ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​ជំពាក់​បំណុល​ចិន​កាន់​តែ​ច្រើន ​អ្នក​តាមដាន​នយោបាយ​កាន់តែ​បារម្ភ


នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក ហ្ស៊ី ជីនពីង (ស្តាំ) ចាប់​រលាក់ដៃគ្នា​មុន​បើក​ពិធី​នៅ​ឯ​សន្និសីទ​«អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី»​ហៅ​កាត់​ថា​ CICA ក្នុង​ទីក្រុង​ស៊ៀងហៃ​ នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤។ (AP Photo/Aly Song, Pool)
នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក ហ្ស៊ី ជីនពីង (ស្តាំ) ចាប់​រលាក់ដៃគ្នា​មុន​បើក​ពិធី​នៅ​ឯ​សន្និសីទ​«អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី»​ហៅ​កាត់​ថា​ CICA ក្នុង​ទីក្រុង​ស៊ៀងហៃ​ នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤។ (AP Photo/Aly Song, Pool)

ក្រុម​អ្នក​ស្រាវជ្រាវ​សង្គម​ និង​នយោបាយ​មាន​ក្តី​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​​ពី​​ទំនាក់​ទំនង​កម្ពុជា​ និង​ចិន​ ដែល​​​ពួក​គេ​យល់​ឃើញ​ថា​ អាច​នាំ​គ្រោះថ្នាក់​ដល់​ប្រទេស​​ ប្រសិនបើ​កម្ពុជា​ នៅ​តែ​ស្អិត​រមួត​ជាមួយ​​ប្រទេស​កុម្មុយនិស្ត​នេះ។

ប្រាក់​កម្ចី​ដែល​កម្ពុជា​ទទួល​ពី​ប្រទេស​ចិន​កាន់តែ​មាន​ចំនួន​ច្រើន​ឡើងៗ​ដែល​ធ្វើ​ឱ្យ​ទំហំ​បំណុល​ដែល​កម្ពុជា​ជំពាក់​ប្រទេស​មហាអំណាច​អាស៊ី​មួយ​នេះ​ធំ​ជាងគេ​បង្អស់។ ការណ៍​នេះ​នាំ​ឱ្យ​មាន​ក្តី​បារម្ភ​ថា​តើ​កម្ពុជា​អាច​នៅ​រក្សា​បាន​គោល​ការណ៍​ប្រជាធិបតេយ្យ​របស់​ខ្លួន​ឬទេ​ក្នុង​ពេល​ដែល​មិត្ត​ដ៏​ធំ​របស់​កម្ពុជា​ពេល​នេះ​គឺ​ជា​ប្រទេស​កុម្មុយនិស្ត​ដ៏​ក្រហម​ឆ្អិនឆ្អៅ។ ​

គិត​រហូតមកដល់​ឆ្នាំ​២០១៥ ​កម្ពុជា​ជំពាក់បំណុល​បរទេស​ចំនួន​ ៥.៩០០​លាន​ដុល្លារ​សហរដ្ឋអាមេរិកហើយ៤៥​ភាគរយ​នៃ​បំណុល​ទាំង​អស់នោះ​ ​គឺ​បាន​មកពី​ប្រទេស​ចិន។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

លោក​ វង្សី​ វិស្សុត រដ្ឋ​លេខា​ធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ បាន​ឲ្យ​ដឹងកាល​ពី​ខែ​កុម្ភៈ​ថា​ កម្ចី​ពី​ប្រទេស​ចិន​ ​ពុំ​មាន​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​សាំញ៉ាំ​ច្រើន​នោះ​ទេ​ ហើយ​បាន​ក្លាយ​ជា​ចលករ​ដ៏​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រទេស​កម្ពុជា​។​

