មន្ត្រី​ស.រ.អា.​លើកពី​បញ្ហា​នយោបាយ បរិស្ថាន​ និង​ TPP​ ជាមួយ​កម្ពុជា

រូបឯកសារ៖ ​ទង់ជាតិ​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​បក់​រវេច​​នៅ​ក្រុង​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ ឆ្នាំ​២០០៧ ដោយ​មាន​នាវា​ចម្បាំង​ USS Gary របស់​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ នាវាចម្បាំង​សហរដ្ឋ​អាមេរិក​បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជាក្នុង​ជាង​៣​ទសវត្ស​។

លោក​ស្រី ​Catherine ​Novelli ​​ថា​ កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់ ​ដើម្បី​ចូលរួម​ក្នុង​ភាព​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​ជា​កិច្ច​ព្រមព្រៀង​ដ៏​ចម្រូង​ចម្រាស​រវាង​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក ​ដឹកនាំ​ដោយ​អាមេរិក។

អនុ​រដ្ឋមន្ត្រី​របស់​សហរដ្ឋ​អាមេរិក​ ដែល​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ បាន​និយាយ​ពី​បញ្ហា​កំណើន​សេដ្ឋកិច្ច​ បរិស្ថាន ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ប្រព័ន្ធ​អ៊ីនធឺណែត​ និង​ការ​ដែល​ប្រទេស​កម្ពុជា​អាច​ចូល​ជា​សមាជិក ​TPP ដែលមាន​ន័យថា ភាព​ជា​ដៃ​គូពាណិជ្ជកម្មឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក។

អនុ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ជួប​ជា​មួយ​មេ​ដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា​នៅ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ និង​ថ្ងៃ​សុក្រ ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​ចំនួន​បី​ថ្ងៃ​របស់​លោក​ស្រី​កាលពី​សប្តាហ៍​មុន ​បន្ទាប់​ពី​ការ​ចុះ​សំចត​របស់​លោកស្រី​នៅ​ប្រទេស​ចិន។​ លោក​ស្រី​បាន​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន ​រួម​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ បញ្ហា​បរិស្ថាន ការ​វិនិយោគ ថាមពល​ និង​បច្ចេកវិទ្យា។​

លោក​ស្រី ​Catherine ​Novelli ​ដែលជា​អនុ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​កំណើន​សេដ្ឋកិច្ច​ ថាមពល​ និង​បរិស្ថាន​របស់​ស.រ.អា. ​បាន​មាន​ប្រសាសន៍​ថា​ កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់ ​ដើម្បី​ចូលរួម​ក្នុង​ភាព​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​ជា​កិច្ច​ព្រមព្រៀង​ដ៏​ចម្រូង​ចម្រាស​រវាង​ប្រទេស​នៅ​តំបន់​ប៉ាស៊ីហ្វិក ​ដឹកនាំ​ដោយ​អាមេរិក។

រូបឯកសារ៖ លោកស្រី​ Catherine Ann Novelli អនុរដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​អាមេរិក​ទទួល​បន្ទុក​ផ្នែក​កំណើន​សេដ្ឋកិច្ច​ ថាមពល និង​បរិស្ថាន ជួប​ជាមួយ​អ្នកយក​ព័ត៌មាន​មក​ពី​ស្ថាប័ន​ផ្សេងៗ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ នៅ​ស្ថានទូតអាមេរិក។ (ផន បុប្ផា/VOA)

ទស្សន​កិច្ច​របស់​លោក​ស្រី​កើត​ឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​ទស្សនកិច្ច​របស់​លោក ​John Kerry ​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក។​ ក្នុង​អំឡុង​កិច្ច​ទស្សនកិច្ច​នេះ​ លោក​ស្រី​បាន​ជួប​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​ប្រទេស​កម្ពុជា​ ដូច​ជា​លោក​ សាយ សំអាល់​ រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន ​និង​លោក​ អ៊ុក រ៉ាប៊ុន ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម។​

