អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាបានអះអាងថា វត្តមាននាវាចម្បាំងសហរដ្ឋអាមេរិក USS SAVANNAH នៅក្នុងខេត្តព្រះសីហនុ បង្ហាញពីទំនាក់ទំនងល្អនៅក្នុងវិស័យការពារជាតិ និងកងទ័ព ហើយជាការបង្កើនទំនុកចិត្តលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោក ហ៊ុន សែន លើកឡើងបែបនេះនៅក្នុងជំនួបកាលពីថ្ងៃអង្គារជាមួយអ្នកស្រី ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែលចូលជួបសម្ដែងការគួរសម ជាមួយលោក ហ៊ុន សែន នៅវិមានព្រឹទ្ធសភា។
លោក ហ៊ុន សែន បានបង្ហោះសារនៅលើហ្វេសប៊ុកកាលពីថ្ងៃអង្គារថា វត្តមានរបស់នាវាចម្បាំងជា «ការបង្កើនទំនុកចិត្តបន្ថែមលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលមានស្រាប់ និងតាមរយៈសកម្មភាពនានារបស់ USAID ផងដែរ»។
លោក ហ៊ុន សែន ក៏បង្ហាញក្តីសង្ឃឹមថា ការវិលត្រឡប់មកវិញនៃរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ (Donald Trump) នាពេលខាងមុខ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ «កាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត»។
សាររតាមហ្វេសប៊ុករបស់លោក ហ៊ុន សែន បញ្ជាក់បន្ថែមថា៖ «រឿងចាស់គឺជាបទពិសោធន៍ក្នុងការរៀបចំឥរិយាបថសម្រាប់ទំនាក់ទំនងនៃអនាគតរបស់ប្រទេសយើងទាំងពីរ ជាពិសេសក្នុងការកសាងទំនុកចិត្តរវាងប្រទេសយើងទាំងពីរ និងការពិនិត្យចំណុចអាទិភាពនៃកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមទាំងវិស័យសេដ្ឋកិច្ចនិងការវិនិយោគផងដែរ»។
ដោយឡែកអ្នកស្រី ប្រៃហ្គេត អែលវ៉កឃឺរ បានលើកឡើងថា ក្រោយដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក និងវត្តមាននៃនាវាចម្បាំងសហរដ្ឋអាមេរិក USS SAVANNAH លើកដំបូងនៅកម្ពុជានៅក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ «សបញ្ជាក់ឲ្យឃើញពីទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរលើវិស័យយោធា ក៏ដូចជានៅក្នុងវិស័យនានាផ្សេងៗទៀត រួមមានសុខាភិបាល អប់រំ ការដោះមីន ជាដើម»។ នេះបើតាមសារនៅលើហ្វេសប៊ុករបស់លោក ហ៊ុន សែន។
អ្នកស្រី ប្រៃហ្គេត អែលវ៉កឃឺរ ក៏សង្ឃឹមថា សហរដ្ឋអាមេរិកនិងកម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើប្រធានបទកិច្ចសហប្រតិបត្តិការសំខាន់ ដូចជាបញ្ញាសិប្បនិម្មិត (AI) សន្តិសុខអ៊ីនធឺណែត (Cyber Security) និងថាមពលស្អាត។
ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជារូបនេះក៏បានសម្តែងនូវក្តីសង្ឃឹមថា «កិច្ចសហការដោយស្មោះត្រង់រវាងគ្នា និងបើកចំហដល់ការស្វែងរកផ្លូវថ្មីៗបន្ថែមទៀត ដើម្បីបង្កើនវឌ្ឍនភាពសេដ្ឋកិច្ច»។ នេះបើតាមសារនៅលើហ្វេសប៊ុករបស់លោក ហ៊ុន សែន។
អ្នកស្រី ប្រៃហ្គេត អែលវ៉កឃឺ ត្រូវបានដកស្រង់សម្តីថា៖ «សេចក្តីសង្ឃឹមខ្ពស់ផងដែរ ដោយចង់ឃើញទំនាក់ទំនងនៃប្រទេសយើងទាំងពីរកាន់តែល្អប្រសើរ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលជួបប្រទះម្តងម្កាល និងការគ្រប់គ្រងសមរភូមិថ្មី តាមរយៈការសន្ទនាគ្នា ដែលនេះគឺមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការទ្វេភាគី»។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានសរសេរសារនៅលើហ្វេសប៊ុករបស់ខ្លួនថាភារធារី Bridgette Walker «មានកិច្ចសន្ទនាប្រកបដោយផ្លែផ្កា»ជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដើម្បីពិភាក្សាអំពីការខិតខំជាបន្ត នៅក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព នៅក្នុងគោលនយោបាយការបរទេស រវាងសហរដ្ឋអាមេរិក និងកម្ពុជា។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកហាក់មានភាពរកាំរកូសជាបន្តបន្ទាប់។ កាលពីកន្លងទៅ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការបង្ខំឲ្យធ្វើពលកម្មដោយខុសច្បាប់និងការបោកប្រាស់តាមអនឡាញ។ ក្រសួងការបរទេសកម្ពុជាចាត់ទុកថា ការដាក់ទណ្ឌកម្មលើលោក លី យ៉ុងផាត់ ដែលជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត «មានចេតនានយោបាយ និងផ្ទុយទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក»រវាងប្រទេសទាំងពីរ៕