កងទ័ព​ជើងទឹក​អាមេរិក​​បញ្ជូន​នាវា​ចម្បាំង​ទល់​នឹង​ការ​ទាមទារ​ដែនសមុទ្រ​ចិន

រូបថតឯកសារ៖ នាវាចម្បាំង​បំពាក់​ដោយ​មីស៊ីល​របស់​កងទ័ព​ជើង​ទឹក​អាមេរិក ឈ្មោះ​ USS Lassen ធ្វើនាវាចរ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

នាវា​ចម្បាំង​បំពាក់​ដោយ​គ្រាប់​មី​ស៊ីល​របស់​អាមេរិក ​បាន​ធ្វើ​នាវា​ចរ​ក្នុង​រង្វង់​ដែន​ទឹក​ចម្ងាយ​២២​គីឡូម៉ែត្រ ​(១២​ណូទីកាល់​ម៉ៃ) ​នៃ​ថ្ម​ប៉ប្រះ​ទឹក ​ស្ថិត​ក្នុង​តំបន់​ប្រជុំកោះ​ស៊្ព្រែតលី (Spratly) ដែល​មាន​ជម្លោះ។ ការ​ធ្វើ​នាវា​ចរ​នេះ​ គឺ​ជា​អ្វី​ដែល​គេ​មើល​ឃើញ​ថា​ជា ​ការ​តទល់​ដ៏​ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន ​ប្រឆាំង​ទៅ​នឹង​ការ​កំណត់​ព្រំដែន​ទឹកដី ​ដែល​ប្រទេស​ចិន​ទាមទារ​នៅ​ជុំវិញ​កោះ​ដែល​ប្រទេស​នេះ ​បាន​បង្កើត​ឡើង។

នាវា​ឈ្មោះ ​USS Lassen​ ដែល​តាម​របាយការណ៍ថា​ ត្រូវ​បាន​អម​ដោយ​យន្តហោះ​ស៊ើបការណ៍​ P-8A ​របស់​កងទ័ព​ជើង​ទឹក​អាមេរិក ​និង​ប្រហែល​ជា​អម​ដោយ​យន្តហោះ​ស៊ើបការណ៍​P-3ផង​ដែរ​នោះ បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក ​សូប៊ី ​(Subi) ​ដែល​ប្រទេស​ចិន​កាន់កាប់ ​និង​ទាមទារ​ដោយ តៃវ៉ាន់ ​វៀតណាម​ និង​ហ្វីលីពីន​ផង​ដែរ។

នាវា​ចម្បាំង​ ឡាសែន (Lassen) ដែល​ចត​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​ យូកុស៊ូកា ​(Yokosuka) ក្នុង​ប្រទេស​ជប៉ុន ​ត្រូវ​បាន​គេ​តាម​ឃ្លាំមើល​ និង​ព្រមាន​ បន្ទាប់​ពី​នាវា​នោះ ​«បាន​ចូល​ក្នុង​ដែន​ទឹក​របស់​ចិន​ដោយ​ខុសច្បាប់»។ នេះ​បើ​យោង​តាមក្រសួង​ការបរទេស​ចិន ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។​

បទ​វិចារណកថា​មួយ​ដែល​ទី​ភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហ៊ួ​ (Xinhua) ផ្លូវការ​របស់​ចិន​បានចុះ​ផ្សាយ​ និយាយ​ថា​ ទីក្រុង​ប៉េកាំង មិន​បាន​ទាមទារ​បូរណភាព​ទឹកដីលើស​ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទេ។ ការ​ដែល​ខ្លួន​មាន​សិទ្ធិ​កាន់​កាប់​តំបន់​កោះ​និង​ថ្ម​ប៉ប្រះ​ទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះ ​ត្រូវ​បាន​កត់​ត្រា​យ៉ាងច្បាស់​លាស់​និង​មាន​សុពលភាព​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ មន្ត្រី​អាមេរិក​ទាំង​ឡាយ​ណា​ដែល​ជំទាស់​ទៅ​នឹង​សិទ្ធិ​នេះ ចាំបាច់​ត្រូវ​បង្កើត​មេរៀន​ប្រវត្តិសាស្ត្រ​ដែល​បាន​បាត់បង់​នេះ ​ឬ​មួយ​ធ្វើ​ជា​មិន​ដឹង​អំពី​ការពិត​ជា​ប្រវត្តិសាស្ត្រ​នេះ។

យ៉ាងណាក៏ដោយ បេសកកម្ម​របស់​នាវា​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ ​បាន​បញ្ចប់​ដោយ​គ្មាន​ឧបទ្ទវហេតុ​ណាមួយ​ឡើយ។ នេះ​បើយោង​តាម​មន្ត្រី​យោធា​អាមេរិក​ម្នាក់៕