយពួកយើងក៏ប្រមូលគ្នា គាត់ក៏ចែកចាយជយភណ្ឌនោះដល់ពួកយើងជាអនុស្សាវរីយ៍ ប្រៀបដូចជាលោក សាន់តាខ្លស អីចឹង»។
លោកប្រធានាធិបតីអាមេរិក ហ្សេរ៉ល ហ្វដ (Gerald Ford) បានបញ្ជាឱ្យធ្វើប្រតិបត្តិការយោធានោះដើម្បីសង្គ្រោះក្រុមនាវិកនិងនាវាដឹកទំនិញនោះ ហើយការប្រយុទ្ធរយៈពេល១៤ម៉ោងដែលបានចាប់ផ្តើមតាំងពីព្រលឹមអុរ រហូតដល់យប់ងងឹតនោះ បានបណ្តាលឱ្យទាហានអាមេរិកាំងចំនួន ៤១នាក់ពលីជីវិត ដោយ ១៥នាក់ស្លាប់នៅសមរភូមិ បីនាក់ត្រូវចាប់ខ្លួន ហើយទាហានខ្មែរក្រហមបានសម្លាប់ចោល និង ២៣នាក់ស្លាប់ ពេលធ្លាក់ឧទ្ធម្ភាគចក្រពេលវិលត្រឡប់មកមូលដ្ឋានវិញ។ មានទាហានរបួសចំនួន ៥០នាក់ ហើយឧទ្ធម្ភាគចក្រខូចខាតចំនួន៣គ្រឿង។ រីឯទាហានខ្មែរក្រហមស្លាប់យ៉ាងហោចណាស់ពី ១៥ទៅ២៥នាក់។ ប៉ុន្តែក្រុមនាវិកទាំង ៤០នាក់និងកប៉ាល ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។
សម្រាប់លោក អាល់ បេលី លទ្ធផលអាចនឹងខុសពីនេះ ប្រសិនបើលោក ហ្វូហ្វូទូតេឡេ មិនបានទៅទាន់ទេ លោកក៏មិននៅរស់រានមានជីវិតរហូតដល់សព្វថ្ងៃដែរ។ នេះគឺជាហេតុផលមួយដែលលោក អាល់ បេលី បានមករដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបញ្ចុះបញ្ចូលសភាឱ្យផ្តល់មេដាយសមស្របដល់លោកហ្វូហ្វូតេឡេ។
លោក អាល់ បេលី បញ្ជាក់ថា៖ «ខ្ញុំមិនយល់ដែរ ប៉ុន្តែសង្ឃឹមថា គាត់នឹងទទួលបានមេដាយសក្តិសមនឹងស្នាដៃគាត់។ ខ្ញុំគិតថា គាត់សក្តិសមទទួលមេដាយកិត្តិយសពីសភាជាតិ»។
លោក ទូតេឡេ បានចូលបម្រើកងម៉ារីន នៅពេលលោកអាយុ១៨ឆ្នាំ នៅក្នុងកងអនុសេនាធំ២/៩ នៃកងវរសេនាធំម៉ារីនទី៣។ លោកបានបំពេញបេសកកម្មពីរលើកក្នុងប្រទេសវៀតណាម ដែលលោកទទួលបានមេដាយសម្រិទ្ធ និង Purple Heart ។ លោកបានចាកចេញពីជួរកងទ័ព ក្រោយពីបម្រើការអស់រយៈពេល ២៣ឆ្នាំ ហើយបានបន្តធ្វើការនៅប៉ុស្តិ៍ប្រៃសណីយ៍ជិត ២០ឆ្នាំ។ បច្ចុប្បន្នលោកចូលនិវត្តន៍នៅទីក្រុង រីយោ រាន់ជោ (Rio Rancho) រដ្ឋញ៉ូមិកស៊ីកូ (New Mexico) ។ លោកកើតនៅកោះសាម៉ូអា ហើយទើបតែបានចូលសញ្ជាតិអាមេរិកាំងក្នុងឆ្នាំ២០១៦។
