យោធាអាមេរិកបានផ្អាកការងារកម្មករកូរ៉េខាងត្បូងរាប់ពាន់នាក់ជាបណ្តោះអាសន្ន

រូបឯកសារ៖ យោធាកូរ៉េខាងត្បូងពាក់ម៉ាសពេលកំពុងល្បាតនៅបន្ទាយទាហានមួយនៅក្រុង Daegu ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

កម្មករកូរ៉េខាងត្បូងរាប់ពាន់នាក់នៅបន្ទាយយោធាសហរដ្ឋអាមេរិកក្នុងប្រទេសកូរ៉េខាងត្បូងបានត្រូវបញ្ឈប់ពីការងារដោយមិនបានទទួលប្រាក់ខែនៅថ្ងៃពុធនេះ បន្ទាប់ពីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងមិនបានឈោងដល់កិច្ចព្រមព្រៀងមួយថា តើត្រូវបែងចែកសោហ៊ុយនៃវត្តមានកងទ័ពសហរដ្ឋអាមេរិកនៅទីនោះយ៉ាងដូចម្តេច។

តាមរយៈការចរចា៧លើក កូរ៉េខាងត្បូងបានបដិសេធការទាមទាររបស់រដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំឲ្យបង្កើនការរួមវិភាគទានយ៉ាងច្រើនរបស់ខ្លួនដល់កងទ័ពសហរដ្ឋអាមេរិក២ម៉ឺន៨ពាន់៥រយនាក់ ដែលបានបោះទីតាំងនៅក្នុងកូរ៉េខាងត្បូង។

កិច្ចព្រមព្រាងបែងចែកសោហ៊ុយនៃពេលថ្មីៗបំផុតនេះបានផុតកំណត់នៅចុងឆ្នាំនេះ ក៏ប៉ុន្តែសហរដ្ឋអាមេរិកបានចំណាយលើប្រាក់ខែបុគ្គលិកកូរ៉េដែលថវិកានោះនឹងត្រូវអស់នៅសប្តាហ៍នេះ។

ដោយចាប់ផ្តើមនៅថ្ងៃពុធនេះទៅបុគ្គលិកកូរ៉េស៊ីវិលប្រហែល៤ពាន់នាក់ ដែលធ្វើការក្នុងវិស័យនានាដូចជា ភស្តុភារនិងរដ្ឋបាលនឹងបញ្ឈប់ពីការងារជាបណ្តោះអាសន្ន។ សហរដ្ឋអាមេរិកនឹងបើកប្រាក់ខែបណ្តោះអាសន្នឲ្យបុគ្គលិក៤ពាន់៥រយនាក់ទៀតដែលចាត់ទុកថាជាបុគ្គលិកសំខាន់។ នេះតាមការបញ្ជាក់របស់មន្រ្តីសហរដ្ឋអាមេរិក។

ជម្លោះបែងចែកសោហ៊ុននេះបណ្តាលឲ្យមានការបែកបាក់មិនប្រក្រតីមួយក្នុងសម្ព័ន្ធភាពដែលមានអាយុកាល៧០ឆ្នាំដែលភាគីទាំង២ ជាទូទៅចាត់ទុកជាកណ្តាប់ដៃដែក។ ជម្លោះនេះកើតមានឡើងចំពេលមិនល្អ នៅពេលដែលយោធាសហរដ្ឋអាមេរិកប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណានិងនៅពេលដែលកូរ៉េខាងជើងសាកល្បងកាំជ្រួចមីស៊ីលប្រតិបត្តិការខ្លី៕