មន្ត្រី​អាមេរិក​ខក​ចិត្ត​ចំពោះ​ការ​រារាំង​សកម្មជន​វៀតណាម​មិន​ឲ្យ​ចូលរួម​ក្នុង​កិច្ចជំនួប​មួយ

រូបឯកសារ៖ អ្នក​ការ​ទូតអាមេរិក​ដឹកនាំ​ដោយ​លោកស្រី Virginia Bennett ​ឧបការី​ស្តីទី​រដ្ឋមន្រ្តី​ការបរទេស​​អាមេរិក​ទទួល​បន្ទុក​ផ្នែក​លទិ្ធ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ ជួយជាមួយ​នឹង​ សកម្មជនសិទ្ធិ​មនុស្ស​វៀតណាម​ ក្នុង​ក្រុង​ Saigon កាល​ពី​ថ្ងៃ​ទី ២៤ ខែ​ឧសភា ឆ្នាំ​២០១៧។ (រូបថត​ពី​គណនី​ហ្វេសប៊ុក Huynh Thuc Vy)

លោកស្រី Virginia Bennett ​ឧបការី​រដ្ឋមន្រ្តី​ការបរទេស​ស្តីទី​អាមេរិក​ទទួល​បន្ទុក​ផ្នែក​លទិ្ធ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ បាន​បញ្ជាក់​ពី​ការ​បង្ហោះ​សារ​មួយ​ចំនួន​របស់​ក្រុម​រិះគន់​រដ្ឋាភិបាល​វៀតណាម​ ដោយ​​និយាយ​ថា «អាជ្ញាធរ​បាន​រារាំង​បុគ្គល​មួយ​ចំនួន​​មិន​ឲ្យ​ជួប​ជាមួយ​​ខ្ញុំ»។

មន្រ្តី​ការទូត​ជាន់​ខ្ពស់​ម្នាក់​បាន​បញ្ចេញ​ការ​ខក​ចិត្ត​របស់​លោកស្រី ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​វៀតណាមនិយាយ​ថា ពួកគេ​ត្រូវ​បានរារាំង​មិន​ឲ្យ​ចូលរួម​ក្នុង​ជំនួប​មួយជាមួយ​នឹង​លោកស្រី ស្រប​ពេល​ដែល​លោកស្រីដឹកនាំ​ក្រុម​ប្រតិភូ​ទៅ​ចូលរួម​ក្នុង​វេទិកា​សន្ទនា​ទ្វេភាគី​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​វៀតណាម។ ​

កាលពី​ថ្ងៃ​អង្គារ​ ទី​០៦ ខែ​មិថុនា​កន្លង​នេះ លោកស្រី Virginia Bennett ​ឧបការី​ស្តីទី​រដ្ឋមន្រ្តី​ការបរទេសអាមេរិក​ទទួល​បន្ទុក​ផ្នែក​លទិ្ធ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ បាន​បញ្ជាក់​ពី​ការ​បង្ហោះ​សារ​មួយ​ចំនួន​របស់​ក្រុម​រិះគន់​រដ្ឋាភិបាល​វៀតណាម​ ដោយនិយាយ​ថា «អាជ្ញាធរ​បាន​រារាំង​បុគ្គល​មួយ​ចំនួនមិន​ឲ្យ​ជួប​ជាមួយខ្ញុំ»។

នៅ​ក្នុង​បទសម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​នឹង​ VOA ផ្សាយ​ជា​ភាសា​វៀតណាម ​មន្ត្រី​អាមេរិក​រូប​នេះ​បាន​និយាយ​ថា៖

«ខ្ញុំ​បាន​ជំរុញរដ្ឋាភិបាល​វៀតណាម​ឲ្យ​អនុញ្ញាត​បុគ្គល​គ្រប់​រូប​ អនុវត្ត​សិទ្ធិ​ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពួកគេ​ ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ផ្តន្ទាទោស ដូចដែល​សហរដ្ឋ​អាមេរិក កំពុង​បន្ត​ធ្វើ​ ហើយ​យើង​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​បម្រាម និង​ការ​ដាក់​កំហិត​នានា​លើ​ក្រុម​សកម្មជន»។

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ ដែល​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​កុម្មុយនិស្ត​មួយ​នេះ​ ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យ​ជួប​ជាមួយ​នឹង​មន្ត្រី​អាមេរិក។ អតីត​ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ក៏​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ដូច​នេះ​ផង​ដែរ​កាលពី​ឆ្នាំ​មុន អំឡុងពេល​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​វៀតណាម ទីដែល​លោក​ត្រូវ​បាន​ស្វាគមន៍​ដោយ​ពលរដ្ឋវៀតណាម​រាប់​ពាន់​នាក់។