ប៉ុន្តែ​នេះ​មិន​មែន​សុទ្ធ​តែ​ពិត​ទាំងអស់​ទេ។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​អ្នកវិភាគ​ និង​អ្នក​សិក្សា​ស្រាវ​ជ្រាវ​សង្គម។ ពួកគេ​យល់​ថាកម្ចី​ដែល​ពុំ​ភ្ជាប់​លក្ខ​ខណ្ឌ​ច្រើន​នេះ​ បាន​បើក​ឱកាស​ឲ្យរដ្ឋាភិបាល បន្ត​ការ​ដឹកនាំ​របស់​ខ្លួន​ទៀតដោយពុំ​សូវ​បារម្ភ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ និង​ព្យាយាម​ទាញ​ការ​គ្រប់​គ្រង​របស់​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​គោលការណ៍លទ្ធិ​ប្រជាធិបតេយ្យ។​ ​

លោក​ កែម​ ឡី​ អ្នកវិភាគ​សង្គម​ខ្មែរ​ បាន​ប្រាប់​ VOA ផ្នែក​ខេមរភាសា​ថា​ ការ​វិនិយោគ​ចិន​ អាច​ជួយ​ទប់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​បន្ត​រក្សា​អំណាច​របស់​ខ្លួន តាម​លំនាំ​កុម្មុយនិស្ត​ ព្រោះ​ថា​រដ្ឋាភិបាល​សព្វថ្ងៃ​ពិបាក​សម្រប​ខ្លួន​ទៅ​តាម​លំនាំ​ប្រជាធិបតេយ្យ​ ដែល​តម្រូវ​ឲ្យ​មានការ​គោរព​សិទ្ធិមនុស្ស​។​ លោក​មាន​ប្រសាសន៍​ថា​៖​

«​រដ្ឋាភិបាល​យើង​នេះ​ ដើរ​ទៅ​រក​គោល​ការណ៍​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​អត់​រួច​ អីចឹង​គាត់​ត្រូវ​ដើរ​ថយ​ក្រោយ​ គាត់​ដើរ​ថយ​ក្រោយ​ តែដើរ​ថយ​ក្រោយ​ វាត្រូវ​ពឹង​ពាក់​ទៅ​លើ​ប្រទេស​ដែល​មាន​ វប្បធម៌​នយោបាយ​របៀប​ជា​កុម្មុយនិស្ត​អញ្ចឹង​ហើយ​ណ៎ា​។​ អីចឹង​ហើយ​ បាន​ជា​យើង​ម្តង​ហើយ​ម្តង​ទៀត​ ក្នុង​កាលៈទេសៈ​ដែល​យើង​ទប់​អំណាច​របស់​យើង​ បាន​ន័យ​ថា​ ទប់​តំណែង​របស់​យើង​ ត្រូវ​ពឹង​ពាក់​ទៅ​លើមហា​អំណាច​»​។

រូបឯកសារ៖ លោក​បណ្ឌិត​ កែម​ ឡី​ អ្នក​វិភាគ​សង្គមឯករាជ្យ​ និង​ជា​វា​គ្មិន​ក្នុង​វេទិកា​សាធារណៈនេះ ​កំពុង​ពិភាក្សា​លើ​ប្រ​ធាន​បទអំពី​ បញ្ហា​ប្រឈម​នានា​ក្នុង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​អនុ​តំបន់ទន្លេ​មេគង្គ។ (នូវ ពOលក្ខិណា/VOA)​
រូបឯកសារ៖ លោក​បណ្ឌិត​ កែម​ ឡី​ អ្នក​វិភាគ​សង្គមឯករាជ្យ​ និង​ជា​វា​គ្មិន​ក្នុង​វេទិកា​សាធារណៈនេះ ​កំពុង​ពិភាក្សា​លើ​ប្រ​ធាន​បទអំពី​ បញ្ហា​ប្រឈម​នានា​ក្នុង​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​អនុ​តំបន់ទន្លេ​មេគង្គ។ (នូវ ពOលក្ខិណា/VOA)​

