សមាជិក​សភា​អាមេរិក​ស្នើ​ឱ្យ​មាន​ការ​ពិនិត្យ​ដិតដល់​លើ​ការ​ឆែកឆេរ​ភូមិគ្រឹះ​លោក Trump និង​លើ​ឯកសារ​ដែល​ភ្នាក់ងារ FBI បាន​រក​ឃើញ

រូប​ឯកសារ៖ កង​ការពារ​ Secret Service​ ប្រដាប់​អាវុធ​ឈរ​យាម​នៅ​ខាង​ក្រៅ​ភូមិគ្រឹះ​ Mar-a-Lago របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ទី​ក្រុង Palm Beach រដ្ឋ Florida សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២២។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​សំខាន់ៗ​មួយ​ចំនួន​បាន​អំពាវនាវ​កាលពី​ថ្ងៃ​អាទិត្យ​ឱ្យ​មាន​ការ​ពិនិត្យ​ឱ្យ​បាន​ដិតដល់​បន្ថែម​ទៀត​លើ​មូលហេតុ​នៃ​ការ​ឆែកឆេរ​ភូមិគ្រឹះ​របស់​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​រដ្ឋ Florida និង​ពិនិត្យ​មើល​ថា ​តើ​លោក​មាន​បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ដែរ​ឬ​ក៏​អត់​នៅ​ពេល​ដែល​លោក​យក​ឯកសារ​សម្ងាត់​ទៅ​ជាមួយ​លោក​ក្រោយ​ពី​លោក​បាន​បញ្ចប់​អាណត្តិ​ជា​ប្រធានាធិបតី​កាលពី​ដើម​ឆ្នាំ ២០២១។

សមាជិក​រដ្ឋសភា​លោក Mike Turner ដែល​ជា​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​គណៈកម្មាធិការ​រដ្ឋសភា​ទទួល​បន្ទុក​កិច្ចការ​ស៊ើបការណ៍​សម្ងាត់ បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី «State of the Union» របស់​បណ្ដាញ​ព័ត៌មាន CNN ថា៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន‍។ ការ​ព្រួយ​បារម្ភ​មួយ​គឺ​ថា​តើ​ការ​ឆែកឆេរ​នោះ​មាន​យុត្តិកម្ម​ឬ​ក៏​អត់»។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក Merrick Garland បាន​ថ្លែង​ថា លោក​ជា​អ្នក​បញ្ជា​ឱ្យ​ធ្វើ​ដូច្នេះ​មុន​ពេល​ចៅក្រម​សហរដ្ឋ​អាមេរិក​ផ្តល់​ការ​យល់ព្រម។

លោក Turner បាន​និយាយ​ថា៖ «យើង​បាន​បញ្ជី​នេះ​ពី​ទីភ្នាក់ងារ​សហព័ន្ធ​ស៊ើប​អង្កេត (FBI) [អំពី​អ្វី​ដែល​គេ​បាន​រក​ឃើញ​នៅ​ភូមិគ្រឹះ Mar-A-Lago របស់​លោក Trump] ប៉ុន្តែ​យើង​មិន​មាន​ភ័ស្តុតាង​ដើម្បី​សន្និដ្ឋាន​ថា​តើ​នេះ​ពិតជា​ឯកសារ​សម្ងាត់​មែន​ឬ​ក៏​អត់ និង​ថា​តើ​ឯកសារ​ទាំង​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ឯកសារ​សម្ងាត់​កម្រិត​ខ្ពស់​ឬ​ក៏​យ៉ាង​ណា​នោះ»។

បន្ទាប់ពី​បាន​ឆែកឆេរ​ភូមិគ្រឹះ​របស់​លោក Trump កាលពី​សប្តាហ៍​មុន​មក ភ្នាក់ងារ FBI បាន​រឹបអូស​ប្រអប់​ចំនួន ២០ ដែល​ពួកគេ​បាន​និយាយ​ថា​ មាន​ផ្ទុក​ឯកសារ​សម្ងាត់​ចំនួន ១១ ដោយ​ឯកសារ​ខ្លះ​មាន​ដាក់​ស្លាក​ថា «ព័ត៌មាន​សម្ងាត់​ផ្នែក​សន្តិសុខ​កម្រិត​ខ្ពស់​បំផុត» ដែល​ជា​ឯកសារ​ដែល​អាច​មើល​បាន​តែ​នៅ​ក្នុង​ទីតាំង​រដ្ឋាភិបាល​ណា​ដែល​មាន​សុវត្ថិភាព​ខ្ពស់​តែ​ប៉ុណ្ណោះ។

ភូមិគ្រឹះ Mar-A-Lago របស់​លោក Trump នោះ មិនមែន​ជា​កន្លែង​ដែល​អាច​មើល​ឯកសារ​បែប​នេះ​ទេ បើ​ទោះបីជា​លោក Trump បាន​អះអាង​ថា លោក​បាន​ចាត់ទុក​ឯកសារ​ទាំង​នោះ​ថា​លែង​សម្ងាត់​មុន​ពេល​លោក​បញ្ចប់​អាណត្តិ​របស់​លោក​ក៏ដោយ។

នៅ​ពេល​នោះ វា​ជា​សិទ្ធិ​របស់​លោក Trump នៅ​ក្នុង​ការ​សម្រេច​ដូច្នេះ។ ប៉ុន្តែ​តាំង​ពី​ពេល​នោះ​មក មន្ត្រី​អាមេរិក​បាន​បញ្ជាក់​ថា គ្មាន​ឯកសារ​ណា​មួយ​ដែល​បង្ហាញ​ថា លោក Trump បាន​ចាត់ទុក​ឯកសារ​ដែល​ភ្នាក់ងារ FBI បាន​រក​ឃើញ​នោះ​ថា​លែង​ជា​ឯកសារ​សម្ងាត់​នោះ​ឡើយ៕