ចំនួនផ្លូវការនៃករណីអ្នកឆ្លងវីរុសកូរ៉ូណា ដែលបង្កជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកបានកើនលើស ២ លាននាក់ កាលពីថ្ងៃព្រហស្បតិ៍។
តួលេខដែលផ្សាយដោយគេហទំព័រមណ្ឌលព័ត៌មានកូវីដ១៩ របស់សាកលវិទ្យាល័យ Johns Hopkins របស់អាមេរិក បង្ហាញថា នៅពេលនេះ សហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងវីរុសកូរ៉ូណាដែលត្រូវគេរាយការណ៍ចំនួន ២.០០០.៦០០ កាលពីថ្ងៃព្រហស្បតិ៍ ដោយមានចំនួនអ្នកស្លាប់ ១១២.៩២៥ ករណី។ តួលេខនេះធ្វើឲ្យសហរដ្ឋអាមេរិកនៅតែជាប្រទេស ដែលមានចំនួនអ្នកឆ្លងនិងអ្នកស្លាប់ពីកូវីដ១៩ ច្រើនជាងគេ។
អ្នកជំនាញនៅសាកលវិទ្យាល័យ Harvard បានទស្សន៍ទាយថា ចំនួនអ្នកស្លាប់ពីកូវីដ១៩ នៅអាមេរិកនឹងកើនទ្វេដង នៅត្រឹមខែកញ្ញា។
ក្នុងសប្តាហ៍នេះ មានរដ្ឋចំនួន ២១ របស់សហរដ្ឋអាមេរិកបានរាយការណ៍អំពីចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃច្រើនបំផុត ដែលពួកគេមិនធ្លាប់មាន ដោយករណីឆ្លងកើនខ្លាំងនេះ មាននៅបណ្តារដ្ឋភាគខាងលិច និងរដ្ឋនិរតីសហរដ្ឋអាមេរិក ដូចជារដ្ឋ Arizona New Mexico Texas និង Utah។ ចំនួនឆ្លងកើនឡើងនេះ កើតមានឡើងក្រោយពីអាជ្ញាធរតាមរដ្ឋនានាបានចាប់ផ្តើមបន្ធូរបន្ថយវិធានការរឹតត្បិតសេដ្ឋកិច្ចសង្គម រួមទាំងក្នុងអំឡុងទិវារំឭកវិញ្ញាណក្ខន្ធយុទ្ធជនអាមេរិក ឬ Memorial Day កាលពីចុងខែឧសភា ដែលកត់សម្គាល់ការចាប់ផ្តើមនៃវិសមកាលរដូវក្តៅ។
អ្នកជំនាញក៏បារម្ភថា បាតុកម្មទូទាំងសហរដ្ឋអាមេរិកអស់ជាងពីរសប្តាហ៍មកនេះ ដើម្បីរកយុត្តិធម៌ឲ្យពលរដ្ឋស្បែកខ្មៅដែលបានស្លាប់ក្រោមសមត្ថកិច្ចប៉ូលិស នឹងនាំឲ្យមានការឆ្លងកាន់តែកើនឡើងដោយរូបភាពតាមវីដេអូបង្ហាញថា ក្រុមបាតុករបានដើរប្រគៀកគ្នា បើទោះបីពួកគេជាច្រើនបានពាក់ម៉ាស់ក៏ដោយ។
ក្រៅពីសហរដ្ឋអាមេរិក អង្គការសុខភាពពិភពលោក WHO បានកំណត់ថា អាមេរិកឡាទីនជាកន្លែងផ្ទុះរាតត្បាតថ្មីខ្លាំងជាងគេ ដោយមានអ្នកស្លាប់ពីកូវីដ១៩ សរុបក្នុងទ្វីបនេះចំនួនជាង ៧០.០០០ នាក់។ ប្រទេសប្រេស៊ីលនៅពេលនេះជាប្រទេសរងផលប៉ះពាល់ខ្លាំងជាងគេទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ហើយត្រឹមថ្ងៃព្រហស្បតិ៍ ប្រេស៊ីលមានករណីឆ្លងវីរុសកូរ៉ូណាចំនួនជាង ៧៧២.០០០ នាក់ និងចំនួនអ្នកស្លាប់ជិត ៤០.០០០ នាក់។
នៅទូទាំងពិភពលោក ករណីឆ្លងបានកើនឡើងដល់ជាង ៧,៤ លាននាក់ និងការស្លាប់ចំនួន ៤១៧.០០០ ករណី៕