មន្ត្រីជាន់ខ្ពស់របស់ស.រ.អា.បានប្រជុំគ្នាកាលពីថ្ងៃសុក្រដើម្បីពិភាក្សាគ្នាអំពីការផ្អាកសមយុទ្ធយោធារួមគ្នាដែលស.រ.អា.និងប្រទេសកូរ៉េខាងត្បូងបានធ្វើច្រើនទសវត្សរ៍មកហើយ ក៏ប៉ុន្តែបានត្រូវលុបចោលនៅក្រោយជំនួបកំពូលនៅក្នុងប្រទេសសិង្ហបូរីកាលពីពេលមុននេះក្នុងខែនេះរវាងលោកប្រធានាធិបតី Donald Trump និងមេដឹកនាំកូរ៉េខាងជើង Kim Jong Un។
សេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការពារប្រទេសស.រ.អា.បាននិយាយថាលោករដ្ឋមន្ត្រីការពារប្រទេសស.រ.អា. James Mattis, លោករដ្ឋមន្ត្រីការបរទេស Mike Pompeo លោក Joe Dunford ប្រធាននាយអគ្គសេនាធិការចម្រុះនៃកងយោធពលស.រ.អា.និងលោក John Bolton ជំនួយការប្រធានាធិបតីសម្រាប់សន្តិសុខជាតិបានពិភាក្សាគ្នាអំពី «កិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តលទ្ធផល» នៃជំនួបកំពូលនោះ។
សេចក្តីថ្លែងការណ៍របស់អ្នកស្រី Dana White អ្នកនាំពាក្យនៃក្រសួងការពារប្រទេសស.រ.អា.បានចែងថាសមយុទ្ធដែលបានត្រូវផ្អាកមានរួមបញ្ចូល «សមយុទ្ធFreedom Guardian និងសមយុទ្ធហ្វឹកហ្វឺននៃកម្មវិធីប្តូរគ្នារបស់ក្រុមទាហាន Marine កូរ៉េដែលប្រព្រឹត្តទៅបីខែខាងមុខនេះ»។
សមយុទ្ធ Freedom Guardian ដែលតាមធម្មតាធ្វើឡើងក្នុងខែសីហា មានការចូលរួមពីសំណាក់ទាហានអាមេរិកាំង៣,០០០នាក់មកពីប្រទេសក្រៅនិងមានទាហានកូរ៉េខាងត្បូង ៥០,០០០នាក់ ផងដែរ។
នៅក្នុងជំនួបកំពូលក្នុងប្រទេសសិង្ហបូរី លោក Trump បាននិយាយថាលោកនឹងលុបចោល «សមយុទ្ធ» ដែលលោកបានថ្លែងថាអស់សោហ៊ុយច្រើននិងជា «ការបង្ករឿង» ផងដែរ។ លោកប្រធានាធិបតីបាននិយាយថាលោកចង់ធ្វើដូចនេះជាការបង្ហាញសុឆន្ទៈមួយនិងជាការឆ្លើយតបដល់ការសន្យារបស់កូរ៉េខាងជើងថានឹងធ្វើមិនឱ្យមានអាវុធនុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េ ការបន្តផ្អាកការគំរាមកំហែងនុយក្លេអ៊ែរនិងកាំជ្រួចផ្លោងមីស៊ីលនិងការបិទកន្លែងពិសោធនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ។
ជាយូរយារមកហើយប្រទេសកូរ៉េខាងជើងបានអំពាវនាវឱ្យមានការបញ្ឈប់សមយុទ្ធយោធារួមគ្នាទាំងនោះដែលប្រទេសនេះនិយាយថាជា «ការហាត់សមធ្វើសង្គ្រាម» សម្រាប់ធ្វើការវាយលុក៕