កងយោធាស.រ.អា.បាននិយាយថា មេដឹកនាំម្នាក់នៃក្រុមរដ្ឋឥស្លាមមានចំណងទាក់ទងផ្ទាល់នឹងជនម្នាក់ដែលបានត្រូវចោទប្រកាន់ថាជាមេខ្លោងនៃការវាយប្រហារភេរវកម្មកាលពីខែមុននៅក្នុងក្រុងប៉ារីស ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយតាមអាកាសដោយក្រុមចម្រុះនៅក្នុងប្រទេសស៊ីរី។
លោកវរសនីយ៍ឯក Steve Warren អ្នកនាំពាក្យនៃក្រុមចម្រុះបាននិយាយនៅក្នុងសនិ្នសីទកាសែតខ្លីមួយកាលពីថ្ងៃអង្គារថាឈ្មោះ Charaffe al-Mouadan ត្រូវបានសម្លាប់កាលពីថ្ងៃទី២៤ខែធ្នូ។
លោកបានថ្លែងថា Mouadan មានចំណងទាក់ទងជាមួយឈ្មោះ Abdelhamid Abaaoud ដែលត្រូវគេជឿថាជាមេដឹកនាំនៃក្រុមតូចមួយដែលបានសម្របសម្រួលការវាយប្រហារនៅក្នុងក្រុងប៉ារីស ដែលបានបណ្តាលឱ្យមនុស្ស១៣០ស្លាប់។ Abaaoud ត្រូវបានសម្លាប់នៅក្នុងការឆ្មក់វាយប្រហារមួយដោយប៉ូលិសក្នុងពេលពីរបីថ្ងៃក្រោយការវាយប្រហារក្នុងក្រុងប៉ារីសនៅថ្ងៃទី១៣ ខែវិច្ឆិកា។
លោក Warren បានមានប្រសាសន៍ថា Mouadan បាន«រៀបចំផែនការយ៉ាងសកម្មដើម្បីធ្វើការវាយប្រហារថែមទៀតប្រឆាំងនឹងក្រុមបស្ចិមប្រទេស» ក៏ប៉ុន្តែលោកមិនបាននិយាយចំថា តើគាត់បានយកស.រ.អា.ឬទ្វីបអឺរ៉ុបឬទាំងប្រទេសអាមេរិកនិងទាំងអឺរ៉ុបជាទីដៅនៃការវាយប្រហារទេ។
លោក Warren បានកត់សម្គាល់ថា Mouadan ស្ថិតនៅក្នុងចំណោម «ក្រុមមេដឹកនាំ» ទាំង១០នាក់នៃក្រុមរដ្ឋឥស្លាម ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយក្រុមចម្រុះកាលពីខែមុន៕