កាលពីថ្ងៃព្រហស្បតិ៍ ពួកអភិបាលក្រុងជាង២០០ក្នុងស.រ.អា.បានទាមទារឱ្យពួកសមាជិកព្រឹទ្ធសភាស.រ.អា.វិលត្រឡប់មកពីការឈប់សម្រាកក្នុងរដូវក្តៅដើម្បីអនុម័តសេចក្តីព្រាងច្បាប់អំពីការគ្រប់គ្រងកាំភ្លើងនៅក្រោយមានការបាញ់សម្លាប់រង្គាលពីរលើកកាលពីដំណាច់សប្តាហ៍មុនដែលបានបណ្តាលឱ្យមនុស្ស៣១នាក់ស្លាប់នៅក្នុងរដ្ឋ Texas និងរដ្ឋ Ohio។
អង្គការសន្និសីទពួកអភិបាលក្រុងស.រ.អា.ដែលតំណាងក្រុង២១៤ជាមួយពួកមេដឹកនាំខាងគណបក្សសាធារណរដ្ឋនិងខាងគណបក្សប្រជាធិបតេយ្យ បាននិយាយប្រាប់លោក Mitch McConnell មេដឹកនាំពួកភាគច្រើនខាងគណបក្សសាធារណរដ្ឋក្នុងព្រឹទ្ធសភានិងលោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យក្នុងព្រឹទ្ធសភាថាជាការបន្ទាន់សម្រាប់ឱ្យព្រឹទ្ធសភាអនុម័តវិធានការទាំងឡាយដែលសភាតំណាងរាស្ត្រអាមេរិកាំងបានអនុម័តកាលពីខែកុម្ភៈ។
សេចក្តីព្រាងច្បាប់នេះអំពាវនាវឱ្យមានការឆែកឆេរជីវប្រវត្តិពួកអ្នកទិញកាំភ្លើងទាំងអស់ហើយអាចពន្យាពេលរង់ចាំសម្រាប់ការទិញកាំភ្លើងពីបីទៅ១០ថ្ងៃនៅពេលការពិនិត្យមើលនាំឱ្យមានសំណួរអំពីពួកជនដែលអាចជាអ្នកទិញកាំភ្លើង។
លោក Schumer ក៏បានសុំឱ្យមានការអនុម័តដោយព្រឹទ្ធសភាដែរ ក៏ប៉ុន្តែលោក McConnell បានរារាំងការបោះឆ្នោតពីព្រោះលោកបានជំទាស់នឹងវិធានការទាំងនេះ។
ពួកអភិបាលក្រុងទាំងនេះបាននិយាយនៅក្នុងលិខិតមួយច្បាប់ផ្ញើរទៅឱ្យអ្នកតាក់តែងច្បាប់ទាំងនេះថា«ក្នុងឆ្នាំ២០១៩មានការបាញ់សម្លាប់រង្គាលជាង២៥០រួចទៅហើយ»។ អភិបាលក្រុងទាំងនេះបានថ្លែងថា«ព្រឹត្តិការណ៍ជាសោដនាដកម្ម»នៅក្នុងក្រុង El Paso នៅជិតព្រំដែនរវាងស.រ.អា.និងប្រទេសម៉ិកស៊ិកនិងនៅក្នុងក្រុង Dayton រដ្ឋ Ohio នាប៉ែកកណ្តាលខាងលិចស.រ.អា.«គ្រាន់តែជាការរំលឹកថ្មីបំផុតថាប្រទេសជាតិយើងមិនអាចរង់ចាំឱ្យរដ្ឋាភិបាលសហព័ន្ធរបស់យើងចាត់វិធានការចាំបាច់ដើម្បីរារាំងក្រុមដែលមិនគួរមានកាំភ្លើង មិនឱ្យអាចទិញកាំភ្លើងបាន»៕