ដំណើររឿងនោះ ត្រូវបានសរសេរជាសៀវភៅជាច្រើន ដែលមានដូចជា «សង្គ្រាម១៤ម៉ោង» ដោយលោក James E. Wise Jr. និងលោក Scott Baron «ការប្រយុទ្ធចុងក្រោយ» ដោយលោក Ralph Wetterhahn និង«ព្រឹត្តិការណ៍ម៉ាយ៉ាហ្កេ» ដោយលោក Robert J. Mahoney ជាដើម។
ប៉ុន្តែលោកបណ្ឌិត ភីថឺ ម៉ាក់ខ្វៃ (Peter Maguire) នៃមូលនិធិ Fainting Robin យល់ថា ការទទួលស្គាល់ពីរដ្ឋាភិបាលនិងអ្នកតាក់តែងច្បាប់អាមេរិកាំង នៅមិនទាន់សក្តិសមនឹងស្នាដៃទាំងនោះនៅឡើយទេ។
លោកបណ្ឌិត ម៉ាក់ខ្វៃ ដែលបានធ្វើការងារនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ បានរៀបរាប់ថា៖
«ខ្ញុំបានប្រទះឃើញសំណុំរឿងនេះ នៅពេលដែលកំពុងតែស៊ើបអង្កេតសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាម ជាពិសេសគឺជនជាតិអាមេរិកាំងដែលត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅដាក់គុកទួលស្លែង។ នៅក្នុងពេលដែលតាមរកក្រុមខ្មែរក្រហមដែលចាប់ខ្លួនពួកគេ គឺខ្ញុំដឹងថា ពួកគេគឺជាក្រុមខ្មែរក្រហមដែលបានប្រយុទ្ធនៅក្នុងព្រឹត្តិការណ៍ម៉ាយ៉ាហ្កេ។ ដូច្នេះ ខ្ញុំបានដឹងពីភាគីខ្មែរក្រហម មុននឹងខ្ញុំបានដឹងពីភាគីអាមេរិកាំង។ កាលនោះ មានទាហានម៉ារីនបីនាក់ត្រូវបានគេទុកចោល ហើយនោះគឺជារឿងដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ ព្រោះពួកគេត្រូវបានចាប់ខ្លួន ក្រោយពីការប្រយុទ្ធគ្នា។ អ្វីដែលលេចធ្លោចំពោះខ្ញុំ គឺការខុសគ្នារវាងសេចក្តីក្លាហាន និងវីរភាពរបស់អ្នកប្រយុទ្ធនៅលើដី និងលើអាកាស និងអ្នកនៅក្នុងសមុទ្រ បើប្រៀបនឹងអ្នកដឹកនាំនយោបាយរបស់យើង។ ពួកគេបានធ្វើឱ្យទាហានទាំងនោះខកចិត្ត»។
លោក ភីថឺ ម៉ាក់ខ្វៃ បានយល់ស្របនឹងការរៀបរាប់របស់លោក អាល់ បេលី អំពីលោក ហ្វូហ្វូទូតេឡេ។
«មជ្ឈមណ្ឌល Fainting Robin របស់ខ្ញុំ បានដាក់ពាក្យស្នើសុំឱ្យពិនិត្យមើលសំណុំរឿងលោក ហ្វូហ្វូ ទូតេឡេ ឡើងវិញ។ តម្រូវការឱ្យផ្តល់មេដាយនេះមានលក្ខណៈតឹងរ៉ឹង ដូច្នេះខ្ញុំមិនអាចនិយាយបានថា គាត់សក្តិសមនឹងទទួលបានមេដាយមួយណាទេ។ ប៉ុន្តែគាត់សក្តិសមទទួលបានមេដាយខ្ពស់ជាងអ្វីដែលគាត់ទទួលបាន។ ពួកអស់លោកទាំងនេះចាស់ៗហើយ ដូច្នេះពួកគេសក្តិសមនឹងទទួលតាមគុណបំណាច់។ ខ្ញុំកំពុងតែធ្វើការជាមួយនឹងសមាជិកសភានិងព្រឹទ្ធសភាខ្លះ»។
