តំណាងរាស្រ្តអាមេរិកបានផ្ញើលិខិតមួយច្បាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយបង្ហាញក្តីបារម្ភថា ការបោះឆ្នោតនៅពេលខាងមុខអាចនឹងគ្មានវត្តមានរបស់មេដឹកនាំគណបក្សប្រឆាំង។ លិខិតនេះធ្វើឡើង បន្ទាប់ពីសភាអាមេរិកមើលឃើញថា មេដឹកនាំកម្ពុជាកំពុងអនុវត្តថយក្រោយនូវលទ្ធិប្រជាធិបតេយ្យ។
បានស្នើឲ្យលោកហ៊ុន សែនបញ្ឈប់ការយាយី និងធ្វើបាបគណបក្សប្រឆាំង ដើម្បីចៀសវាងកុំឲ្យប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យមិនអាចទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជានេះ។
លិខិតដែលលោក Edward R. Royce ផ្ញើជូនលោកហ៊ុន សែន កាលពីថ្ងៃទី៧ ខែកញ្ញានេះ សរសេរថា លោកមានក្តីបារម្ភយ៉ាងខ្លាំងចំពោះការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបន្តថា របាយការណ៍នានាបានបង្ហាញថា លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានបង្ខំឲ្យជ្រកកោននៅក្នុងទីស្នាក់កណ្តាលគណបក្ស ហើយប្រហែលជាឆាប់ៗនេះ លោកនឹងត្រូវបានចាប់ខ្លួនក្រោមបទបដិសេធមិនចូលខ្លួនទៅតុលាការទាក់ទិនករណីសញ្ចារកម្ម បើទោះជាលោកមានអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្ត្រក៏ដោយ។
លោក Edward R. Royce បន្ថែមក្នុងលិខិតនោះថា បើគ្មានការចូលរួមពេញលេញពីគណបក្សសង្គ្រោះជាតិទេ នោះលទ្ធផលបោះឆ្នោតនាពេលខាងមុខនឹងមិនអាចធ្វើបានល្អត្រឹមត្រូវទាំងស្រុងឡើយ។ លោកអះអាងថា នោះជាអ្វីដែលសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកមិនអាចទទួលយកបានទេ។ លោកបញ្ជាក់ដោយសំដៅទៅលោកហ៊ុន សែនថា៖
«ខ្ញុំទទូចជាខ្លាំងឲ្យលោកពិចារណាទៅលើផលប៉ះពាល់ជាអវិជ្ជមានលើដំណើរការបោះឆ្នោត ដែលទំនងជាកើតមកពីការតម្រង់គោលដៅវាយប្រហារក្រុមមេដឹកនាំគណបក្សប្រឆាំង ហើយសូមបញ្ឈប់ការយាយី និងការធ្វើបាបដ៏ឃោរឃៅមកលើលោកកឹម សុខា និងមេដឹកនាំគណបក្សប្រឆាំងផ្សេងទៀត»។
លិខិតតំណាងរាស្រ្តអាមេរិកផ្ញើជូនលោកហ៊ុន សែនធ្វើឡើងក្រោយពីសមាជិកគណបក្សប្រឆាំង និងសកម្មជននានាត្រូវចាប់ខ្លួន និងរងការវាយដំ ខណៈពេលដែលតំណាងរាស្រ្តគណបក្សប្រឆាំងមួយចំនួនត្រូវចាប់ឃុំខ្លួនទាំងកំពុងមានអភ័យឯកសិទ្ធិ និងមានសញ្ជាតអាមេរិក និងបារាំង និងក្រោយពីមានឃាតកម្មកាលពីថ្ងៃ១០ខែកក្កដា ឆ្នាំ២០១៦ សម្លាប់លោកកែម ឡី អ្នកអធិប្បាយនយោបាយកម្ពុជាដ៏មានប្រជាប្រិយភាព។
ឆ្លើយតបនឹងលិខិតរបស់លោក Edward R. Royce លោកផៃ ស៊ីផាន អ្នកនាំពាក្យស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងអនុវត្តការងារប្រកបដោយលិទ្ធប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ។ លោកបន្ថែមថា រហូតមកដល់ពេលនេះ កម្ពុជាមានគណបក្សនយោបាយច្រើនគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ។
លោកបញ្ជាក់ថា៖
«កម្ពុជាយ៉ាងហោចណាស់មាន២២គណបក្ស បូកជាមួយហ្នឹង២២ហ្នឹងគឺគណបក្សប្រជាជនកម្ពុជាមួយទៀតហ្នឹង២៣ ដែលមានដំណើរការកំពុងតែរៀបចំខ្លួនក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ។ ដូច្នេះការបារម្ភហ្នឹងអត់ចំទិសដៅ និងអត់ចំស្មារតីនូវអ្វីដែលកើតឡើងនៅកម្ពុជាទេ។ អាស្រ័យហេតុនេះហ្នឹង អ្វីដែលគាត់ដឹងគឺមានកម្រិត»។
លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូបានលើកឡើងថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមួយរយៈចុងក្រោយនេះមានការធ្លាក់ចុះយ៉ាងគំហុក ដូច្នេះប្រទេសជាម្ចាស់ជំនួយតែងមានការបារម្ភ និងដាក់លក្ខខណ្ឌដើម្បីឲ្យកម្ពុជាធានានូវការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ចៀសវាងវិបត្តិនយោបាយក្នុងពេលបោះឆ្នោតជាតិដែលគ្រោងធ្វើឡើងនៅឆ្នាំ២០១៨។
លោកមានប្រសាសន៍ថា៖
«នៅកម្ពុជាយើងកន្លងមក ឲ្យតែបោះឆ្នោតហើយតែងតែមានបាតុកម្ម តែងតែមានការជាប់គាំងនយោបាយ ហើយតែងតែមានកើតឡើងអំពើហិង្សាជាបន្តបន្ទាប់។ អានេះដែលជាការព្រួយបារម្ភរបស់យើង នៅពេលការបោះឆ្នោតខាងមុខ។ បើសិនជាលទ្ធផលដែលកើតចេញហ្នឹងហើយ គណបក្សនយោបាយដទៃទៀតគាត់មិនអាចទទួលយកបាន វានឹងអាចកើតនូវបាតុកម្ម ឬអំពើហិង្សាណាមួយកើតឡើង»។
លោកបន្ថែមថា រដ្ឋាភិបាលត្រូវតែគោរពតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ច្បាប់អន្តរជាតិ ទើបលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាអាចដំណើរការទៅដោយរលូន។
កាលពីថ្ងៃទី៦ ខែកញ្ញា អ្នកនាំពាក្យឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប.បានបង្ហាញពីការបារម្ភ ក្រោយមានការចល័តកម្លាំងទ័ពនៅជិតទីស្នាក់ការគណបក្សសង្គ្រោះជាតិ និងការប្តេជ្ញារបស់មន្ត្រីជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធការពារគណបក្សកាន់អំណាច ព្រមទាំងការបិទផ្លូវមិនឲ្យគណបក្សសង្គ្រោះជាតិហែញត្តិដាក់នៅតាមស្ថានទូតនានា ហើយថា សកម្មភាពទាំងនោះជាការបំភិតបំភ័យគណបក្សប្រឆាំង អ្នកគាំទ្រគណបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកធ្វើបាតុកម្មដោយសន្តិវិធីនៅកម្ពុជា៕