វិបត្តិ​នយោបាយ​នៅ​កម្ពុជា​មិន​បាន​ប៉ះពាល់​ជំនួយ​យោធា​អាមេរិក​មក​កម្ពុជា

លោក​ឧត្តមសេនីយ៍​ ហ៊ុន ម៉ាណែត កូន​ប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ពិភាក្សា​ជាមួយ​លោក​ឧត្តមសេនីយ៍ John Goodale របស់​សហរដ្ឋ​អាមេរិក​​​ក្នុង​អំឡុង​សមយុទ្ធ​យោធា «ឆ្មាំ​អង្គរ» ​នៅ ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ថ្ងៃ​ទី​​២១ ខែ​មេសា ឆ្នាំ​២០១៤។

មន្ត្រីការ​ទូត​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ចាត់​ទុក​ជំនួយ​យោធា​សហរដ្ឋ​អាមេរិក​មក​កម្ពុជា​ជា​ការ​រួម​ចំណែក​មួយ​ដើម្បី​ធ្វើ​ឱ្យ​វិស័យ​យោធា​កម្ពុជា​កាន់​តែ​មាន​តម្លាភាព​គណនេយ្យភាព​និង​ប្រកប​ដោយ​វិជ្ជាជីវៈខណៈ​ពេល​ដែល​សង្គម​ស៊ីវិល​បាន​ទទូចឱ្យ​ព្យួរ​ជំនួយ​យោធា​នេះ​ជា​បណ្តោះ​អាសន្ន។​

លោក Jeff​ Daigle ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ថាជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក​មក​កម្ពុជា​នឹង​នៅ​តែ​បន្ត​ដើម្បី​ចូលរួម​ក្នុង​កំណែ​ទម្រង់​វិស័យ​យោធា​កម្ពុជា​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ។​

«កិច្ច​សហ​ប្រតិបត្តិការ​យោធា​របស់​យើង​ជា​មួយ​ភាគី​កម្ពុជា​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការងារ​របស់​យើង​ជាមួយ​កម្ពុជា​ដើម្បី​វិវត្ត​ទៅ​មុខ។​ កម្មវិធី​ទាំង​នេះ​ផ្តោត​លើ​ការ​ជួយ​យោធា​កម្ពុជា​ឱ្យ​មាន​គណនេយ្យភាព​តម្លាភាព​ និង​វិជ្ជាជីវៈ​ជាង​មុន។​ នេះ​គឺ​ជា​កម្ពុជា​ដ៏​សំខាន់​មួយ ​ហើយ​យើង​កំពុង​ជួយ​យោធា​ប្រទេស​នេះ​ឱ្យ​ក្លាយ​ជា​ដៃ​គូ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ»។​

លោក​Jeff​ Daigle ​អត្ថាធិប្បាយ​បន្ថែម​ថា​ សហរដ្ឋ​អាមេរិក​មិន​បាន​ព្យួរ​ជំនួយ​យោធា​មក​កម្ពុជា​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​មាន​វិបត្តិ​នយោបាយ​ក្រោយ​ថ្ងៃ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣​ ដូច​ពាក្យ​ចរចាម​អារ៉ាម​នោះ​ទេ។​ ដោយ​ឡែក​ជំនួយ​យោធា​មួយ​ចំនួន​ដែល​បាន​ផ្អាក​នា​ពេល​កន្លង​មក​គឺ​ដោយ​សារ​បញ្ហា​ថវិកា​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​តែ​ប៉ុណ្ណោះ។​

លោក Sean ​McIntosh ​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ឆ្លើយ​តប​នឹង​សំណួររបស់​វីអូអេ​ខេមរភាសា​តាម​រយៈ​សារ​អេឡិចត្រូនិច​ថា​ ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក​បាន​ជួយ​ពង្រឹង​សមត្ថភាព​អន្តរាគមន៍​ផ្នែក​មនុស្ស​ធម៌​និង​គ្រោះធម្មជាតិ​ ពង្រឹង​សមត្ថភាព​ទប់ស្កាត់​អំពើ​ភេរវកម្ម ​និង​សន្តិសុខ​តាម​សមុទ្រ​ និង​ផ្តល់​ការ​គាំទ្រ​ថែម​ទៀត​ដល់​បេសកកម្ម​ការពារ​សន្តិសុខ​អន្តរជាតិ​របស់​ភាគី​កម្ពុជា។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង​មន្ត្រី​យោធា​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត តែ​មិន​អាច​ទាក់ទង​បាន​ទេនៅ​ថ្ងៃ​នេះ។​