ក្នុងឆ្នាំ២០១៦ អ្នកតំណាងរាស្ត្រពីររូបគឺលោក ម៉ាក មីដូ នៃគណបក្សសាធារណរដ្ឋមកពីរដ្ឋណ័ស ខារ៉ូណាញណា (North Carolina) និងអ្នកស្រី តុលស៊ី ហ្កាបាដ (Tulsi Gabbard) នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋហាវៃ (Hawaii) បានស្នើច្បាប់មួយផ្តល់មេដាយឱ្យអតីតទាហានដែលបានចូលរួមប្រយុទ្ធក្នុងប្រតិបត្តិការសង្គ្រោះនាវាម៉ាយ៉ាហ្កេ។ ប៉ុន្តែ សេចក្តីព្រាងច្បាប់នោះមិនបានឆ្លងផុតរដ្ឋសភាជាតិទេ បើទោះបីជាឈ្មោះរបស់យុទ្ធជនពលីត្រូវបានចារនៅលើវិមានរំលឹកអតីតយុទ្ធជនសង្គ្រាមវៀតណាម ដែលស្ថិតនៅរដ្ឋធានីវ៉ាស៊ីនតោនក៏ដោយ។
លោក ម៉ាក់ខ្វៃ បានបន្ទោសការយឺតយ៉ាវនោះលើរដ្ឋាភិបាលសហរដ្ឋអាមេរិក។
«គឺដោយសារតែរដ្ឋាភិបាលរបស់យើងដែលអសមត្ថភាពជាយូរឆ្នាំហើយ។ យើងទទួលបានការចាប់អារម្មណ៍ហើយ ប៉ុន្តែស្រាប់តែរដ្ឋាភិបាលបិទ ហើយបន្ទាប់មកពួកគេត្រូវឈរឈ្មោះបោះឆ្នោតឡើងវិញ។ នេះមិនមែនជារឿងសាមញ្ញទេ។ ខ្ញុំមិនមែនជាមនុស្សងាយបោះបង់ការតស៊ូទេ ដូច្នេះខ្ញុំនឹងបន្តទាមទារ»។
លោកពលបាល អាល់ បេលី យល់ថា លោកក៏នៅមិនទាន់ទទួលបានកិត្តិយសគ្រប់គ្រាន់ចំពោះប្រតិបត្តិការនោះនៅឡើយទេ។
លោកបានបញ្ជាក់ប្រាប់វីអូអេថា៖ «ខ្ញុំមានបំណងចង់ទទួលបានខ្សែបូរសង្គ្រាមវៀតណាម។ យើងមិនដែលទទួលបានទេ។ ពួកគេចាត់ទុកគ្នាយើង ៤១នាក់ដែលពលីជីវិតថាជាអតីតយុទ្ធជនសង្គ្រាមវៀតណាម ដោយបានចារឈ្មោះលើវិមានសង្គ្រាមវៀតណាម។ ប៉ុន្តែអ្នកដែលនៅរស់មិនបានទទួលបូរសង្គ្រាមវៀតណាមទេ។ ការណ៍នេះដោយសារតែរដ្ឋសភានិងព្រឹទ្ធសភា មិនព្រមធ្វើការដើម្បីផ្តល់បូរសក្តិសមតាមការងាររបស់យើងទេ»។
ពេលមកដល់ការិយាល័យរបស់វីអូអេនៅរដ្ឋធានីវ៉ាស៊ីនតោន លោក អាល់ បេលី បានពាក់អាវកាក់ដែលលោករចនាដោយផ្ទាល់ ក្នុងនោះមានសញ្ញាឡូហ្កោដែលសរសេរថា «ក្រុមសង្គ្រោះកប៉ាល់ម៉ាយ៉ាហ្កេ៖ សមរភូមិកោះតាង – កម្ពុជា ខែឧសភា ឆ្នាំ១៩៧៥» ដែលបញ្ជាក់ថា អ្វីដែលកើតមានឡើងកាលពីជិត ៤៥ឆ្នាំមុន គឺស្ថិតនៅស្រស់ៗក្នុងការចងចាំរបស់លោកជានិច្ច៕