លោក​ស្រី​ Catherine​ Novelli​ បាន​ជួប​ជាមួយ​នឹង​មន្ត្រី​ទូរគមនាគមន៍​ អ្នក​កាសែត​ និង​សហគ្រិន​នៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ និង​ឌីជីថល។​

នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ លោក​ស្រី​មាន​ប្រសាសន៍​អំពី​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ស.រ.អា.​ និង​ប្រទេស​កម្ពុជា។​ លោកស្រី​បាន​មានប្រសាសន៍ថា៖

«ខ្ញុំ​គិត​ថា​ ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់​យើង​ទាំង​ពីរ ​គឺ​រឹង​មាំ​ណាស់​ ដោយ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ទឹក​ប្រាក់​៣ពាន់​លាន​ដុល្លារ ​ហើយ​យើង​គឺ​ជា​ប្រទេស​ដៃ​គូ​កំពូល​របស់​កម្ពុជា​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម។​ យើង​ចង់​បង្កើន​ទំនាក់​ទំនង​នេះ ​ដែល​រួម​មាន​សន្ធិសញ្ញា​នៃ​ការ​វិនិយោគ​ទ្វេ​ភាគី​ និង​ស្វែង​រក​វិធី​ ដើម្បី​ធ្វើការ​រួមគ្នា​លើ​បញ្ហា​ជាក់ស្តែង​ ដែល​អាច​ពង្រឹង​ទំនាក់​ទំនង​របស់​យើង​ទាំងពីរ ​ហើយ​យើង​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើង​មួយ​កម្រិត​ទៀត​នៅក្នុង​លក្ខខណ្ឌ​ពាណិជ្ជកម្ម»។​
ទាក់ទង​នឹង​ភាព​តានតឹង​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​ លោក​ស្រី ​Catherine ​Novelli​ បាន​និយាយ​ថា ​រដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ត្រូវ​ធ្វើ​យ៉ាង​ណា​ ដើម្បី​ធានា​ឱ្យ​មាន​ស្ថិរភាព​នយោបាយ​ ដើម្បី​ជៀសវាង​មិន​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​វិនិយោគ​អន្តរជាតិ។​

លោក​ស្រី​បាន​ប្រាប់​ឲ្យដឹង​ផងដែរ​ថា ​រឿង​មួយ​ដែល​លោកស្រី​បាន​លើក​ឡើងនោះគឺ​ថា​ មតិខ្លះ​គិត​ថា​ នយោបាយ ​និង​សេដ្ឋកិច្ច​ គឺ​ដាច់​ដោយ​ឡែក​ពី​គ្នា​ទាំង​ស្រុង។​ ប៉ុន្តែ​លោកស្រី​សង្កត់​ធ្ងន់ថា កិច្ចការ​របស់​អង្គការ ​និង​បញ្ហា​នយោបាយ​មួយ​ចំនួន​នៅ​តែ​ពាក់ព័ន្ធ​ជាមួយ​សេដ្ឋកិច្ច​ និង​នយោបាយ។​

«ខ្ញុំ​គ្រាន់​តែ​ចង្អុល​បង្ហាញ​ថា​ ក្រុមហ៊ុន​មើល​យ៉ាង​ដិត​ដល់​បំផុត​ទៅ​លើ​រឿង​ទាំង​នេះ ​នៅ​ពេល​ដែល​ពួក​គេ​សម្រេច​ចិត្ត​អំពី​កន្លែង​ដែល​ពួក​គេ​ធ្វើ​ការ​វិនិយោគ។​ ក្រុម​ហ៊ុន​ចង់​ដឹង​ថា​ ពួក​គេ​នៅ​ក្នុង​កន្លែង​ដែល​បើក​ចំហ​ និង​មាន​ស្ថិរភាព​ ដូច្នេះ​បញ្ហា​ដែល​កំពុង​កើត​ឡើង​នៅ​ទីនេះ​ក៏​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ការ​វិនិយោគ​ផង​ដែរ។​ វា​អាច​នឹង​មិន​មាន​ការ​ប៉ះពាល់​ភ្លាមៗ​នោះ​ទេ​ ប៉ុន្តែ​វា​ប្រាកដ​ជា​មាន​ឥទ្ធិពល​ទៅ​លើ​ការ​វិនិយោគ»។​

