មន្ត្រី​យោធា​អាមេរិក​ទៅ​ដល់​មូលដ្ឋាន​សមុទ្រ​រាម

រូបឯកសារ៖ ទិដ្ឋភាពនៃមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

មន្ត្រី​យោធា​របស់​អាមេរិក​ ​បាន​ធ្វើដំណើរ​ទៅ​កាន់​មូលដ្ឋាន​សមុទ្រ​រាម​ ​ក្នុង​ខេត្ត​ព្រះសីហនុ​ ​កាលពី​ថ្ងៃ​ចន្ទ​ ​និង​បាន​ជួប​ជាមួយ​មន្ត្រី​បញ្ជាការ​នៃ​មូលដ្ឋានទ័ព​ដ៏​សំខាន់​របស់​កងទ័ពជើងទឹក​កម្ពុជា​ ​ដែល​បាន​ក្លាយ​ជា​ចំណុច​ស្នូល​នៃ​ការពិភាក្សា​អំពី​បញ្ហា​យុទ្ធសាស្ត្រ​កម្រិត​តំបន់។

សហរដ្ឋអាមេរិក​បាន​ដាក់​ការសង្ស័យ​ថា​ ​ប្រទេស​ចិន​បានសម្រេច​«កិច្ច​ព្រមព្រៀង​សម្ងាត់»​ដើម្បី​ឱ្យ​កងទ័ពជើងទឹក​របស់​ខ្លួន​ ​អាច​ប្រើប្រាស់​មូលដ្ឋាន​សមុទ្រ​រាម​ ​ក្នុង​ពេល​អនាគត។​ ​នេះ​បើ​យោង​តាម​ការផ្សាយ​របស់​សារព័ត៌មាន​អាមេរិកThe​ ​Wall​ ​Street​ ​Journal​ ​ដែល​ចេញផ្សាយ​កាលពី​ខែ​កក្កដា​ ​ឆ្នាំ២០១៩។​ ​កាសែត​ដដែល​បាន​ឱ្យ​ដឹង​ថា​កិច្ច​ព្រមព្រៀង​នេះ​ ​នឹង​បើក​ឱ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់​កម្ពុជា​រហូតដល់​៣០ឆ្នាំ​ ​ហើយ​ផ្ដល់​សិទ្ធិ​ឱ្យ​ចិន​ក្នុង​ការសាងសង់​សំណង់​អគារ​នានា​ក្នុង​មូលដ្ឋានទ័ព​ជើងទឹក​រាម​ដែល​មាន​ផ្ទៃដី​ជាង​១០០ហិ​ក​តា។​

​ប៉ុន្តែ​កិច្ច​ព្រមព្រៀង​នេះ​ ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ ​និង​ចិន​ ​បដិសេធ​ថា​មិន​មាន​នោះ​ទេ។​

រូបឯកសារ៖ មូលដ្ឋាន​ទ័ពជើងទឹក​រាម​គឺ​ជា​កន្លែង​មួយ​ដែល​ប្រតិបត្តិការ​ដោយ​កងយោធពល​ខេមរភូមិន្ទ​ក្នុង​ខេត្តព្រះសីហនុ​នៃ​ប្រទេស​កម្ពុជា។

លេខាធិការដ្ឋាន​នៃ​មូលដ្ឋានទ័ព​ ​បាន​ចេញ​កំណត់​ផ្សាយ​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​ ​លោក​វរសេនីយ៍​ឯក​ ​Marcus​ ​Ferrara​ ​សេនានុព័ន្ធ​យោធា​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ចូល​ជួប ​«សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ»​ ​ជាមួយ​លោក​ឧត្ដមនាវី​ឯក​ ​អ៊ុ​ក​ ​សីហា​ ​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម​ ​និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងទឹក​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ។