​លោក​បន្ត​បញ្ជាក់​ថា​ ដោយសារ​តែ​រដ្ឋាភិបាល​បច្ចុប្បន្ន​ ចង់​បញ្ជាក់​ពី​ភក្តី​ភាព​ជាមួយ​ចិន រដ្ឋាភិបាល​បានអនុវត្ត​គោលនយោបាយ​ចិន​តែ​មួយ។​ ​គោល​នយោបាយ​នេះ​ ​បាន​កាត់​ច្រក​សេដ្ឋកិច្ច​ពីរ​ គឺ​ច្រក​ហុងកុង​ និង​កោះ​តៃវ៉ាន់​។​ ​លោក​បាន​ហៅគោល​នយោបាយ​នេះ​ថា​ ជាគោល​នយោបាយ​ផ្លូវ​ទាល់​ ដែល​កម្ពុជា​ គួរ​ពិចារណា​ឡើង​វិញ ហើយ​ជា​គោលនយោបាយ​ដែល​នាំឲ្យ​ចិន​ពង្រីក​ឥទ្ធិពល​កាន់​តែ​ខ្លាំង​លើ​កម្ពុជា​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​យោធា។​

«​គោលនយោបាយ​តែ​មួយ​ហ្នឹង​ គឺ​ជា​គោលនយោបាយ​ងាប់​ក្រឡា​ យើង​អត់​មាន​លទ្ធភាព​ ចាប់​ហុង​កុង​ ចាប់​តៃវ៉ាន់​ ចាប់​អី​បាន។​ អាមេរិក​ វា​ចាប់​ចិន​ តែ​គេ​អាច​ចាប់​តៃវ៉ាន់​។​ អីចឹង​ អា​ហ្នឹង​ ហើយ​ដែល​មើល​ឃើញ​ ទី​មួយ​។ ទីពីរ​ ចិន​ត្រូវ​តែ​វិនិយោគ ហើយ​ដើម្បី​យក​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​ ហើយ​អាច​ឈាន​ទៅ​យក​ភូមិសាស្ត្រយោធា​ ដើម្បី​យក​ឥទ្ធិពល​ នៃ​ដំណោះស្រាយ​ជម្លោះ​ ​មហាសមុទ្រ​ចិន​ខាង​ត្បូង​»។​

ប្រទេស​ចិន​ដែល​បាន​បង្កើន​អំណាច​សេដ្ឋកិច្ច​របស់​ខ្លួន​ដោយ​ស្ងៀម​ស្ងាត់​ ត្រូវ​គេ​ដឹង​ថា​ ​បាន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ ទៅកាន់​ប្រទេស​ក្រីក្រ​ជាច្រើន​នៅ​ក្នុង​តំបន់​អាហ្រ្វិក​ អាមេរិក​ឡាទីន​ និង​អាស៊ី។​ នៅ​ក្នុង​ទីតាំង​ទាំងអស់​នោះ ចិនបាន​ទទួល​ផល​ចំណេញ​ខ្លាំង​ក្នុង​ការ​កសាង​ទំនប់​វារីអគ្គិសនី​ ការជីកយករ៉ែ​ និងការ​ផ្តល់​កម្ចី​ដែល​ពុំ​ភា្ជប់​លក្ខខណ្ឌ​ច្រើន​ទាក់​ទិន​បញ្ហា​សិទ្ធិ​មនុស្ស​។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ ពី​ក្រុម​អ្នក​ស្រាវ​ជ្រាវ​សង្គម។​ ​ ​

ឥទ្ធិ​ពល​នេះ​ ក៏​ត្រូវ​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​សង្គមមើល​ឃើញ​ថា​ កំពុង​តែ​រីក​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​ត្រូវ​ការ​ថវិកា​កសាង​ប្រទេស​ ក្រោយ​ពី​បាន​សន្តិភាព​ពេញលេញ​នៅ​ឆ្នាំ​ ​១៩៩៨​។ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​តូច​មួយ​នេះ​ តែង​តែ​និយាយ​កោត​សរសើរ​ប្រទេស​ចិន​ ​និង​រិះគន់​ដល់​លក្ខខណ្ឌ​តឹងរ៉ឹង ​ដែល​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​នៅ​លោក​ខាងលិច​ផ្សេងទៀត​មាន​មក​លើ​កម្ពុជា។​ ​លក្ខខណ្ឌ​តឹងរ៉ឹង​នោះ​ ​សំដៅ​ដល់ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​។​

