មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយថា ពួកគេជឿថា សហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិកបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសន្តិសុខ មុនការសន្ទនាសន្តិសុខកម្រិតខ្ពស់នៅថ្ងៃសុក្រនេះរវាងប្រទេសទាំង២។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កំពុងចូលរួមជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកលោក Alejandro Mayorkas និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោក Merrick Garland នៅក្នុងរដ្ឋធានីម៉ិកស៊ីកូ ចូលរួមក្នុងការពិភាក្សាកម្រិតខ្ពស់ស្តីពីបញ្ហាសន្តិសុខ។
តំណាងឲ្យភាគីប្រទេសម៉ិកសុិកគឺលោករដ្ឋមន្ត្រីក្រសួងការបរទេស Marcelo Ebrad និងសមាជិកគណៈរដ្ឋមន្ត្រីមកពីក្រសួងការពារជាតិ និងក្រសួងសន្តិសុខ។
ពួកមន្ត្រីរដ្ឋបាលជាន់ខ្ពស់បាននិយាយសង្ខេបតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកលាតត្រដាងកិច្ចផ្តួចផ្តើមថ្មីដែលហៅថា គម្រោងការងាររយៈពេល២រយឆ្នាំរវាងសហរដ្ឋអាមេរិកនិងម៉ិកសុិកដើម្បីសុខភាព និងសុវត្ថិភាពសាធារណៈរបស់សហគមន៍ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការសន្តិសុខឡើងវិញ។
គម្រោងការងាររយៈពេល២រយឆ្នាំនេះនឹងអនុញ្ញាតឲ្យប្រទេសទាំង២«សិក្សាអំពីយុទ្ធសាស្ត្រការពារពីគ្នាទៅវិញទៅមក» ហើយនឹង«ពង្រឹងកិច្ចការអាទិភាពជាមួយគ្នា»។ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលស.រ.អា.។
កិច្ចសហប្រតិបត្តិការនេះនឹងត្រូវអនុវត្តចំពោះបញ្ហាសន្តិសុខដែលរួមមានប្រឆាំងការជួញដូរអាវុធ ថ្នាំញៀន ការជួញដូរមនុស្សការលាងលុយកខ្វក់ អាវុធខុសច្បាប់ ការរត់ពន្ធ និងសហការធ្វើបត្យាប័នឧក្រិដ្ឋជន។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា កិច្ចព្រមព្រៀងថ្មីនេះនឹងជំនួសកិច្ចផ្តួចផ្តើម Merida ដែលមានចំណាស់១៣ឆ្នាំ ដែលក្នុងនោះសហរដ្ឋអាមេរិកផ្តល់ថវិកាខ្លះដើម្បីជួយប្រទេសម៉ិកសុិកប្រយុទ្ធប្រឆាំងការគំរាមកំហែងនៃការជួញដូរថ្នាំញៀន បណ្តាញឧក្រិដ្ឋកម្ម និងការលាងលុយកខ្វក់៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Reuters)