មិន​មាន​ព័ត៌មាន​ជាក់ច្បាស់​នោះ​ទេ​ ​ថា​តើ​លោក​វរសេនីយ៍​ឯក​ ​Marcus​ ​Ferrara​ ​និង​សហការី​បាន​ធ្វើដំណើរ​ត្រួតពិនិត្យ​មូលដ្ឋានទ័ព​សមុទ្រ​បាន​ដល់កម្រិត​ណា​ ​ហើយ​ថា​តើ​លោក​បាន​ពិភាក្សា​អំពី​បញ្ហា​អនាគត​នៃ​មូលដ្ឋាន​សមុទ្រ​រាម​នេះ​ជាមួយ​លោក​ឧត្ដមនាវី​ឯក​ ​អ៊ុក​ ​សីហា​ ​ឬ​យ៉ាងណា។​

​លោក​ឧត្ដមនាវី​ឯក​ ​អ៊ុក​ ​សីហា​ ​បាន​បញ្ជាក់​ថា​លោក​ពិតជា​បាន​ជួប​ជាមួយ​លោក​វរសេនីយ៍​ឯក​ ​Marcus​ ​Ferrara​ ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ពិតមែន​ ​តែ​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ថែម​នៅ​ពេល​VOAសួរ​ថា​របៀបវារៈ​អ្វីខ្លះ​ ​ត្រូវ​បាន​លើក​មក​ពិភាក្សា​ ​ដោយ​បង្វែរ​សំណួរ​ទៅកាន់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។​

​លោកស្រី​ ​Emily​ ​V​.​ ​Zeeberg​ ​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ភ្នំពេញ​ ​ក៏​មិនបាន​បញ្ជាក់​អំពី​ខ្លឹមសារ​នៃ​ជំនួប​ ​និង​សេចក្ដី​លម្អិត​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​វរសេនីយ៍​ឯក​ ​Marcus​ ​Ferrara​ ​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ដែរ។​

​មន្ត្រី​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​រូប​នេះ​ បាន​ប្រាប់​ ​VOA​ ​តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃអង្គារ​នេះ​ថា៖​

​«អនុព័ន្ធ​យោធា​របស់​សហរដ្ឋអាមេរិក​ជានិច្ចកាល​ ​តែងតែ​មាន​ជំនួប​ជាមួយ​មន្ត្រី​យោធា​នានា​របស់​កម្ពុជា​អនុលោម​តាម​មុខ​នាទី​ជា​ធម្មតា​របស់​លោក​ ​ហើយ​ជំនួប​ជាមួយ​លោក​ឧត្ដមនាវី​ឯក​ ​អ៊ុក​ ​សីហា​ ​ជា​ជំនួប​ប្រក្រតី​មួយ»។

ការសង្ស័យ​របស់​សហរដ្ឋអាមេរិក​លើ​ការ​ប្រើ​ប្រាស់​មូលដ្ឋាន​សមុទ្រ​រាម​សម្រាប់​យោធា​របស់​ចិន​នៅពេលអនាគត​ ​ត្រូវ​បាន​លើកឡើង​ ​តាមរយៈ​លិខិត​របស់​លោក​ ​Joseph​ ​H​.​ ​Felter​ ​អតីត​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារប្រទេស​សហរដ្ឋអាមេរិក​ ​កាលពី​ខែ​មិថុនា​ ​ឆ្នាំ២០១៩។​លោក​ថា​កម្ពុជា​ច្រានចោល​ជំនួយ​របស់​សហរដ្ឋអាមេរិក​សម្រាប់​ទីកន្លែង​បណ្ដុះបណ្ដាល​ ​និង​ការថែទាំ​កប៉ាល់​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​ ​ហើយ​ការណ៍​នេះ​ទំនងជា​ទាក់ទង​នឹង​កងទ័ព​ចិន។​

​ក្នុង​លិខិត​មួយ​ផ្ញើ​មកកាន់​លោក​ ​ទៀ​ ​បាញ់​ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ ​នាគ្រានោះ​ ​លោក​ ​Joseph​ ​H​.​ ​Felter​ ​បាន​លើកឡើង​ថា«​ការ​ផ្លាស់​ចិត្ត​ដោយ​តក់ក្រហល់​លើ​គោលនយោបាយ​ ​អាច​គូសបង្ហាញ​អំពី​គម្រោង​ធំជាង​នេះ​សម្រាប់​បន្លាស់​ប្ដូរ​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ ​ជាក់ស្ដែង​លើ​គម្រោង​នានា​ដែល​អាច​នឹង​ពាក់ព័ន្ធ​ដល់​ការ​ទទួល​វត្តមាន​យោធា​ចិន​នៅ​ទីនោះ»។​

