មន្រ្តី​សហរដ្ឋអាមេរិក​ថា​កូរ៉េ​ខាងជើង​អាច​ដោះលែង​ចំណាប់ខ្មាំង​អាមេរិកាំង​ក្នុង​ពេលឆាប់ៗ​នេះ

ជនជាតិ​កូរ៉េ​ អាមេរិក Kim Dong-Chul ថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី​២៥ មីនា ឆ្នាំ ២០១៦។

អតីតអភិបាល​ទីក្រុង​ញ៉ូវយ៉ក​លោក Rudy Giuliani បច្ចុប្បន្ន​ជា​ក្រុមមេធាវី​របស់​លោក Trump បាន​និយាយា​ថា​ អ្នក​ជាប់​ឃុំ​អាមេរិកាំង​ទាំង​នោះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​ដោះ​លែង​ក្នុង​សប្តាហ៍​នេះ។ លោកGiluiani បាន​ប្រាប់​សារព័ត៌មាន Fox newsកាល​ពី​ថ្ងៃព្រហស្បតិ៍​ថា «យើង​បាន​ធ្វើ​ឲ្យ​លោក Kim Jong Unចាប់​អារម្មណ៍​ជាច្រើន​ដើម្បី​អាច​ឲ្យ​លោក​ដោះលែ​ងអ្នក​ជាប់ឃុំ​ទាំង​បីនាក់​នោះ​នៅក្នុង​សប្តាហ៍​នេះ»។

លោកTrumpបាន​សរសេរ​នៅក្នុងTwitter កាល​ពី​យប់​ថ្ងៃពុធ​ថា«ដូច​អ្នក​រាល់​គ្នា​បាន​ដឹង​ហើយ​ថា​ រដ្ឋបាល​ពី​មុន​បាន​ស្នើ​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​បីនាក់នេះ​ពី​ជំរំ​ការងារ​កូរ៉េខាងជើង​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​មិន​បាន​សម្រេច។ សូម​រង់ចាំ​មើល​ទាំង​អស់​គ្នា»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​ប្រាប់ VOAថា​មិន​ទាន់​មាន​អ្វី​អាច​ប្រកាស​នៅ​ពេល​នេះ​ទេ​ អំពី​បញ្ហា​នេះ​ ប៉ុន្តែ​បាន​បញ្ជាក់​ថា«ចំណាប់ខ្មាំង​អាមេរិកាំង​ទាំង​បីនាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ខុសច្បាប់​ដោយ​កូរ៉េ​ខាងជើង​នោះ គឺ​នៅ​តែ​ជា​របៀបវីរៈ​នៅក្នុង​រដ្ឋបាល​លោក Trump»។ ​

លោក Trump និង​មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក Kim Jong Un បាន​យល់ព្រម​ជួប​ប្រជុំ​ជាមួយ​គ្នា​ដោយ​ផ្ទាល់​បើ​ទោះ​ជា​ថ្ងៃ​បរិចេ្ឆទ​នៃ​កិច្ចប្រជុំ​និង​ទីកន្លែង​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ​ក៏ដោយ។

ជនជាតិ​អាមេរិកាំង​ដើមកំណើត​កូរ៉េ​៣នាក់​កំពុង​ជាប់​ឃុំឃាំង​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង លោក Tony Kim និង​លោក Kim Hak Song ធ្លាប់ធ្វើជាគ្រូបង្រៀននៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​ព្យូងយ៉ាង​ ដែល​ជា​សាកលវិទ្យាល័យ​ឯកជន​តែ​មួយគត់​នៅក្នុង​ប្រទេស។ ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​ដាច់​ដោយ​ឡែក​ពី​គ្នា​កាល​ពី​ឆ្នាំ២០១៧ និង​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​ចូលរួម​ជាមួយ​ពួកសកម្មជន​ប្រឆាំង​រដ្ឋ​ និង​បាន​ព្យាយាម​ផ្តួលរំលំ​រដ្ឋាភិបាល។

ចំណាប់ខ្មាំង​ទីបី​គឺ​លោក Kim Dong Chulត្រូវ​បាន​ចាប់ខ្លួន​នៅក្នុង​ក្រុង Rason នៅពេល​ធ្វើ​ដំណើរ​ទៅ​តំបន់​ភាគឦសាន​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​កាល​ពី​ខែតុលា​ឆ្នាំ២០១៥។ លោក​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ១០ឆ្នាំ​និង​ត្រូវ​ធ្វើ​ការ​ធ្ងន់ធ្ងរ​កាល​ពី​ឆ្នាំ២០១៦ ក្រោម​បទចោទ​ធ្វើ​ចារកម្ម៕