សមាជិក​សភា​សហ​រដ្ឋ​អាមេរិក​ពិចារណា​ការ​ខិតខំ​ប្រឹងប្រែង​ទប់ទល់​ចិន

  • Reuters

រូបឯកសារ៖ បុរស​ពីរ​នាក់​អង្គុយ​នៅ​ពី​មុខ​ទង់ជាតិ​សហរដ្ឋ​អាមេរិក និង​ទង់ជាតិ​ចិន ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​ G20 នៅ​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។

សមាជិក​សភា​សហ​រដ្ឋ​អាមេរិក​រំពឹង​ថា ការ​បង្កើត​ច្បាប់​ដើម្បី​ជំរុញ​សមត្ថភាព​របស់​អាមេរិក​ទប់ទល់ប្រទេស​ចិន​នឹង​ឆ្លង​ផុត​គណៈកម្មាធិការ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ពុធ​បន្ទាប់ពី​ការ​ចរចា​ជា​ច្រើន​សប្តាហ៍​រវាង​អ្នក​ប្រជា​ធិបតេយ្យ​និង​អ្នក​សាធារណរដ្ឋ។

សមាជិក​គណៈ​កម្មាធិការ​ទំនាក់​ទំនង​កិច្ចការ​បរទេស​របស់​ព្រឹទ្ធ​សភា​កំណត់​ជជែក​ដេញដោល​ច្បាប់ដែល​មានឈ្មោះ​ថា​«ច្បាប់​យុទ្ធសាស្ត្រ​ប្រកួត​ប្រជែង​ឆ្នាំ​២០២១» ហើយ​ពិចារណា​ការ​ធ្វើ​វិសោធន​កម្ម​ មុន​បោះ ឆ្នោត​សម្រេច​ថា​ តើត្រូវ​បញ្ជូន​ឲ្យ​ព្រឹទ្ធ​សភា​ដែល​មាន​សមាជិក​១០០​នាក់​បោះឆ្នោត​សម្រេច​ឬ​យ៉ាងណា។

ក្នុង​សន្និសីទ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ ជំនួយ​ការរបស់​សមាជិក​សភាខាង​គណបក្សប្រជា​ធិបតេយ្យ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «យើងពិត​ជារីករាយ​ដែល​មាន​ការមូលមតិ​ទ្វេភាគី​កម្រិត​ខ្ពស់​បែប​នេះ​ស្តីពី​នីតិកម្ម​នេះ​និង​អំពី​របៀប​វិធានការ​សម្រាប់​ប្រទេស​ចិន​ និង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ កាន់តែ​ទូលំទូលាយ​ថែម​ទៀត»។

សេចក្តី​ព្រាងច្បាប់​កម្រាស់​២៨០​ទំព័រ​ដែល​ព័ត៌មាន​លម្អិត​អំពី​ច្បាប់​នេះ​ត្រូវ​បាន​រាយការណ៍​ជា​ដំបូង​ ដោយ​សារ​ព័ត៌មាន​រ៉យទ័រ​នៅ​ថ្ងៃទី​៨​ខែ​មេសា​នោះ​និយាយ​អំពីការ​ប្រកួត​ប្រជែង​ខាង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ចិន ប៉ុន្តែ​ក៏មាន​និយាយ​អំពីមនុស្សធម៌​និង​ប្រជា​ធិបតេយ្យ​ដែរ​ ដូច ជា​ដាក់​បញ្ចូល​ទណ្ឌកម្ម​លើការ​ធ្វើបាប​ជនជាតិ​ភាគតិច​មូស្លីម​វីហ្គើ ​និង​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ហុងកុង។​

អ្នក​ជំនួយ​ការ​បាន​និយាយ​ថា​ សមាជិក​គណៈ​កម្មាធិការ​ទំនាក់​ទំនង​កិច្ចការ​បរទេស​របស់​ព្រឹទ្ធ​សភាបាន​ធ្វើ​វិសោធន​កម្ម​ប្រហែល​១៥០៕