លោក​ផៃ ​ស៊ីផាន​ រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ថ្លែង​ថា​ កិច្ច​សហ​ប្រតិបត្តិការ​យោធា​រវាង​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​ផ្តោត​សំខាន់​តែ​ទៅ​លើ​ផ្នែក​មនុស្សធម៌​ប៉ុណ្ណោះ​ ពោល​គឺ​មិន​មែន​ជា​ការ​សហការ​ក្នុង​រូបភាព​ជា​សម្ព័ន្ធ​មិត្ត​យោធា​នោះ​ឡើយ។​

«នេះ​គ្រាន់​តែ​ជា​ការ​សហការ​រវាង​យោធា​ក្នុង​វិស័យ​មនុស្សធម៌​ ក៏​ជា​កិច្ច​សហ​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ដែល​យើង​បាន​ចុះ​កិច្ច​សន្យា​យោគយល់​គ្នា​ ​គឺ​មិន​មែន​កិច្ច​សន្យា​ដើម្បី​ជា​សម្ព័ន្ធមិត្ត​យោធា​នោះ​ឡើយ»។​

កម្ពុជា​ទទួល​បានជំនួយ​យោធាសហ​រដ្ឋ​អាមេរិ​ចំនួន​តិច​តួច​នៅ​ឡើយ។​ ជំនួយ​សហ​រដ្ឋ​អាមេរិក​សរុប​មក​កាន់​កម្ពុជា​ប្រមាណ​៧០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​

ទំនាក់​ទំនង​ផ្នែក​យោធា​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​បាន​ពង្រឹង​សារ​ជា​ថ្មី​តាំង​ពី​ឆ្នាំ​២០០៦​មក​ម៉្លេះ​ បន្ទាប់​ពី​មាន​ការ​ព្យួរ​ជំនួយ​យោធា​តាំង​ពី​ជម្លោះ​ផ្ទៃ​ក្នុង​កម្ពុជា​នៅ​ឆ្នាំ​១៩៩៧។​

កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា​ កង​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការ​បង្ក្រាប​ដោយ​ការ​បាញ់​រះ​ទៅ​លើ​ហ្វូង​បាតុករ​ជា​កម្មករ​រោងចក្រ​នៅ​សួន​ឧស្សាហកម្ម​កាត់​ដេរ​កាណាឌីយ៉ា​ ដែល​បាន​សម្លាប់​មនុស្ស​ចន្លោះ​ពី​៤​ទៅ​៥​នាក់​ និង​ធ្វើ​ឱ្យ​របួស​មនុស្ស​ប្រមាណ​៤០​ផ្សេង​ទៀត។​

តាម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​ ជំនួយ​ផ្នែក​យោធា​អាមេរិក​មិន​ត្រូវ​ផ្តល់​ទៅ​ប្រទេស​ណា​ដែល​កង​កម្លាំង​សន្តិសុខ​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នោះ​ទេ។​

ហើយ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human​ Right​ Watch​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​ឧសភា​ បាន​អះអាង​ថា​ ការ​បណ្តុះ​បណ្តាល​ផ្នែក​យោធា​របស់​សហ​រដ្ឋ​អាមេរិក​ដល់​យោធា​កម្ពុជា​នា​ពេល​កន្លង​មក ​ដូចជា​សមយុទ្ធ​យោធា​«ឆ្មាំ​អង្គរ»​ជា​ដើម ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ដោយ​ផ្ទុយ​នឹង​ច្បាប់​របស់​សហ​រដ្ឋ​អាមេរិក​ ដោយ​សារ​កង​កម្លាំង​សន្តិសុខ​កម្ពុជា​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ជា​បន្ត​បន្ទាប់​ក្រោយ​ពេល​បោះ​ឆ្នោត​ ហើយ​អង្គការ​នេះ​បាន​ទទូចឱ្យ​សហ​រដ្ឋ​អាមេរិក​ព្យួរ​ការ​បណ្តុះ​បណ្តាល​នេះ​រហូត​ទាល់​តែ​វែក​មុខ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​ទាំង​នោះ​ឃើញ។​

ប៉ុន្តែ​លោក​ Jeff​ Daigle ​ភារធារី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​អះអាង​ថា​ ការ​ផ្តល់​ជំនួយ​យោធា​របស់​ខ្លួន​មក​កម្ពុជា​គឺ​ស្រប​តាម​ច្បាប់​នៃ​ប្រទេស​ទាំង​សងខាង៕