លោកស្រី Bennett បាន​បន្ថែមថា លោកស្រី​បាន​លើក​ឡើង​ពី «ករណីជាក់លាក់​គួរ​ឲ្យ​ព្រួយបារម្ភចំពោះ​បុគ្គល​ជាង​១២​នាក់ នៅ​ក្នុង​វេទិកា​សន្ទនា​នា​ឆ្នាំ​នេះ»។ នៅ​តែ​មិន​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ថា​តើ​ ភាគី​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ពី​ករណីលោក Hoang Duc Binh (ហ័ង ឌុក ប៊ីង) ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​ឧសភាពី​ «បទ​រំលោភ​បំពាន​លើ​សិទ្ធិ​ប្រជាធិបតេយ្យ​ដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស»នោះ​ឬ​ទេ បន្ទាប់​ពី​ការ​ពាក់ព័ន្ធ​របស់​លោកនៅ​ក្នុង​បាតុកម្ម​ស្តី​ពីបញ្ហា​បរិស្ថាន​មួយ​ប្រឆាំង​នឹង​រោងចក្រដែក​ថែប​តៃវ៉ាន់ ដែល​បាន​បំពុល​តំបន់​ឆ្នេរ​សមុទ្រនៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម។ ​លោកស្រី Bennett បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ «មាន​ការ​ព្រួយ​បារម្ភ» អំពី​ករណី​នេះ។

រដ្ឋាភិបាល​វៀតណាម​បាន​បដិសេធម្តង​ហើយ​ម្តង​ទៀត​នូវ​ការ​ចោទប្រកាន់​របស់​ក្រុមសកម្មជន​សិទ្ធិ​មនុស្ស​ ដែល​ថា រដ្ឋាភិបាល​បាន​បំបិទ​មាត់​ក្រុម​អ្នករិះគន់​ខ្លួន។ ខណៈ​ដែលអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​រិះគន់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ពី​ការ​ចាប់​ខ្លួនបុគ្គល​មួយ​ចំនួន​នៅ​ក្នុង​ឆ្នាំ២០១៦ រដ្ឋាភិបាលក្រុង​ហាណូយ​នេះ​បាន​អះអាងថា ខ្លួន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​តែ​អ្នកល្មើស​ច្បាប់​តែ​ប៉ុណ្ណោះ។

រូបឯកសារ៖ លោកស្រី Virginia Bennett ​ឧបការី​ស្តីទី​រដ្ឋមន្រ្តី​ការបរទេសអាមេរិក​ទទួល​បន្ទុក​ផ្នែក​លទិ្ធ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ ជួប​ជាមួយ​នឹង​សកម្មជន​សិទ្ធិ​មនុស្ស Ching-yu Lee កាល​ពី​ថ្ងៃ​ទី១៧ ខែ​ឧសភា ឆ្នាំ​២០១៧។

នៅ​ពេល​សួរ​ថា​តើ​រដ្ឋបាល​លោក​ ត្រាំ នឹង​ដាក់​បញ្ហា​ជំនួញ​ ជា​ប្រធាន​បទ​ពិភាក្សា​ចម្បង​ជំនួស​ឲ្យ​បញ្ហា​សកម្មជន​សិទ្ធិ​មនុស្ស​ ដែលជាប់​ទាក់ទង​នឹង​រដ្ឋាភិបាល​ក្រុង​ហាណូយ ដូច​ដែល​ក្រុម​សកម្មជន​បាន​ចោទប្រកាន់​ឬ​យ៉ាង​ណា មន្រ្តីការទូត​ លោកស្រី Bennett ​បាន​លើក​ឡើង​ពី​សេចក្តី​ថ្លែងការណ៍​រួម​ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​កាលពី​ចុង​ខែ​ឧសភា​ រវាង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ និង​លោក​នាយក​មន្ត្រី​វៀតណាម Nguyen Xuan Phuc (វៀន ស៊ុន ហ្វុក)។ លោក​ស្រី​បាន​និយាយ​ថា នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ មេ​ដឹកនាំ​ទាំង​ពីរ «ទទួល​ស្គាល់​ពី​សារៈសំខាន់​នៃ​ការ​ការពារ​សិទ្ធិ​មនុស្ស និង​ទំនាក់ទំនង​រវាង​សិទ្ធិ​មនុស្ស សន្តិសុខ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ»។