​ជាង​នេះ​ទៅទៀត​ គ្រោះ​រាំង​ស្ងួត​ ដែល​ប្រទេស​កម្ពុជា​ បាន​ឆ្លង​កាត់​ ហើយ​និង​ត្រូវ​គេ​រំពឹង​ថា​ បន្ត​កើត​ទៅ​ពេល​អនាគត​ទៀត​នោះ រឹត​តែ​ធ្វើ​ឲ្យ​កម្ពុជា​ ​មិន​អាច​ងាក​ចេញ​ពីប្រទេស​ចិន​បានទេ​។ ​គ្រោះ​រាំងស្ងួត​អាច​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ​ធ្លាក់​ខ្លួន​ក្រ​កាន់​តែ​ខ្លាំង​ឡើង​ ដែល​ជាហេតុ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​រក​ជំនួយ​មិន​មាន​លក្ខ​ខណ្ឌ​ច្រើន​ ​ដើម្បី​ទ្រទ្រង់​ស្ថិរភាព​សេដ្ឋកិច្ច​របស់​ប្រទេស​។​ ​

​ការ​បង្ហូរទឹក​ពី​ទំនប់​មួយ​ចំនួន​របស់​ ចិន​មកកាន់​ប្រទេស​ស្ថិត​ក្នុង​តំបន់​ទន្លេ​មេគង្គ​ក្រោម​ និង​ទទួល​ការ​សាទរ​ដោយ​រដ្ឋាភិបាល​ក្នុង​តំបន់​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ថា ចិន​កាន់​តែ​មាន​ឥទ្ធិពល​ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ​ប្រទេស​កម្ពុជា​ត្រូវ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ និង​អ្នក​វិភាគ​មើល​ឃើញ​ ថា​នឹង​រង​ឥទ្ធិពល​ពី​ការ​បង្ហូរ​ទឹក​នេះ​ដែរ​។​ ​

លោកហេង ស្រៀង អ្នកស្រាវ​ជ្រាវ​សង្គម និង​នយោបាយ​ បាន​ប្រាប់ VOA​ ថា​ ស្ថានភាព​រាំង​ស្ងួត​ដែល​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ កាន់​តែ​ក្រ​ឡើង​នោះ​ នឹង​ជំរុញ​ឲ្យ​កម្ពុជា​ខ្ចី​លុយ​ចិន​កាន់​តែ​ច្រើន។​ លោក​និយាយ​ថា​៖​

«​យើង​កាន់តែ​ [មាន] ​ភាព​ក្រីក្រ​ដោយ​សារ​តែ​ ភាព​រាំង​ស្ងួត​ ដោយសារ​ការ​កាប់​បំផ្លាញ​នូវ​ធនធាន​ធម្មជាតិ​ ដូច្នេះ​គាត់​ហាក់​ដូចជា​ ផ្ញើ​វាសនា​ប្រទេស​ជាតិ​ហ្នឹង​ គឺ​ស្ទើរ​តែ​ទាំង​ស្រុង​ ទៅលើ​កម្ចី​របស់​ចិន​ដោយ​អត់​បាន​គិត​ពី​ផល​ប៉ះ​ពាល់​ទៅដល់​ប្រជាពលរដ្ឋ​ ឬក៏ក្លាយ​ទៅ​ជា​កូន​បំណុល​របស់​គេ​ទេ»​។​

​លោក​បាន​បន្ត​ថា ​ភាព​ក្រីក្រ​ បង្ក​ពី​គ្រោះ​រាំង​ស្ងួត​ នឹង​ធ្វើ​ឲ្យ​បំណុល​ដែល​កម្ពុជា​ ជំពាក់​ចិន​ កាន់​តែ​រីក​ធំ​ និង​បង្ខំ​កម្ពុជា​ឲ្យ​ដើរ​តាម​ប្រទេស​ចិន​បន្ត​ទៀត​។​ ​លោកថ្លែង​ថា៖

