ពួកមន្ត្រីស.រ.អា.ជាន់ខ្ពស់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ទំនងជានឹងឈប់ទទួលស្គាល់កិច្ចព្រមព្រៀងបរមាណូជាមួយប្រទេសអ៊ីរ៉ង់ហើយនឹងប្រគល់កិច្ចព្រមព្រៀងនេះទៅឱ្យសភាស.រ.អា.វិញសម្រាប់លទ្ធភាពនៃការដាក់ណ្ឌកម្មជាថ្មី។
ពួកមន្ត្រីទាំងនេះបាននិយាយថា គេរំពឹងថា លោក ត្រាំ នឹងប្រកាសអំពីផែនការរបស់គាត់នៅក្នុងសុន្ទរកថាមួយនៅសប្តាហ៍ក្រោយដែលនៅក្នុងនោះលោកនឹងនិយាយថា កិច្ចព្រមព្រៀងនេះមិនឋិតនៅក្នុងអត្ថប្រយោជន៍ជាតិរបស់ស.រ.អា.ទេ។
ការណ៍នេះមិនមែនលប់ចោលកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥នោះទេ ក៏ប៉ុន្តែបញ្ជូនកិច្ចព្រមព្រៀងនេះត្រឡប់ទៅសភាវិញ។ ពួកសមាជិកសភាស.រ.អា.មានពេលវេលា៦០ថ្ងៃដើម្បីសម្រេចថាតើនឹងដាក់ទណ្ឌកម្មជាថ្មីដែលបានត្រូវផ្អាកតាមរយៈកិច្ចព្រមព្រៀងនេះឬទេ។
ការមិនទទួលស្គាល់កិច្ចព្រមព្រៀងនេះក៏អាចបើកឱ្យមានការចរចាគ្នាជាថ្មីអំពីកិច្ចព្រមព្រៀងនេះដែរ ទោះណាប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បាននិយាយថានេះមិនមែនជាជម្រើសក៏ដោយ។
លោកប្រធានាធិបតី ត្រាំ ត្រូវតែប្រកាសរៀងរាល់៩០ថ្ងៃអំពីថាតើប្រទេសអ៊ីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនេះឬទេ។ ពេលកំណត់ចុងក្រោយបង្អស់ដែលគាត់ត្រូវធ្វើសេចក្តីប្រកាសនេះគឺថ្ងៃទី១៥ ខែតុលាខាងមុខនេះ។
នៅពេលជួបជាមួយពួកសហការីជាន់ខ្ពស់ខាងយោធានៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយជាថ្មីទៀតអំពីការអះអាងរបស់គាត់ថាប្រទេសអ៊ីរ៉ង់មិនបានបំពេញតាម«ស្មារតីនៃកិច្ចព្រមព្រៀងនេះទេ»។
លោក ត្រាំ បានថ្លែងថា៖ «របបគ្រប់គ្រងអ៊ីរ៉ង់គាំទ្រភេរវកម្មនិងនាំចេញទៅក្រៅប្រទេសនូវអំពើហិង្សា, ការបង្ហូរឈាម និងចលាចលនៅទូទាំងភូមិភាគមជ្ឈិមបូព៌ា។ ព្រោះហេតុនេះហើយបានជាយើងត្រូវតែបញ្ឈប់អំពើឈ្លានពានដែលមានតទៅទៀត និងមហិច្ឆតាបរមាណូរបស់ប្រទេសអ៊ីរ៉ង់»៕