លោក​ស្រី​បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​បាន​បង្ហាញ​ពី​សក្តានុពល​សេដ្ឋកិច្ច​ដែល​នឹង​អាច​ក្លាយ​ជា​សមាជិក​នៃ​ភាព​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ដែល​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ នៅ​ក្នុង​តំបន់​អាស៊ី។​

លោកស្រី​បាន​ឲ្យ​ដឹង​ថា ក្នុង​គម្រោង​ TPP ​ជំហាន​ដំបូង​ ស.រ.អា.​នឹង​ចាប់​ផ្តើម​ធ្វើការ​ជាមួយ​បណ្តាល​ប្រទេស​ ដែល​ជាសមាជិក​ដំណាក់កាល​ដំបូង។ ​ប៉ុន្តែ​ស.រ.អា.តែងតែ​គ្រោង​ទុក​ថា​ កិច្ច​ព្រមព្រៀង​ TPP​ នេះ​នឹង​ត្រូវ​ពង្រីក​បន្ថែម។​ លោកស្រី​បន្ថែមថា ​នៅ​ពេល​ដែល​ប្រទេស​ដៃ​គូ​ពាណិជ្ជ​កម្ម​ទាំងនោះ​ទទួល​បាន​ការ​យល់ព្រម​ទៅ​លើ​កិច្ច​ព្រមព្រៀង ​TPP​ បច្ចុប្បន្ន ​ហើយ​បាន​ចាប់ផ្តើម​ដំណើរ​ការហើយនោះ លោកស្រី​ក៏​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ចូលរួម​ជាមួយ​ TPP​ ផង​ដែរ។​

ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ ​លោក​ស្រី​បាន​និយាយ​ថា​ ដើម្បី​ចូល​ជា​សមាជិក​ដៃ​គូ​ពាណិជ្ជកម្ម​នេះ​ ​កម្ពុជា​ត្រូវ​បង្ហាញ​ថា កម្ពុជា​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​បើក​ទូលាយ​មួយ​ដំណាក់​កាល​បន្ថែម​ទៀត ​ហើយ​អ្នក​នឹង​បន្តអនុវត្ត​តាម​ការ​តាំង​ចិត្ត​នេះ។

លោក​ស្រី​បាន​បន្ត​ថា៖​

«យើង​សប្បាយ​ចិត្ត​នឹង​ធ្វើ​ការ​ជាមួយ​កម្ពុជា​ និង​ពន្យល់​អំពី​កិច្ច​ព្រមព្រៀង​របស់​ TPP។ ​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​ខ្លាំង​ ហើយចង់​ឲ្យ​មាន​សន្ធិសញ្ញា​ដៃ​គូ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​នោះ​ គឺ​ដោយ​សារ​តែ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​រវាង​សហ​រដ្ឋ​អាមេរិក​ និង​កម្ពុជា​ ស្ទើរ​តែ​ដូចគ្នា​ជាមួយ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម ​TPP។​ ដូច្នេះ​បញ្ហា​មួយចំនួន​ត្រូវ​បាន​ដោះ​ស្រាយរួច​ទៅ​ហើយ​ ហើយ​ប្រទេស​កម្ពុជា​មាន​គោល​នយោបាយ​ពាណិជ្ជ​កម្ម​បើក​ចំហ»។

លោក​ស្រី​មាន​ប្រសាសន៍​ថា ​សហរដ្ឋ​អាមេរិក​មាន​គោលបំណង​ចង់​ជួយ​ប្រទេស​កម្ពុជា​ឲ្យ​ចូល​ជា​សមាជិក​កិច្ច​ព្រមព្រៀង TPP​ នេះ។ លោក​ស្រី​បាន​បន្ថែម​ថា​ លោក​ស្រី​រីករាយ ហើយ​អាច​ចាប់​ផ្តើម​ពិភាក្សា​អំពី​ភាព​ជាដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នេះ​ នៅ​ពេល​ណា​ដែល​ប្រទេស​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​នោះ។​