«​ប្រទេស​ចិន​ភាគ​ច្រើន​ គឺ​យក​ប្រទេស​ដែល​ជា​មិត្ត ដូច​ជា​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន​ ហើយ​ប្រទេស​មួយ​ចំនួន របស់​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​យើង​មួយ​ចំនួន​ហ្នឹង​ គឺ​គ្រាន់​តែ​យក​មក​ជា​កូន​អុក​ ឬក៏​ធ្វើ​ជា​កូន​បំណុល​ ដើម្បី​ស្រួល​ប្រើ​ ហើយ​ក៏ងាយ​ចូល​ទៅ​ក្នុង​ប្រទេស​ហ្នឹង​ ដើម្បី​ទៅ​យក​រ៉ែ​ធម្មជាតិ​ ទៅ​វិនិយោគ​ ទៅលើ​ដីធ្លី​ ទៅលើ​វារី​អគ្គិសនី​អី​មួយ​ចំនួន​អីចឹង​ អាច​ជា​អត្ថប្រយោជន៍​របស់​ចិន​ភាគ​ច្រើន»​។​

​លោក​ កែម ឡី​ ​មាន​ប្រសាសន៍​ថា​ កម្ពុជា​ អាច​នឹង​វ័ណ្ឌ​-ក​ ដោយសារ​គោលនយោបាយ​ ដែល​មិន​មាន​ការ​ថ្លឹង​ថ្លែង​ពី​ឥទ្ធិពល​ចិន​ និង​បស្ចិម​ប្រទេស​។​

​«​ការ​ទូត​របស់​យើង​នេះ​ នៅ​ពេល​ដែល​យើង​ងាប់​ក្រឡា​មួយ​ចិន​ តាំងពី​ចិន​តែ​មួយ​ ទាំង​ពីរ​ជំនួយ​របៀប​បំណុល​ យើង​មិន​ត្រឹម​តែ​ អនាគត​វិបត្តិ​បំណុល​ទេ​គឺ​នយោបាយ​យើង​ នយោបាយ​ការទូត​ចងក​ទៀត​។​ ជាទូទៅ​ យើង​ចង់​ដោះ​ពី​ក្រពើ​ យើង​មក​ចូល​មាត់​ខ្លា​ហើយ​ បាន​ន័យ​ថា យើង​ចង់​ដោះ​ពី​វៀតណាម​ដែល​ជា​ បក្ស​កុម្មុយនិស្ត​មួយ​ អីចឹង​វា​នឹង​មកចូល​បក្ស​កុម្មុយនិស្ត​មួយ​ទៀត​អញ្ជឹងទៅណា ហើយ​យើង​អត់​បាន​គោរព​រដ្ឋ​ធម្មនុញ្ញ​។​ បើ​សិន​ជា​យើង​គោរព​រដ្ឋធម្មនុញ្ញ​យើង​ យើង​មាន​ការទូត​ដូច​ៗ​គ្នា​ក្នុង​ន័យ​អព្យាក្រឹត​ ហើយ​យើង​យក​គោល​ការណ៍​អាស៊ាន​អនុវត្តន៍​ ត្រឹមត្រូវ​អា​ហ្នឹង​ យើង​អត់មាន​ហានិភ័យ​ទេ​ ប៉ុន្តែ​ណាស់​តែ​យើង​ផ្អៀង​ទៅ​ម្ខាង​ៗ​ដាច់​អ្ហាស់​ អា​ហ្នឹង​ហើយ​ដែល​យើង​ខុស»។​

លោក​ថា​ ភាព​លម្អៀង​ជ្រុល​នៃ​ចំណង​ការ​ទូត​នេះ​ ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ ជួប​គ្រោះ​មហន្តរាយ​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​ ​រហូត​ដល់​សម័យ​ខ្មែរ​ក្រហម ឬ​ប៉ុល​ ពត​។​

