ទាហាន​សហរដ្ឋ​អាមេរិក​ឆ្លង​ព្រំដែន​ពី​ប្រទេស​ស៊ីរី​ចូល​ប្រទេស​អ៊ីរ៉ាក់

រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Mark Esper ធ្វើ​សន្និសីទ​កាសែត​នៅ​ក្រសួង​ការពារ​ប្រទេស​បារាំង ក្នុង​ក្រុង​ប៉ារីស​ កាលពី​ថ្ងៃទី៧ ខែកញ្ញា​ ឆ្នាំ២០១៩។

ទាហាន​សហរដ្ឋ​អាមេរិក​បាន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​អ៊ីរ៉ាក់​ពី​ប្រទេស​ស៊ីរី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​បញ្ជាក់​ថា ទាហាន​អាមេរិកាំង​បាន​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែន Sahela ចូល​ខេត្ត Dohuk នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់។

អ្នក​ថត​វីដេអូ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ប្រភព​ផ្នែក​សន្តិសុខ​របស់​ពួក Kurd ក្នុង​ប្រទេស​អ៊ីរ៉ាក់ បាន​ប្រាប់ Reuters ថា ពួកគេ​បាន​ឃើញ​ក្បួន​រថយន្ត​យោធា​សហរដ្ឋ​អាមេរិក​ឆ្លង​ព្រំដែន​ចូល​ក្នុង​តំបន់​ពាក់​កណ្ដាល​ស្វយ័ត​របស់​ពួក Kurd នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

ប្រភព​ផ្នែក​សន្តិសុខ​នៅ​ក្នុង​ទីក្រុង Mosul ប្រទេស​អ៊ីរ៉ាក់ បាន​ប្រាប់ Reuters ថា ទាហាន​អាមេរិកាំង​បាន​ឆ្លង​ចូល​ប្រទេស​អ៊ីរ៉ាក់​ពី​ព្រំដែន Sahela។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ សហរដ្ឋ​អាមេរិក​បាន​ដក​ទាហាន​របស់​ខ្លួន​ចេញ​ពី​មូលដ្ឋាន​ដ៏​ធំ​បំផុត​របស់​ខ្លួន​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី ដោយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Mark Esper និយាយ​ថា ទាហាន​អាមេរិកាំង​ទាំង​អស់​ដែល​ចាកចេញ​ពី​ប្រទេស​ស៊ីរី​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តំបន់​ភាគ​ខាង​លិច​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​នឹង​ពួក​ភេរវជន​រដ្ឋ​ឥស្លាម។

លោក Esper បាន​បញ្ជាក់​ថា ទាហាន​អាមេរិកាំង​ជាង ៧ រយ​នាក់ នឹង​ត្រូវ​ផ្លាស់​ទៅ​ប្រទេស​អ៊ីរ៉ាក់ មិន​មែន​បញ្ជូន​ត្រឡប់​មក​កាន់ «សហរដ្ឋ​អាមេរិក» វិញ ដូច​អ្វី​ដែល​លោក​ប្រធានាធិបតី Donald Trump បាន​សរសេរ​នៅ​លើ Twitter នោះ​ទេ។

លោក Esper មិន​បាន​ច្រានចោល​អំពី​លទ្ធភាព​នៃ​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​របស់​សហរដ្ឋ​អាមេរិក​ពី​ប្រទេស​អ៊ីរ៉ាក់​ចូល​ក្នុង​ប្រទេស​ស៊ីរី​ទេ។ ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា គម្រោង​ប្រតិបត្តិការ​ដូច​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​បណ្ដើរៗ ហើយ​នឹង​មាន​បញ្ចូល​នូវ​ការ​ពិភាក្សា​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​អង្គការ​អូតង់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ផង​ដែរ៕