លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅក្នុងការឆ្លើយតបការគំរាមកំហែងពាក្យសម្តីរកធ្វើសង្គ្រាមជាមួយប្រទេសកូរ៉េខាងជើង បានប្រកាសកាលពីថ្ងៃពុធថា ឃ្លាំងអាវុធនុយក្លែអ៊ែរបស់សហរដ្ឋអាមេរិកឥឡូវនេះមានច្រើនជាងពេលណាៗទាំងអស់។
នៅក្នុងអត្ថាធិប្បាយតាមប្រព័ន្ធ Twitter កាលពីព្រឹកថ្ងៃពុធ លោកប្រធានាធិបតីត្រាំ បានមានប្រសាសន៍ថា បទបញ្ជាមុនដំបូងរបស់លោកក្នុងឋានៈជាប្រធានាធិបតីនៅពេលដែលលោកចូលកាន់ដំណែងកាលពីខែមករា គឺត្រូវជួសជុលនិងធ្វើឲ្យទំនើបឡើងវិញនូវឃ្លាំងអាវុធនុយក្លែអ៊ែរបស់យើង។ លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ទៀតថា យើងមិនដែលប្រើប្រាស់អាវុធនេះទេ ក៏ប៉ុន្តែ យើងនៅតែជាប្រទេសមហាអំណាចខ្លាំងជាងគេបំផុតនៅក្នុងពិភពលោក។
គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយ តើមានការជួសជុលអាវុធនុយក្លែអ៊ែចាប់តាំងពីលោកចូលកាន់ដំណែងជាប្រធានាធិបតីឬទេ។ លោកប្រធានាធិបតីត្រាំ បានអំពាវនាវឲ្យបង្កើនយ៉ាងខ្លាំងការចំណាយខាងការពារប្រទេស រួមមានការស្រាវជ្រាវនិងការអភិវឌ្ឍន៍អាវុធថ្មីៗ ក៏ប៉ុន្តែសភាមិនទាន់បានអនុម័តផែនការចំណាយសម្រាប់ឆ្នាំ២០១៨នៅឡើយទេ។
ការវាយតម្លៃកាលពីពេលថ្មីៗនេះរបស់ប្រធានាធិបតីត្រាំ អំពីកម្លាំងយោធាដ៏ខ្លាំងមួយរបស់សហរដ្ឋអាមេរិកបានកើតមានឡើងកន្លះថ្ងៃបន្ទាប់ពីលោកបានចេញការព្រមានដ៏ខ្លាំងមួយដល់ប្រទេសកូរ៉េខាងជើងដោយនិយាយថា ប្រសិនបើរដ្ឋាភិបាលក្រុងព្យុងយ៉ាងបន្តការគំរាមកំហែងរបស់ខ្លួនប្រឆាំងនឹងសហរដ្ឋអាមេរិក កូរ៉េខាងជើងនឹងជួបប្រទះភ្លើងនិងកំហឹងដែលពិភពលោកមិនដែលបានឃើញកាលពីពេលមុន។
លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Jim Mattis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា កូរ៉េខាងជើងត្រូវតែជ្រើសរើសបញ្ឈប់ការធ្វើឲ្យខ្លួនឯងកោហើយនឹងដកខ្លួនចេញពីអាវុធនុយក្លែអ៊ែ៕