សហរដ្ឋ​អាមេរិក​ប្រារព្ធ​ទិវា​រំឭក​គុណូបការៈ​យុទ្ធជន​ពលី

សមាជិក​នៃ​ក្រុម​យុទ្ធជន Old Guard ដាក់​ទង់ជាតិ​នៅ​ពី​មុខ​ផ្នូរ​នៅ​កន្លែង​បញ្ចុះ​សព Arlington National Cemetery ក្នុង​ក្រុង Arlington សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។

នៅ​ថ្ងៃ​ច័ន្ទ​នេះ សហរដ្ឋ​អាមេរិក​ប្រារព្ធ​ទិវា​រំឭក​គុណូបការៈ​យុទ្ធជន​ពលី ដែល​ហៅ​ថា Memorial Day។

ទិវា​នេះ​ក៏​ជា​ទិវា​មិន​ផ្លូវការ​នៃ​ការ​ប្រារព្ធ​ការ​ចាប់ផ្ដើម​រដូវ​ក្ដៅ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន​ផង​ដែរ។

ទិវា​រំឭក​គុណូបការៈ​យុទ្ធជន​ពលី​នេះ ជា​ផ្លូវការ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​ឧសភា ដើម្បី​ជា​ការ​គោរព​ទៅ​ដល់​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​របស់​យោធា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក​ទាំង​មូល។ សភា​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ទិវា​រំឭក​គុណូបការៈ​យុទ្ធជន​ពលី នេះ ថា​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​រដ្ឋ នៅ​ក្នុង​ឆ្នាំ ១៩៧១។

មាន​ការ​ប្រារព្ធ​ទិវា​នេះ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក រួម​ទាំង​រដ្ឋធានី​វ៉ាស៊ីនតោន​ផង​ដែរ។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន លោក​ប្រធានាធិបតី Donald Trump នឹង​ចូលរួម​នៅ​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​នៅ​ឯ​ផ្នូរ​របស់​ទាហាន​អាមេរិកាំង​ដែល​គេ​មិន​ស្គាល់​អត្ត​សញ្ញាណ នៅ​ក្នុង​ទី​បញ្ចុះ​សព​ជាតិ Arlington។

ក្បួន​ក្រុម​ម៉ូតូ​ធំ ដែល​តំណាង​ឲ្យ​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សង្គ្រាម​វៀតណាម ដែល​ហៅ​ថា​យុទ្ធនាការ «ផ្គរ​លាន់​ប្រដេញ​គ្នា» ឬ​ជា​ភាសា​អង់គ្លេស​ហៅ​ថា Rolling Thunder បាន​ប្រារព្ធ​ពិធី​ដាក់​កម្រង​ផ្កា​នៅ​ឯ​កន្លែង​រំឭក​គុណូបការៈ​យុទ្ធជន​ពលី​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី ២ និង​កន្លែង​រំឭក​គុណូបការៈ​យុទ្ធជន​ពលី​នៅ​ក្នុង​សង្គ្រាម​វៀតណាម។ ក្បួន​ក្រុម​ម៉ូតូ​ធំ​នេះ ធ្វើ​ឡើង​ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​សាធារណជន​ទូទៅ​ឲ្យ​ផ្ដោត​លើ​ស្ថានភាព​នៃ​អ្នក​ទោស​សង្គ្រាម និង​ទាហាន​អាមេរិកាំង​ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​សង្គ្រាម។

ទិវា​រំឭក​គុណូបការៈ​យុទ្ធជន​ពលី​នេះ បាន​ចាប់ផ្ដើម​ប្រារព្ធ​ដំបូង​នៅ​ក្នុង​ឆ្នាំ ១៨៦៥ គឺ​បន្ទាប់​ពី​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​ទៅ ដែល​នៅ​ពេល​នោះ ក្រុម​អតីត​ទាសករ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​ប្រារព្ធ​ពិធី​ដែល​គេ​យល់​ថា ជា​ការ​រំឭក​ដំបូង​បង្អស់​ដល់​អ្នក​ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