​ទំនាក់ទំនង​យោធា​ក៏ដូចជា​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​និង​សហរដ្ឋអាមេរិក​ ​បាន​ជួប​ភាព​រកាំរកូស​ ​ខណៈ​លំហាត់​សម​យុទ្ធ​ប្រចាំ​ឆ្នាំ​រវាង​ប្រទេស​ទាំងពីរ​ ​ត្រូវ​បាន​ផ្អាក​តាំងតែពី​ឆ្នាំ២០១៧។​ ​ប៉ុន្តែ​ ​ចាប់​តាំង​ពី​ពេលនោះ​មក​ ​កម្ពុជា​ ​និង​ចិន​ ​បាន​ធ្វើ​សមយុទ្ធ​រួមគ្នា​បី​ដង​ជាបន្តបន្ទាប់។

លោក​បណ្ឌិត​ ​Paul​ ​Chambers​ ​អ្នក​ជំនាញ​កិច្ចការ​យោធា​ ​នៅ​សាកល​វិទ្យាល័យ​នរេសូរ​ ​(​Naresuan​ ​University​)​ ​ប្រទេស​ថៃ​ ​បាន​លើកឡើង​ថា​ ​ដំណើរ​ទស្សនកិច្ច​របស់​លោក​វរសេនីយ៍​ឯក​ ​Marcus​ ​Ferrara​ ​បាន​បង្ហាញ​អំពី​កិច្ច​ខិត​ប្រឹងប្រែង​របស់​ប្រទេស​ទាំងពីរ​ក្នុង​ចង់​ធានា​ឱ្យ​គ្នា​ទៅវិញទៅមក​អំពី​អនាគត​នៃ​មូលដ្ឋានទ័ព​សមុទ្រ​រាម។​

​អ្នក​ជំនាញ​រូប​នេះ​បាន​ប្រាប់​ ​VOA​ ​តាម​សារ​អេឡិចត្រូនិក​ ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

​«ដំណើរ​ទស្សនកិច្ច​របស់​លោក​[​វរសេនីយ៍​ឯក​ ​Marcus​ ​Ferrara​]​ ​អាច​នឹង​ត្រូវ​បាន​បកស្រាយ​អំពី​ ​ការ​ព្យាយាម​របស់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​កិច្ចការ​ផ្ទាល់​ ​ដើម្បី​ចង់​ដឹង​ឱ្យ​ប្រាកដ​ថា​តើ​កម្ពុជា​បាន​ឱ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​សមុទ្រ​នេះ​ ​ទៅដល់​កម្រិត​ណា»។​

​លោក​បណ្ឌិត​ ​Paul​ ​Chambers​ ​បាន​បញ្ជាក់​បន្ថែម​ថា៖​

«ដំណើរ​ប្រទាក់​ក្រឡា​បន្ទាប់​នោះ​គឺថា​ ​បើសិនជា​កម្ពុជា​អនុញ្ញាត​ឱ្យ​អនុព័ន្ធ​យោធា​សហរដ្ឋអាមេរិក​អាច​ចូល​ទៅ​មើល​មូលដ្ឋាន​យោធា​ខាងលើ​ ​នោះ​អាច​និយាយ​បាន​ថា​ ​កម្ពុជា​ចាប់ផ្ដើម​ទោរទន់​ទៅ​ស្និទ្ធ​ទីក្រុង​វ៉ាស៊ីនតោន​វិញ​ ​ឬក៏​អាច​និយាយ​បាន​ថា​កម្ពុជា​កំពុង​ចង់​បង្ហាញ​ជាបន្ទាន់​ដល់​ទី​ក្រុង​វ៉ាស៊ីនតោន​ថា​ខ្លួន​មិនទាន់​ជា​ប្រទេសរណប​នឹង​ប៉េកាំង​នៅឡើយ»៕​ ​