ថ្វីបើ កម្ពុជា​រង​ការ​រិះគន់​ពី​ការ​ផ្អៀង​ផ្អង​ចំណង​ការទូត​នេះ​ក្តី​ រដ្ឋ​មន្ត្រី​ការ​បរទេស​ថ្មី​របស់​កម្ពុជា​ គឺ​លោក ប្រាក់​ សុខុន​ ប្រាប់​ទៅ​អ្នក​សារព័ត៌មាន​ បន្ទាប់​ពីជំនួបលោក​ ជាមួយ​ វ៉ាង​ យី​ ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ថា​ កម្ពុជា​ប្រកាន់​ជំហរ​អព្យាក្រឹត មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​អ្នក​ដទៃ​ នៅ​គ្រា​ដែល​ចិន​កំពុង​មាន​វិវាទ ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​។​ ​លោក​បាន​មាន​ប្រសាសន៍​ថា​ ដោយ​យោង​ដល់​ជម្លោះ​នេះ​ កាល​ពី​ពេល​នោះ​យ៉ាង​ដូច្នេះ​ថា៖​

«អីចឹង​ហើយ​ ជំហរ​របស់​កម្ពុជា​ គឺ​ថា​ អំពាវនាវ​ឲ្យ​ភាគី​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ រក​វិធី​ដោះស្រាយ​ដោយ​សន្តិវិធី​ តាម​រយៈ​ការ​ពិគ្រោះ​យោបល់​ និង​ការ​ចរចា​និង​ស្រប​តាម​ច្បាប់​អន្តរជាតិ»។​

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​មាន​ប្រសាសន៍​អំពី​ស្ថានភាព​ទំនាក់ទំនង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុងបន្ទប់ផ្សាយ​របស់ VOA ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (ផន បុប្ផា/VOA)
រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​មាន​ប្រសាសន៍​អំពី​ស្ថានភាព​ទំនាក់ទំនង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុងបន្ទប់ផ្សាយ​របស់ VOA ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (ផន បុប្ផា/VOA)

លោក​ អ៊ូ​ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ​ក្នុងស្រុក​ ថ្លែង​ថា​ បើ​ទោះ​ជា​មាន​ការ​ថ្លែង​ពី​លោក​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​ថា​ កម្ពុជា​ នឹង​ប្រកាន់​ជំហរ​អព្យាក្រឹត​នោះ​ក្តី​ ក៏​ប្រទេស​ដ៏​ក្រី​ក្រ​នេះ​ នៅ​មិន​អាច​ងាក​ចេញ​ពី​ចិន​បាន​ដដែល​។​ លោក​ថា​ ការណ៍​ដែល​កម្ពុជា​កាន់​តែ​ខិត​ជិត​ទៅ​រក​ចិន​ កម្ពុជា​ នឹង​អាច​ក្លាយ​ជា​ឧបករណ៍​មួយ​ដែល​ចិន​នឹង​ប្រើ​នៅ​ក្នុង​ជម្លោះ​អន្តរជាតិ​នានា​។​

«ជា​ការ​ព្រួយ​បារម្ភ​របស់​យើង​ដែរ​ ដោយសារ​ការ​ពឹង​ផ្អែក​ទៅ​លើ​ចិន​ជ្រុល​ពេក វា​អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ហ្នឹង​ទៅ​ជា​ឧបករណ៍​នៃ​ជម្លោះ​មួយ​ចំនួន យើង​ទៅជា​ឧបករណ៍​របស់​ចិន​ នៃ​បញ្ហា​ការងារ​អន្ត​រ​ជាតិ​ មួយ​ចំនួន»​។​

កាល​ពី​ឆ្នាំ​២០១២​ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រិះគន់​ថា​ បាន​ធ្វើ​ឲ្យ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​ថា​ អាស៊ាន​ ជួបបរាជ័យ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ​ដោយ​អាស៊ាន​ មិន​អាច​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​បាន​ទាក់​ទិន​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ក្នុង​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​របស់​អាស៊ាន​ក្នុង​ទី​ក្រុង​ភ្នំពេញ​។​ ​

