ជំហានខាងមុខនៅក្នុងកិច្ចប្រឹងប្រែងរបស់ស.រ.អាដើម្បីជួយប្រទេសអ៊ីរ៉ាក់ក្នុងការតតាំងជាមួយពួកកងជីវពលរដ្ឋអ៊ីស្លាមអាចចាប់ផ្តើមក្នុងពេល៦ទៅ៨សប្តាហ៍ នេះបើតាមការឲ្យដឹងរបស់ក្រសួងការពារប្រទេសស.រ.អា ខណៈដែលបុគ្គលិកយោធា៤៥០នាក់កំពុងត្រៀមខ្លួនដើម្បីធ្វើដំណើរទៅកាន់ខេត្ត Anbar ដើម្បីបំពេញបេសកកម្ម ផ្តល់ឱវាទនិងជួយកងកម្លាំងអ៊ីរ៉ាក់។
ពួកគេនឹងបំពេញការងារពីបន្ទាយយោធា Taqqadum ដែលស្ថិតនៅចន្លោះក្រុងធំៗពីរ គឺ Ramadi និង Fallujah ដែលឥឡូវស្ថិតនៅក្នុងកណ្តាប់ដៃរបស់ពួករដ្ឋអ៊ីស្លាម។
នៅបន្ទាយយោធា Taqqadum នេះ កងកម្លាំងស.រ.អានឹងផ្តល់ឱវាទដល់កងពលយោធាអ៊ីរ៉ាក់ទី៨ អំពីវិធីដាក់រាយទ័ពប្រសើរបំផុត និងវិធីកែលម្អទីតាំងយុទ្ធសាស្ត្រ ក៏ដូចជាវិធីស៊ើបការណ៍សម្ងាត់ នេះបើតាមសម្តីរបស់អ្នកនាំពាក្យក្រសួងការពារប្រទេសអាមេរិក លោកឧត្តមសេនីយ៍ Steve Warren។ ពួកគេថែមទាំងនឹងជួយភ្ជាប់បណ្តាក្រុមនិកាយ Sunni នៅក្នុងតំបន់ Anbar ជាមួយនឹងរដ្ឋាភិបាលអ៊ីរ៉ាក់ក្នុងគោលបំណងជួយបន្ថែមកងជីវពល Sunni ទៅក្នុងកងកម្លាំងគាំទ្ររដ្ឋាភិបាល ដែលសព្វថ្ងៃកំពុងប្រយុទ្ធជាមួយពួករដ្ឋអ៊ីស្លាម។
សេតវិមានបានប្រកាសអំពីបេសកកម្មនេះកាលពីថ្ងៃពុធដោយនិយាយថា លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានពិគ្រោះជាមួយលោកនាយករដ្ឋមន្ត្រី Haider al-Abadi នៃប្រទេសអ៊ីរ៉ាក់រួចហើយ និងបាននិយាយថាចំណាត់ការនេះស្របជាមួយសំណើរ និងការចង់បានជំនួយបន្ថែមរបស់លោក Abadi ។
បុគ្គលិកថ្មីទាំងនេះនឹងចូលរួមជាមួយកងកម្លាំងស.រ.អាចំនួន៣.១០០នាក់ ដែលកំពុងហ្វឹកហាត់កងកម្លាំងអ៊ីរ៉ាក់នៅកន្លែងផ្សេងៗជុំវិញប្រទេស។ ពុំមានកងទ័ពអាមេរិកណាម្នាក់ចូលប្រយុទ្ធក្នុងសមរភូមិទេ៕