សមាជិកសភាសហរដ្ឋអាមេរិកបានឯកភាពគ្នាលើច្បាប់ដាក់ទណ្ឌកម្មថ្មទៅលើប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង។ ច្បាប់នេះនឹងត្រូវបញ្ជូនទៅកាន់លោកប្រធានាធិបតី Donald Trump ដើម្បីទទួលបានការអនុម័ត។
សមាជិកព្រឹទ្ធសភាលោក Bob Corker បានប្រកាសអំពីការឯកភាពគ្នានេះនៅក្នុងសេចក្ដីប្រកាសមួយ កាលពីល្ងាចថ្ងៃពុធម្សិលមិញ ដោយបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះសម្រេចឡើង បន្ទាប់ពីមានការពិភាក្សាជាមួយនឹងមេដឹកនាំគណបក្សសំឡេងភាគច្រើននៅក្នុងរដ្ឋសភា លោក Kevin McCarthy។
លោក Bob Corker កាលពីមុនធ្លាប់បានជំទាស់ទៅនឹងការដាក់បញ្ចូលការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងទៅក្នុងច្បាប់នេះ ដោយលោកថា បញ្ហាដាក់ទណ្ឌកម្មលើកូរ៉េខាងជើងគួរធ្វើឡើងនៅក្នុងច្បាប់មួយផ្សេងទៀត។ ប៉ុន្តែ លោកបាននិយាយថា រដ្ឋសភាបានឯកភាពធ្វើការក្នុងពេលឆាប់ៗខាងមុខនេះ លើការពង្រឹងបន្ថែមទៀតនូវវិធានការនានាប្រឆាំងនឹងកូរ៉េខាងជើង។
ច្បាប់នេះក៏មានចែងនូវចំណុចមួយដែលផ្ដល់នីតិវិធីលឿនដល់សភាក្នុងការជំទាស់ទៅនឹងវិធានការណាមួយ ដែលលោកប្រធានាធិបតីធ្វើឡើងដើម្បីបញ្ឈប់ការដាក់ទណ្ឌកម្មទាំងនេះផងដែរ។
ក្នុងអំឡុងពេលចរចាអស់រយៈពេលប៉ុន្មានសប្ដាហ៍កន្លងមក រដ្ឋបាលរបស់លោក Trump បានរារែកចំពោះបញ្ហាដាក់ទណ្ឌកម្មទាំងនេះ ដោយខ្លួនយល់ថា ការដាក់ទណ្ឌកម្មទាំងនេះជាការប៉ុនប៉ងដើម្បីដាក់កំហិតលើលទ្ធភាពរបស់រដ្ឋបាលរបស់លោកនៅក្នុងការបន្ធូរបន្ថយការដាក់ទណ្ឌកម្មទាំងនេះជាឯកតោភាគី។ ប៉ុន្តែ ឥឡូវនេះ សេតវិមានបានបង្ហាញអំពីការគាំទ្ររបស់ខ្លួនចំពោះច្បាប់នេះ៕