លោក​ ហេង​ ស្រៀង​ អ្នកសិក្សា​ស្រាវ​ជ្រាវ​សង្គម​ ថ្លែង​ថា​ បរា​ជ័យ​នេះ​ ជា​សញ្ញា​មួយ​បញ្ជាក់​ថា​ កម្ពុជាផ្អៀង​ទៅ​រក​ចិន។​ លោក​ថ្លែង​ថា​ ដើម្បី​បញ្ចៀស​ការ​កើត​មាន​ជាថ្មី​នៃ​ បរា​ជ័យ​នេះ​ កម្ពុជា​ ត្រូវ​មាន​ការ​កំណត់​ច្បាស់​លាស់​ នូវ​កម្រិត​នៃ​ទំនាក់​ទំនង​ការ​ទូត​ រវាង​ប្រទេស​ចិន​ និង​ប្រទេស​ដទៃ​ទៀត​ ដូច​ជា​សហ​រដ្ឋ​អាមេរិក​។​

លោក​បញ្ជាក់​ថា​ ប្រទេស​សិង្ហបុរី​ ដែល​ជា​ប្រទេស​ដ៏​ក្រី​ក្រ​មួយ​ បាន​កែ​ប្រែ​ស្ថាន​ភាព​សេដ្ឋកិច្ច​របស់​ខ្លួន​ ឈរ​ជើង​ជា​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ដោយ​សារ​ភាព​ប៉ិនប្រសប់​របស់​មេដឹកនាំប្រទេស​ ​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​អន្តរជាតិ​។​

​«ប្រទេស​សាំងហ្គាពួរ​ នៅ​ឆ្នាំ​៦០​ជាង​ ៧០​ជាង​ គាត់​មិន​ទាន់​មាន​សេដ្ឋកិច្ច​រឹងមាំ​នៅ​ឡើយ​ ដូច្នេះ​គាត់បាន​វាស់​វែងថា​តើគាត់​ត្រូវ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​អាមេរិក​ប៉ុន្មាន​ភាគរយ​ ប្រទេស​អូស្ត្រាលី​ ដែល​នៅ​ជិត​ជុំ​ហ្នឹង ​យ៉ាងម៉េច?​ ហើយ​ធ្វើ​ម៉េច​គេ​អាច​ទប់​ជាមួយឥទ្ធិពល​ចិន​ ដោយ​មិន​ឲ្យ​ខ្លួន​ធ្លាក់​ក្លាយទៅជា​កូន​អុក​របស់​ចិន​ទេ»​។​

​ក្រៅពី​ការ​ព្យាយាម​ធ្វើ​ឲ្យទំនាក់​ទំនង​កម្ពុជា-​ចិន​ ឲ្យ​កាន់តែ​ស្អិតល្មួត​នោះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ពង្រីក​ចំណង​ទាក់ទង​កម្ពុជា-រុស្ស៊ី បន្ថែម​ទៀត​ផង​ដែរ​។ ថ្មី​ៗ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ទើប​តែ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ទៅ​កាន់​ប្រទេស​រុស្ស៊ី​ ជា​ទី​ដែល​លោក​បាន​ស្នើ​ឲ្យ​ភាគី​រុស្ស៊ី​ជួយ​ទិញ​ផលិត​កសិកម្ម​ពី​កម្ពុជា​ ដោយ​មិន​យកពន្ធ​ និង​ការ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​។​

ការណ៍​នេះ​បន្ថែម​ក្តី​បារម្ភ​កាន់​តែ​ច្រើន​ដល់ក្រុម​អ្នក​វិភាគ​សង្គម​ ដែល​មើល​ឃើញ​ថា​ផលប្រយោជន៍ សេដ្ឋកិច្ច​នេះ​អាច​នឹង​ទាញ​កម្ពុជា​ឱ្យ​ដើរ​កាន់​តែ​ឆ្ងាយ​ពី​គន្លង​នៃ​រដ្ឋធម្មនុញ្ញ​ខ្លួនឯង​ ដែល​បាន​ចែង​ថា​ កម្ពុជា​ដើរ​តាមរបប​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG