រំលឹកដល់ការស្លាប់របស់ជនរងគ្រោះជាង ១០០ លាននាក់និងមនុស្សជាង ១ពាន់លាននាក់កំពុងរស់នៅក្រោមឥទ្ធិពលកុម្មុយនិស្តក្នុងប្រទេសជាច្រើនរាប់ទាំងចិន កូរ៉េខាងជើង វៀតណាម និងគុយបាផងនោះ ក្រុមសមាជិកសភាអាមេរិកបានថ្លែងប្តេជ្ញាថា នឹងព្យាយាមទប់ស្កាត់ឥទ្ធិពលកុម្មនិស្តមិនឲ្យបន្តរីករាលដាលនៅអាមេរិកនិង ក្នុងពិភពលោកនោះទេ។
ការថ្លែងយ៉ាងដូច្នេះ គឺនៅចំពេលដែល ក្រុមការងារសភាស្តីពីជនរងគ្រោះកុម្មុយនិស្ត (Victims of Communism Congressional Caucus) សម្ពោធបើកដំណើរការ និងមានការពិភាក្សាអំពីការលើកកម្ពស់ការយល់ដឹងអំពីការស្លាប់មនុស្សជាង ១០០ លាននាក់ដោយសារដ្ឋាភិបាលកុម្មុនិស្តក្នុងសតវត្សរ៍ទី ២០ និង បង្ហាញពីកេរដំណែលរបស់កុម្មុយនិស្ត ដែលធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋរាប់លាននាក់ក្នុងប្រទេសជាច្រើនដែលប្រកាន់លទ្ធិកុម្មុយនិស្ត។
កម្មវិធីដែលប្រព្រឹត្តទៅនៅអាគារទទួលភ្ញៀវសភាកាលពីថ្ងៃពុធ ទី ១៤ កុម្ភៈ ឆ្នាំ ២០២៤ នេះ មានការចូលរួមពីសមាជិកសភាមួយចំនួន តំណាងស្ថានទូតនានា និងដៃគូរបស់អង្គការមូលនិធិរំលឹកជនរងគ្រោះកុម្មុយនិស្ត (Victims of Communism Memorial Foundation) ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៩៤។
លោកស្រី Michelle Steel សមាជិកសភាអាមេរិកគណបក្សសាធារណរដ្ឋពីរដ្ឋកាលីហ្វ័រញ៉ា និងជាសហប្រធានក្រុមការងារសភាស្តីពីជនរងគ្រោះកុម្មុយនិស្តចម្រុះបក្ស បានថ្លែងថា លទ្ធិកុម្មុយនិស្តជាលទ្ធិឃោរឃៅ ដែលចាក់ឫសនៃភាពក្រីក្រ ភាពអស់សង្ឃឹម ភាពផ្តាច់ការនិយម និងបន្ទាប់មកគឺការស្លាប់។ លោកស្រីបានចាត់ទុកថាទម្រង់ទាំងនេះកើតឡើងនៅប្រទេសជាច្រើនរួមទាំងចិន កូរ៉េខាងជើង គុយបា និងវៀតណាម។
លោកស្រីថ្លែងថា៖ «ក្រោមការដឹកនាំរបស់ Xi Jinping បក្សកុម្មុយនិស្តចិនកំពុងធ្វើទាសភាពទ្រង់ទ្រាយធំ និងការប្រល័យពូជសាសន៍ជាប្រព័ន្ធ និងសាសនាផ្សេងទៀតដូចជាគ្រិស្តសាសនា និងឥស្លាម និងជនជាតិភាគតិច»។
លោកស្រីបានបន្ថែមថា៖ «លោក គីម ជុងអ៊ុន គាបសង្កត់ប្រជាជនកូរ៉េខាងជើង ដោយបង្ខំឱ្យពួកគេរងទុក្ខវេទនានៃភាពក្រីក្រ និងភាពអត់ឃ្លានដែលមិនអាចគេចផុតបាន ខណៈពេលដែលលោក និងមេដឹកនាំដែលត្រូវបានជ្រើសរើសដោយលោក គីម រស់នៅហឺហាលើគំនរទ្រព្យសម្បត្តិ និងគំរាមធ្វើសង្គ្រាមនុយក្លេអ៊ែរ»។
លោកស្រីបានបញ្ជាក់បន្ថែមទៅលើប្រទេសមួយចំនួនទៀត រួមនឹងការតាំងចិត្តថា៖ លោកស្រី Michelle Steel ថ្លែងថា៖ «របបកុម្មុយនិស្តនៅទូទាំងពិភពលោក ចាប់ពីប្រទេសវៀតណាម រហូតដល់ប្រទេសគុយបា បានដាក់ប្រជាជនរបស់ពួកគេឱ្យរងទុក្ខវេទនាជាបន្តបន្ទាប់ និងគួរឱ្យរន្ធត់។ យើងគោរពដល់ជនរងគ្រោះនៃកុម្មុយនិស្តពីអតីតកាល ដោយរារាំងជនផ្តាច់ការដ៏អាក្រក់កុំឱ្យមនុស្សក្លាយជា ជនរងគ្រោះកាន់តែច្រើននៅសព្វថ្ងៃនេះ និងទៅអនាគត»។
លោកស្រី Michelle Steel មានឪពុកម្តាយភៀសខ្លួនពីកូរ៉េខាងជើង មកកូរ៉េខាងត្បូង ហើយលោកស្រីបានមករស់នៅសហរដ្ឋអាមេរិក រហូតដល់ត្រូវបានជ្រើសតាំងជាសមាជិកសភាអាមេរិកនៅរដ្ឋកាលីហ្វ័រញ៉ា ដែលមានជនភៀសជាច្រើន ដូចជាវៀតណាម កម្ពុជាដែលបានឆ្លងកាត់របបកុម្មុយនិស្ត។
លោកស្រី Debbie Wasserman Schultz សមាជិកសភាអាមេរិកខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋ ផ្លរីដា និងជាសហប្រធានក្រុមការងារសភាស្តីពីជនរងគ្រោះកុម្មុយនិស្តចម្រុះបក្ស ដែលមានពលរដ្ឋជាច្រើនជាជនភៀសខ្លួនមកពីប្រទេសកុម្មុយនិស្តដូចជាគុយបាជាដើមនោះ បានយល់ស្របថា មានកិច្ចការជាច្រើនដែលត្រូវធ្វើ ក្នុងដំណាក់កាលដែលឥទ្ធិពលចិនកុម្មុយនិស្តដ៏អាក្រក់កាន់តែរីកលូតលាស់។
លោកស្រីថ្លែងថា៖ «មានកិច្ចការច្រើនទៀតដែលយើងត្រូវធ្វើ និងបញ្ហាប្រឈមកាន់តែធំ នៅពេលដែលប្រទេសចិនពង្រីកឥទ្ធិពលអាក្រក់របស់ខ្លួនទៅកាន់ទ្វីបអឺរ៉ុប និងអឌ្ឍគោលខាងលិច ដូចដែលលោកស្រីសមាជិកសភា Michelle បានពន្យល់ថា (ឥទ្ធិពលកុម្មុយនិស្ត) នឹងបង្អាក់ និងបំផ្លាញសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់សេរី។
លោកស្រីថ្លែងដូច្នេះ ក្រោយប៉ុន្មានសប្តាហ៍ដែលអង្គការសហប្រជាជាតិ (អ.ស.ប.) ផ្នែកសិទ្ធិមនុស្សបង្ហាញរបាយការណ៍ ចុងក្រោយពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររបស់ចិនលើជនជាតិដើមភាគតិចវីហ្គ័រ (Uyghurs) ទីបេ និង ក្រុមជំទាស់នៅដែនដីហុងកុង ដែលរបាយការណ៍របស់ឧត្តមស្នងការសិទ្ធិមនុស្សអសបចាត់ទុកថា អំពើរំលោភសិទ្ធិមនុស្សរបស់ចិនកុម្មុយនិស្ត អាចជា«ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ» ដែលចិនបានបដិសេធពីការចោទប្រកាន់នេះ។
លោកស្រី Debbie Wasserman Schultz ថា សមាជិកសហគមន៍ជាច្រើនរបស់លោកស្រីមានបទពិសោធន៍ផ្ទាល់ដែលរស់នៅក្រោមរបបកុម្មុយនិស្តដូចជាគុយបា ចម្ងាយតែជាង ១៤៤ គីឡូម៉ែត្រពីសហរដ្ឋអាមេរិក ជាកន្លែងដែលមនុស្សរាប់លាននាក់បានស៊ូទ្រាំនឹងការគ្រប់គ្រងផ្តាច់ការ និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
លោកស្រីថ្លែងថា៖ «ខ្ញុំមានការជំរុញទឹកចិត្តដោយភាពក្លាហានរបស់ពួកគេ ហើយបានតាំងចិត្តដើម្បីធានាថា សភាសហរដ្ឋអាមេរិកបំពេញកាតព្វកិច្ចសីលធម៌របស់យើងក្នុងការប្រឆាំងនឹងកុម្មុយនិស្ត ហើយផ្តល់ក្តីសង្ឃឹម និងលទ្ធិប្រជាធិបតេយ្យដល់អ្នកដែលត្រូវការជាទីបំផុត»។
លោកស្រីបានបង្ហាញការប្តេជ្ញាបន្ថែមក្នុងឋាន:ជាសហប្រធានក្រុមការងារសភាស្តីពីជនរងគ្រោះកុម្មុយនិស្តចម្រុះបក្សថា៖ «គោលបំណងរបស់យើង គឺដើម្បីធានាថា ក្រុមការងារសភាស្តីពីជនរងគ្រោះកុម្មុយនិស្តចម្រុះបក្ស នឹងនាំមកនូវយុត្តិធ៌មដល់ការចងចាំរបស់អ្នកដែលបានបាត់បង់ និងផ្តល់សំឡេងដល់អ្នកដែលនៅតែរងទុក្ខក្នុងភាពស្ងៀមស្ងាត់ និងបង្ហាញពីទម្រង់នៃអំពើឃោរឃៅដែលកំពុងបន្តទាំងនេះ»។
បើតាមលោកស្រីសមាជិកសភា Michelle Steel ឲ្យដឹងបន្ថែមថា មកដល់ពេលនេះមានសេចក្តីព្រាងច្បាប់ចំនួន ២ ដែលទប់ស្កាត់ឥទ្ធិពលចិនកុម្មុយនិស្តលើអ្នកដឹកនាំជំនាន់ក្រោយ និងអាចក្លាយជាសម្ភារសិក្សាសម្រាប់សិស្សនៅមធ្យមសិក្សាកម្រិត ១ និងកម្រិត ២ ដើម្បីសិក្សាពី«គ្រោះថ្នាក់នៃលទ្ធិកុម្មុយនិស្តនិងលទ្ធិផ្តាច់ការនិយម»។
លោកស្រី Michelle Steel ថ្លែងថា៖ «មធ្យោបាយដ៏សំខាន់បំផុតមួយក្នុងការទប់ស្កាត់លទ្ធិកុម្មុយនិស្តពីការចាក់ឫសនៅទីនេះក្នុងសហរដ្ឋអាមេរិកគឺការអប់រំកូនចៅ របស់យើងអំពីឃោរឃៅរបស់លទ្ធិនេះ»។
ក្នុងចំណោមសាក្សីជាជនរងគ្រោះនៃរបបកុម្មុយនិស្តនៅក្នុងកម្មវិធី មាននាង Nur’iman Abdureshid ជនជាតិដើមភាគតិច វីហ្គ័រម្នាក់ ក្នុងកម្មវិធីពិភាក្សាអំពីជនរងគ្រោះដោយកុម្មុនិស្តនិងសម្ពោធបើកដំណើរការ ក្រុមការងារសភាស្តីពីជនរងគ្រោះកុម្មុយនិស្ត បានបង្ហាញរូបថតឪពុកម្តាយនិងប្អូនប្រុសពីរនាក់ ដែលនាងចោទប្រកាន់ថាអាជ្ញាធរចិនកុម្មុយនិស្តចាប់ឃុំខ្លួនដោយខុសច្បាប់ ដោយមិនដឹងមូលហេតុតាំងពីឆ្នាំ ២០១៧ មក ហើយពេលនេះមិនដឹងថា តើពួកគេនៅទីណា។
នាងរៀបរាប់ទាំងទួញយំខ្សិបខ្សួល អួលដើម«ក»អំពីទុក្ខសោកនិងការឈឺចាប់ពីការដែលគ្មានដំណឹងអំពីក្រុមគ្រួសារមកទល់ពេលនេះ។ នាងបានអំពាវនាវដល់សហរដ្ឋអាមេរិកជួយអន្តាគមន៍ពីរឿងនេះ។
នាងថ្លែងថា៖ «ខ្ញុំចង់ឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីទទួលបានព័ត៌មានអំពីគ្រួសាររបស់ខ្ញុំ និងធ្វើការដើម្បីដោះលែងពួកគេពីការជាប់ឃុំឃាំងខុសច្បាប់។ ខ្ញុំត្រូវដឹងថា ពួកគេនៅរស់ ដូច្នេះការបញ្ជាក់ថាពួកគាត់នៅរស់ មានសារៈសំខាន់ណាស់ ព្រោះខ្ញុំមិនប្រាកដ ១០០% ថា ពួកគាត់នៅលើផ្ទៃផែនដីទៀតទេ»។
លោក ត្រឹង ម៉ាន់រិន្ទ នាយកផែនការ សហព័ន្ធខ្មែរកម្ពុជាក្រោមនៅអាមេរិក ដែលតស៊ូមតិដើម្បីសេរីភាព ការគោរពសិទ្ធិពលរដ្ឋខ្មែរក្រោមនៅទឹកដីកម្ពុជាក្រោមស្ថិតនៅក្រោមការកាន់កាប់របស់វៀតណាម និងការបញ្ឈប់គ្រប់ទំរង់នៃអំពើរំលោភបំពាន គំរាមកំហែងលើពលរដ្ឋខ្មែរក្រោម។ លោកបានសម្តែងភាពរីករាយនឹងការបង្កើត ក្រុមការងារសភាស្តីពីជនរងគ្រោះកុម្មុយនិស្ត ជាមួយនឹងអង្គការ មូលនិធិរំលឹកជនរងគ្រោះកុម្មុយនិស្ត ដែលលោកថាលទ្ធិនេះលែងមានតម្លៃ។
លោកថ្លែងថា៖ «បើនិយាយពីប្រវត្តិសាស្ត្រវិញគេគ្រវែងចោលក្នុងធុងសម្រាមហើយ វានៅគ្រាន់តែកូនចៅជំនាន់ក្រោយគេសិក្សាទេ។ ពីព្រោះលទ្ធិហ្នឹង (កុម្មុយនិស្ត) វានាំមកនៅការវិនាស ការហិនហោច ដូចខ្មែរក្រហមអ៊ីចឹង ដោយសារប្រើលទ្ធិកុម្មុយនិស្តហ្នឹងបានធ្វើឲ្យពលរដ្ឋស្លាប់រាប់លាននាក់ចំណែកនៅខ្មែរកម្ពុជាក្រោមក៏អ៊ីចឹងដែរ លទ្ធិកុម្មុយនិស្តហ្នឹង មកហ្នឹងគឺធ្វើឲ្យខ្មែរកម្ពុជាក្រោមវេទនាខ្លាំងមែនទែន»។
លោកថ្លែងយោងទៅលើការធ្វើទុក្ខបុកម្នេញខ្មែរកម្ពុជាក្រោម ការចាប់ខ្លួនតាមទំនើងចិត្ត បិទសិទ្ធិសេរីភាព គាបសង្កត់ពលរដ្ឋផ្នែកសិទ្ធិសេរីភាពសាសនា បញ្ចេញមតិ និងការរស់រាន សិទ្ធិលំនៅដ្ឋាន ដីធ្លីជាដើម ដែលលោកថាពលរដ្ឋខ្មែរក្រោមគួរដឹងច្បាស់ថា គ្មានការគាំទ្រដល់របបកុម្មុយនិស្តទេនៅជុំវិញពិភពលោក។ លោកបន្ថែមថាប្រទេសកុម្មុយនិស្តជាច្រើនបច្ចុប្បន្ន បានប្តូពីសេដ្ឋកិច្ចផែនការទៅទីផ្សារសេរីហើយ៕