សមាជិក​សភា​អាមេរិក​ប្រកាស​សាមគ្គីភាព​ជាមួយ​តៃវ៉ាន់​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តៃវ៉ាន់

ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី Tsai Ing-wen ថតរូប​ជាមួយ​នឹង​សមាជិក​សភា​អាមេរិក​​ចំនួន ៦ រូប និង​ប្រតិភូ​មួយ​ចំនួន​ទៀត​នៅ​ខុទ្ទកាល័យ​ប្រធានាធិបតី​តៃវ៉ាន់ ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។

សមាជិក​សភា​សហរដ្ឋ​អាមេរិក ៦ រូប​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​សុក្រ ដោយ​បាន​បង្ហាញ​ការ​គាំទ្រ​ខ្លាំងក្លា​ចំពោះ​អធិបតេយ្យភាព​របស់​តៃវ៉ាន់ និង​បាន​សន្យា​ថា​សហរដ្ឋ​អាមេរិក​នឹង​ជួយ​តៃវ៉ាន់​ទប់ទល់​នឹង​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន​ដែល​ចង់​ដាក់​គំនាប​អំណាច​លើ​តៃវ៉ាន់។

ដំណើរ​ទស្សនកិច្ច​នេះ​បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ខ្លាំងក្លា​ពី​រដ្ឋាភិបាល​ចិន។ កន្លង​មក រដ្ឋាភិបាល​ចិន​បាន​ស្នើ​មិន​ឱ្យ​ក្រុម​សមាជិក​សភា​អាមេរិក​នេះ​ធ្វើ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់ទេ។

បន្ថែម​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​ផ្លូវការ​ថ្កោលទោស​ដំណើរ​ទស្សនកិច្ច​នេះ រដ្ឋាភិបាល​ចិន​បាន​បញ្ជា​ឱ្យ​មាន​ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ដែន​សមុទ្រ​ជិត​កោះ​តៃវ៉ាន់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ធ្វើ​សមយុទ្ធ​យន្តហោះ​យាមល្បាត​ប្រុងប្រៀប​ប្រយុទ្ធ និង​ការ​ធ្វើ​សមយុទ្ធ​វាយ​ប្រហារ​តាម​ដែន​សមុទ្រ​ផងដែរ។

លោក​វរសេនីយ៍ឯក​ជាន់ខ្ពស់ Shi Yi ដែល​ជា​អ្នក​នាំពាក្យ​យោធា​ចិន​ទទួល​បន្ទុក​បញ្ជាការដ្ឋាន​ភូមិភាគ​ខាង​កើត បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «អ្នក​ណា​ដែល​លេង​ជាមួយ​ភ្លើង អ្នក​នោះ​នឹង​ឆេះ​ខ្លួនឯង។ កងទ័ព​ក្នុង​តំបន់​យោធា​នេះ​តែងតែ​រក្សា​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយ​នឹង​ការពារ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​អធិបតេយ្យភាព​និង​សន្តិសុខ​ជាតិ​ក៏​ដូចជា​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់»។

គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​នេះ​រួម​មាន លោក​សមាជិក​ព្រឹទ្ធសភា Robert Menendez ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ New Jersey ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា លោក​សមាជិក​ព្រឹទ្ធសភា Lindsey Graham ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ South Carolina លោក​សមាជិក​ព្រឹទ្ធសភា Richard Burr ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ North Carolina លោក​សមាជិក​ព្រឹទ្ធសភា Robert Portman ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Ohio លោក​សមាជិក​ព្រឹទ្ធសភា Ben Sasse ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Nebraska និង​លោក​សមាជិក​រដ្ឋសភា Ronny Jackson ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Texas។

ក្នុង​ចំណោម​បញ្ហា​នានា គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​នេះ​បាន​រិះគន់​ប្រទេស​ចិន​ចំពោះ​អ្វី​ដែល​ពួកគេ​ចាត់ទុក​ថា​ជា​ការ​គាំទ្រ​ជា​បន្ត​របស់​ចិន​លើ​ប្រទេស​រុស្ស៊ី​នៅក្នុង​ស្ថានការណ៍​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ទាំង​នេះ​ក៏​បាន​ប្រៀបធៀប​ផងដែរ​រវាង​សកម្មភាព​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​នេះ​ជាមួយ​នឹង​ករណី​ដែល​ប្រទេស​ចិន​អាច​ប៉ុនប៉ង​ដណ្ដើម​គ្រប់គ្រង​កោះ​តៃវ៉ាន់​ដោយ​កម្លាំង​យោធា៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