សហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិកមានគម្រោងធ្វើការចរចាក្នុងរយៈពេល ៩០ ថ្ងៃខាងមុខ ដើម្បីពិភាក្សាអំពីក្ដីបារម្ភរបស់សហរដ្ឋអាមេរិកដែលថា ការនាំចូលផ្លែឈើនិងបន្លែពីប្រទេសម៉ិកស៊ិកអាចធ្វើឲ្យប៉ះពាល់ដល់កសិករសហរដ្ឋអាមេរិក។
ការិយាល័យរបស់លោក Robert Lighthizer ដែលជាអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាមេរិកចង់ពិនិត្យមើលជាពិសេសលើការនាំចូលផ្លែស្ត្រប៊ឺរី ម្ទេសប្លោក និងផ្លែឈើផ្សេងៗទៀត ហើយថាការពិនិត្យមើលឡើងវិញនោះ អាចនាំឲ្យមានការយកពន្ធគយ។
លោក Lighthizer បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «លោកប្រធានាធិបតី Donald Trump ទទួលស្គាល់ពីបញ្ហាលំបាកដែលកសិករអាមេរិកាំងប្រឈម ហើយបានតាំងចិត្តលើកកម្ពស់ និងធានាឲ្យមានការធ្វើពាណិជ្ជកម្មដោយស្មើភាពគ្នាសម្រាប់កសិករអាមេរិកាំងទាំងអស់»។
ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិកបានសន្យាចូលរួមនៅក្នុងការចរចានេះ ហើយបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនចង់ «ស្វែងរកដំណោះស្រាយប្រកបដោយការពេញចិត្តរវាងប្រទេសទាំងពីរចំពោះកង្វល់ដែលបានលើកឡើងដោយផ្នែកកសិកម្មរបស់ប្រទេសទាំងពីរ៕