អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកពីររូបគឺលោក អាឡាំង ឡូវឹនសល (Alan Lowenthal) និងលោកស្ទីវ ឆាបុត (Steve Chabot) បានស្នើច្បាប់ថ្មីមួយនៅថ្ងៃអង្គារនេះដែលតម្រូវឱ្យរដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំ ពិនិត្យមើលឋានៈអនុគ្រោះពន្ធ (GSP) ដែលកម្ពុជាទទួលពីសហរដ្ឋអាមេរិក។
លោកអាឡាំង ឡូវឹនសល អ្នកតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វញ៉ា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖
«របបលោកហ៊ុន សែន បានរំលាយជាបន្តបន្ទាប់នូវអ្វីដែលជាលទ្ធិប្រជាធិបតេយ្យដែលកំពុងតែរីកចម្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកបានមើលងាយដល់ឆន្ទៈរបស់ពលរដ្ឋ បង្វែងចេញពីការសន្យារៀបចំការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវហើយប្រើអំណាចកណ្តាប់ដៃដែករបស់ជនផ្តាច់ការ។ ការបំភិតបំភ័យ ការគំរាមកំហែង អំពើហិង្សា និងការធ្វើឃាត គឺជាឧបករណ៍ដែលរបបរបស់គាត់ប្រើប្រាស់។ គាត់និងរបបរបស់គាត់ត្រូវតែបង់សងថ្លៃចំពោះតួរនាទីរបស់គាត់ក្នុងការបំផ្លាញនីតិរដ្ឋនិងរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋកម្ពុជា»។
ប្រទេសកម្ពុជាទើបទទួលបានការបន្ត «ប្រព័ន្ធអនុគ្រោះពន្ធទូទៅ» (GSP) កាលពីដើមឆ្នាំ២០១៨ ហើយបាននាំទំនិញក្នុងតម្លៃជាង៤០០លានដុល្លារចូលសហរដ្ឋអាមេរិកដោយរួចពន្ធ។ ភាគច្រើននៃទំនិញទាំងនេះគឺជាបម្រើការដល់ការធ្វើដំណើរ ដែលអាចឱ្យកម្ពុជាចំណេញប្រាក់ពន្ធប្រហែល៨០លានដុល្លារក្នុងមួយឆ្នាំៗ។
សេចក្តីស្នើច្បាប់ដែលមានការគាំទ្រទាំងពីរគណបក្សនេះនឹងតម្រូវឱ្យរដ្ឋបាលលោកប្រធានាធិបតីត្រាំ ប្រើប្រាស់ការរកឃើញដើម្បីសម្រេចថាតើកម្ពុជានឹងបន្តទទួលបានឋានៈនេះឬត្រូវដកហូតវិញ។
លោកស្ទីវ ឆាបុត អ្នកតំណាងរាស្ត្រនៃគណបក្សសាធារណរដ្ឋមកពីរដ្ឋអូហៃយូ បានបញ្ជាក់ថា៖
«ដូចយើងបាននិយាយម្តងហើយម្តងទៀតក្នុងពេលអតីតកាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវតែទទួលខុសត្រូវ ចំពោះការដកហូតលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ ប្រទេសកម្ពុជាបន្តទទួលបានឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្នុងពេលជាមួយគ្នានោះដែរ គាត់បន្តជិះជាន់សិទ្ធិពលរដ្ឋរបស់ខ្លួន។ ដោយសារតែសកម្មភាពរបស់គាត់ ដល់ពេលដែលយើងវាយតម្លៃឡើងវិញនូវការទទួលបានឋានៈពិសេសនេះហើយ»៕