នៅ​ខណៈពេល​ដែល​លោក​ស្រី​ Catherine Novelli​ មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​ លោក​ស្រី​ក៏​បាន​ទៅមើល​តំបន់​ព្រៃឈើ​ដែល​នៅ​សេសសល់​ និង​តំបន់​ព្រៃ​ឈើ​ដែល​រង​ការ​កាប់​បំផ្លាញ​ផង​ដែរ។​

លោកស្រី​និយាយ​ថា៖ «វា​ច្បាស់ណាស់​ចំពោះ​ខ្ញុំ​ដែល​ថា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​គឺ​ជា​បញ្ហា»។​

លោក​ស្រី​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​តាំង​ចិត្ត​របស់​លោក​ សាយ សំអាល់​ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន ​ក្នុងការ​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​ឈើ។

រូបឯកសារ៖ លោកស្រី Catherine Ann Novelli រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ទទួល​បន្ទុក​ផ្នែក​កំណើន​សេដ្ឋកិច្ច​ ថាមពល និង​បរិស្ថាន ចូលរួម​ក្នុង​វេទិកា​ពិភាក្សា​អំពី​ការ​បង្កើត​សេដ្ឋកិច្ច​បែប​ច្នៃប្រឌិត​នៅ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។ (ផន បុប្ផា/VOA)

​លោក​ស្រី​ Catherine Novelli​ បាន​ចូលរួម​ក្នុង​ការ​ពិភាក្សា​មួយ​ហៅ​ថា​ ‍«Unlocking ​Cambodia's​ Creative​ Economy» កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។​ ថ្នាក់​ដឹកនាំ​នៃ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​ក៏​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ។ ​សហគ្រិន​ទាំង​នោះ​បាន​និយាយ​ថា ​ការ​កែ​លម្អ​ប្រព័ន្ធ​អប់រំ​ គឺ​ជា​គន្លឹះ​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​ការ​នៅ​ក្នុង​ឧស្សាហ​កម្ម​ឌីជីថល​ និង​អ៊ីនធឺណែត ​ដែល​ជា​ឧស្សាហ​កម្ម​ថ្មី​នៅ​ក្នុង​ប្រទេស​នេះ។​

ទោះ​បី​ជា​ប្រទេស​កម្ពុជា​មាន​ការ​ជឿនលឿន​នៅ​ក្នុង​ផ្នែក​សេដ្ឋកិច្ចក្តី លោក Steven​ Path ​ប្រធាន​សហព័ន្ធ​នៃ​កម្ពុជា​ Cambodia​ ICT ​Federation​ បាន​ថ្លែង​ថា​ ​កង្វះ​ការ​បណ្តុះ​បណ្តាល​បុគ្គលិក​ គឺ​ជា​រនាំង​ធំ​សម្រាប់​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​នេះ។​

លោក​ Len​ Tan​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អេឡិច​ត្រូនិក​ ICE​ មាន​ការ​យល់​ឃើញ​ដូចគ្នា​ទៅ​លើ​បញ្ហា​នេះ។​

លោក​បាន​ថ្លែង​ថា ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់។​«ប្រសិន​បើ​យើង​មាន​ស្ថាប័ន​អប់រំ​ដែល​ធ្វើ​ការ​ផ្តោត​ទៅ​លើ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ ​នោះ​ខ្ញុំ​គិត​ថា​ វា​នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​រីក​ចម្រើន​យ៉ាង​ខ្លាំង»។​

ក្រុម​សហគ្រិន​ និង​អ្នកជំនាញ​និយាយ​ថា ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​គឺ​ជា​ចលករ​ដ៏​សំខាន់​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន៕