ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​យល់ព្រម​លក់​កាំជ្រួច​ការពារ​ដល់​តៃវ៉ាន់​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​៩៥ លាន​ដុល្លារ


រូបឯកសារ៖ សមាជិក​ម្នាក់​នៃ​កងទ័ព​អាកាស​អាមេរិក​ឈរ​ក្បែរ​មីស៊ីល Patriot នៅឯ​មូលដ្ឋាន​ទ័ពអាកាស Prince Sultan ក្នុងទីក្រុង al-Kharj ភាគកណ្តាល​ប្រទេស​អារ៉ាប៊ីសាអូឌីត កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួនបាន​យល់​ព្រមលក់ឧបករណ៍​បណ្តុះ​បណ្តាល​ ដែល​មាន​តម្លៃរហូត​ដល់៩៥លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់ប្រព័ន្ធកាំជ្រួច​ការពារ​ប៉ាទ្រីយ៉ុតរបស់​កោះ​តៃវ៉ាន់​ ដែលនេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​និយាយ​ថា នឹង​ជួយ​ពួក​គេក្នុង​ការពារដែន​កោះ​មួយ​នេះពី​ការឈ្លាន​ពាន​របស់​ចិន​ដីគោក។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ទីភ្នាក់ងារសហរប្រតិបតិ្តការ​សន្តិសុខការពារ​ប្រទេស​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «ការលក់ដែល​ត្រូវ​បាន​ស្នើ​ឡើង​នេះ​ នឹង​ជួយ​ដល់​សមត្ថភាព​កាំជ្រួច​ការពារ​របស់​តៃវ៉ាន់​និងធានា​ដល់​ការ​ត្រៀម​ខ្លួនរបស់​ដែន​កោះ​មួយនេះ​ ក្នុង​ការធ្វើ​ប្រតិបត្តិការលើ​ផ្ទៃ​អាកាស»។

សេចក្តី​ថ្លែងការណ៍​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា កោះ​តៃវ៉ាន់ នឹងប្រើប្រាស់​ការបណ្តុះ​បណ្តាលនិង​ឧបករណ៍​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ទាំង​នេះ​ដើម្បី​កំញើញ​ដល់​ការគំរាមកំហែង​ក្នុង​តំបន់​និងពង្រឹង​នូវ​ការ​ការពារ​មាតុភូមិរបស់​ខ្លួន»។

ក្រសួង​ការបរទេស​តៃវ៉ាន់​ បាន​ស្វាគមន៍​ដល់កិច្ចព្រមព្រៀង​លក់​អាវុធ​នេះ ដែលនេះ​ជា​ការ យល់ព្រមលក់​អាវុធ​លើក​ទី៣ហើយ​នៅ​ក្រោមប្រធានាធិបតី​អាមេរិក​លោក Joe Biden ដោយ​និយាយ​ថា អាវុធ​ទាំង​នេះ​ នឹង​ជួយខ្លួន​ក្នុង​ការ​ការពារ​ប្រឆាំងនឹងការ​បន្តពង្រីកឥទ្ធិពលយោធា​និង​ការ​បង្កហេតុ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង»។

ក្រសួង​ការបរទេស​តៃវ៉ាន់​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ថា «នៅ​ចំពោះ​មុខ​នៃការ​បន្ត​ពង្រីក​ផ្នែកយោធា​និង​ការ​បង្កហេតុ​របស់​ចិន​ដីគោក​នោះ កោះតៃវ៉ាន់​ ត្រូវ​តែ​បង្ហាញ​ឲ្យ​បាន​ពេញ​លេញនូវ​ការប្តេជ្ញា​ចិត្ត​ដ៏​ខ្លាំង​របស់​ខ្លួន​ដើម្បី​ការពារ​ខ្លួន​ឯង»។

«រដ្ឋបាល​របស់​យើង​ នឹង​បន្តពង្រឹងនូវ​ស្វ័យការពារ និង​សមត្ថភាព​ប្រយុទ្ធដ៏​ខ្លាំង​របស់​យើង»។ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​និយាយ​ថា កិច្ចព្រមព្រៀងទិញ​អាវុធ​នេះ​ ត្រូវ​បាន​រំពឹង​ថា​ នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល១ខែ។

ការទិញ​អាវុធ​របស់​កោះតៃវ៉ាន់​ចុងក្រោយ​នេះ​ កើត​មាន​ឡើង​ ​ខណៈពេល​ ដែល​ដែនកោះ​មួយ​នេះ​ កំពុង​តាមដាន​យ៉ាង​ដិត​ដល់​ទៅ​លើ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​ស្រប​ពេល​ដែល​ខ្លួន​ កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​មួយ​នៃ​ការគំរាម​កំហែង​ជា​ប្រចាំ​ពី​ការ​ចូល​ឈ្លានពាន​ពី​ប្រទេស​ចិន​ដី​គោកដ៏​ធំនោះ។

ប្រទេស​ចិន​ បានចាត់​ទុក​ដែន​កោះ​តៃវ៉ាន់​ថា ​ជា​ផ្នែក​មួយ​នៃ​បូរណភាព​ទឹកដី​របស់​ខ្លួន​ ហើយ​បាន​សន្យាជា​ច្រើន​លើក​ច្រើន​សារ​ថា ខ្លួននឹង​ដណ្តើម​យក​ដែន​កោះ​មួយ​នេះនៅ​ថ្ងៃ​ណា​មួយ​បើ​ទោះ​បី​ជាត្រូវ​ប្រើ​កម្លាំង​យោធា​ជា​ចាំបាច់​ក្តី៕

XS
SM
MD
LG