មន្ត្រីជាន់ខ្ពស់ប្រចាំសេតវិមាននិយាយនៅថ្ងៃចន្ទនេះថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា (Barack Obama) បានសម្រេចអនុញ្ញាតឲ្យកងទ័ពអាមេរិកបើកការហោះហើរដើម្បីស៊ើបការណ៍សម្ងាត់លើទឹកដីនៃប្រទេសស៊ីរី។
មន្ត្រីដដែលនិយាយថាលោកអូបាម៉ានៅមិនទាន់អនុញ្ញាតឲ្យមានសកម្មភាពយោធាណាមួយនៅឡើយទេ ក៏ប៉ុន្តែសហរដ្ឋអាមេរិកបានត្រៀមជម្រើសយោធារួចស្រេចអស់ហើយដើម្បីឆ្លើយតបនឹងក្រុមសកម្មប្រយុទ្ធ Islamic State ដែលកំពុងកាន់កាប់តំបន់ជាច្រើនស្ថិតក្នុងភាគខាងកើតនៃប្រទេសស៊ីរី និងភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។
កាលពីពេលថ្មីៗនេះសហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសក្នុងប្រទេសអ៊ីរ៉ាក់ដើម្បីគាំទ្រកងទ័ពប្រទេសមួយនេះ។ ក្រោមជំនួយតាមផ្លូវអាកាសរបស់អាមេរិក កងទ័ពអ៊ីរ៉ាក់បានវាយដណ្ដើមទឹកដីផ្នែកខ្លះនិងទីក្រុង Mosul ដែលជាទីក្រុងមួយដ៏សំខាន់ក្នុងការផ្គត់ផ្គង់ថាមពលទៅតំបន់នានាក្នុងប្រទេសអ៊ីរ៉ាក់។
មន្ត្រីក្រសួងការពារសហរដ្ឋអាមេរិកនិយាយថា វាពិតជាមានសារៈសំខាន់ក្នុងការតាមដានក្រុមសកម្មប្រយុទ្ធ Islamic State ដែលកំពុងបោះទីតាំងនៅក្នុងទឹកដីនៅចន្លោះព្រំដែនរបស់ប្រទេសស៊ីរី និងអ៊ីរ៉ាក់។ កិច្ចសហប្រតិបត្តិការរបស់នេះមានភាពស្មុគស្មាញច្រើនដោយសារតែវិបត្តិនៃសង្គ្រាមស៊ីវិលដែលកំពុងអូសបន្លាយក្នុងប្រទេសស៊ីរី។
មន្ត្រីសេតវិមាននិយាយថា លោកអូបាម៉ា មិនចង់ឲ្យសាធារណៈមើលឃើញថាសកម្មភាពណាមួយរបស់អាមេរិកប្រែក្លាយទៅជាជំនួយដល់រដ្ឋាភិបាលរបស់លោក Bashar al-Assad ដែលកំពុងរងការរិះគន់ធ្ងន់ធ្ងរថា បានធ្វើជម្លោះបង្ហូរឈាមរីករាលដាលក្នុងប្រទេសអ៊ីរ៉ាក់អស់រយៈពេលជាង ៣ឆ្នាំមកហើយ៕