បញ្ហា​សិទ្ធិ​មនុស្ស​ ដែល​លោកស្រី Bennett បាន​ទទួល​ស្គាល់​ថា ភាគី​ទាំង​ពីរ​នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា «មាន​សារៈសំខាន់​សម្រាប់​ទំនាក់ទំនង​ទ្វេ​ភាគី​ដើម្បី​សម្រេច​បាន​សក្តានុពល​ពេញលេញ​មួយ»។ លោក Vu Anh Quang (វូ អេង ក្វាង) ​មន្រ្តី​ការ​ទូត​ដឹកនាំ​ក្រុម​ប្រតិភូ​វៀតណាម​នៅ​ក្នុង​វេទិកា​សន្ទនា​ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​នោះ​ទេ។

លោក​នាយក​រដ្ឋ​មន្ត្រី Phuc (ហ្វុក) ជា​មេដឹកនាំ​ដំបូង​ពី​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ​ដែល​បានធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សេតវិមាន​ ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី​ត្រាំ។ លោក Carl Thayer អ្នក​ជំនាញ​ផ្នែក​ប្រទេស​វៀតណាម និងសាស្ត្រាចារ្យ​ចូល​និវត្តិន៍​ តែ​នៅ​បង្រៀន​នៅ​សាកលវិទ្យាល័យ University of New South Wales ​ប្រទេស​អូស្ត្រាលី​បាន​ប្រាប់​ VOA ផ្សាយ​ជា​ភាសា​វៀតណាម​ថា «ការងារ​ពីមុនៗ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​កន្លង​មក​គឺ ​សម្រេច​បាន​ជា​កិច្ចព្រមព្រៀង​ផ្សេងៗ​ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ពី​៨ ទៅ​១៥ពាន់​លាន​ដុល្លារ»។​

លោក​បាន​និយាយ​ថា «ការណ៍​នេះ​ច្បាស់​ណាស់​បាន​បង្កើត​បរិយាកាស​ជាល្អ​មួយ ហើយ​លោក​ប្រធានាធិបតី​ ត្រាំ បាន​ឆ្លើយតប​យ៉ាង​វិជ្ជមាន។ លើស​ពី​នេះ អតិរេក​ពាណិជ្ជកម្ម ​ក្នុងទឹក​ប្រាក់​ចំនួន​៣០ពាន់​លាន​ដុល្លារ​របស់​វៀតណាម ដែល​ជា​មូលហេតុ​ចម្បង​មួយ​បង្ក​ឲ្យ​មាន​ភាព​រកាំរកូស​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ ត្រូវ​បាន​គេ​ដោះស្រាយ​នៅ​ចំពោះ​មុខ។ វៀតណាម​មាន​ភាព​បត់បែន​ ហើយ​បាន​ផ្តល់​គំនិត​យោបល់​ពី​របៀប​ដែល​ជំនួញ​ពី​អាមេរិក​អាច​ពង្រឹង​ការ​លក់​ទៅ​កាន់ប្រទេស​វៀតណាម។ បញ្ហា​ពាណិជ្ជកម្ម​នៅ​តែជា​បញ្ហា​អាទិភាព​ជានិច្ច។ ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី Phuc (ហ្វុក) បាន​បើក​ចំហ​ឲ្យ​មាន​ការ​ពិភាក្សា​លម្អិត​បន្ថែម​ទៀត​ពី​សំណាក់​ក្រុម​អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម»៕

លោកស្រី Bennett ​បាន​បដិសេធការ​រិះគន់​មួយ​ចំនួន​ពី​សំណាក់ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​វៀតណាម​ដែល​ថា រដ្ឋបាល​លោក​ប្រធានាធិបតី​ ត្រាំ​ ចាត់​ទុកបញ្ហា​ពាណិជ្ជកម្ម​សំខាន់​ជាង​បញ្ហា​សិទ្ធិ​មនុស្ស​ ក្នុង​បរិបទទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដោយ​លោកស្រី​បាន​លើក​ឡើង​ពី​សេចក្តី​ថ្លែងការណ៍​រួម​មួយ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ ​បន្ទាប់​ពី​កិច្ចប្រជុំ​ទ្វេ​ភាគី​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី Phuc (ហ្វុក) និង​លោក​ប្រធានាធិបតី​ត្រាំ​នៅ​សេតវិមាន​កាលពី​ចុង​ខែ​ឧសភា។ លោកស្រី​បាន​បន្ត​ថា លោកស្រី​មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​ររាំង​សកម្មជន​វៀតណាម​ ដែល​ត្រូវ​បាន​អញ្ជើញ​មក​ជួប​ជាមួយ​លោកស្រី ហើយ​លោកស្រី​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ​លុប​ចោល​បម្រាម​លើ​សកម្មជន​ទាំង​នោះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