តុលាការសហព័ន្ធមួយរបស់សហរដ្ឋអាមេរិកបានកាត់ទោសឲ្យបុរសម្នាក់ពីរដ្ឋ Missouri ភាគកណ្តាលប្រទេស ឲ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំ ដោយសារលោកបានចូលរួមក្នុងកម្រោងមួយដែលលោកគិតថាជាការរៀបចំធ្វើការវាយប្រហារភេរវកម្មជាមួយនឹងសមាជិកក្រុមរដ្ឋអ៊ីស្លាម។
លោក Robert Lorenzo Hester បានសារភាពទោសកំហុសកាលពីខែកញ្ញា ចំពោះបទចោទថាលោកបានព្យាយាមផ្តល់សម្ភារៈគាំទ្រដល់ក្រុមភេរវករមួយនេះ។
ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា លោក Hester បានពិភាក្សាគម្រោងវាយប្រហារដោយប្រើគ្រាប់បែកនិងកាំភ្លើងជាមួយនឹងបុគ្គលិកការិយាល័យស៊ើបអង្កេត FBI ម្នាក់របស់សហរដ្ឋអាមេរិក ដែលបានក្លែងខ្លួនធ្វើជាសមាជិកក្រុមរដ្ឋអ៊ីស្លាម។
ក្រុមរដ្ឋអាជ្ញានិយាយថា លោក Hester ថែមទាំងបានចាប់ផ្តើមទិញសម្ភារៈ ដែលប្រើសម្រាប់ផលិតគ្រាប់បែកទៀតផង។
ក្រុមអាជ្ញាធរចាប់ផ្តើមស៊ើបអង្កេតលោក Hester ក្រោយពីទទួលបានតម្រុយពីប្រភពមួយចំនួន ដែលបារម្ភអំពីការផ្សាយរបស់លោកតាមបណ្តាញសង្គម ដែលក្រសួងយុត្តិធម៌ថាបង្ហាញពីចេតនាមិនល្អចំពោះសហរដ្ឋអាមេរិកដោយលោកបានបង្ហោះរូបកាំភ្លើងនិងទង់របស់រដ្ឋអ៊ីស្លាម៕