សហរដ្ឋអាមេរិក កំពុងរក្សាទាហានខ្លះទុកនៅក្បែររោងចក្រចម្រាញ់ប្រេងនៅប៉ែកនិរតីនៃប្រទេសស៊ីរី ដើម្បីការពាររោងចក្រទាំងនោះ កុំឱ្យក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមដណ្ដើមយកបាន។ នេះបើយោងតាមរដ្ឋមន្ត្រីការពារប្រទេសរបស់អាមេរិកលោក Mark Esper ដែលបានប្រាប់ឱ្យដឹងកាលពីថ្ងៃចន្ទ។
ក្បួនរថយន្តជាង១០០គ្រឿង ដែលដឹកទាហានអាមេរិកាំង បានឆ្លងចូលប្រទេសអ៊ីរ៉ាក់ ពីប្រទេសស៊ីរីកាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃការដកទ័ពអាមេរិកចេញពីប៉ែកខាងជើងប្រទេសស៊ីរី។ ការដកទ័ពអាមេរិកនេះ ត្រូវបានបញ្ជាដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
ប៉ុន្តែ លោក Esper មានប្រសាសន៍ថា ទាហានអាមេរិកាំងខ្លះ នៅតែល្បាតក្បែររោងចក្រចម្រាញ់ប្រេងទាំងនោះ ជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលដឹកនាំដោយពួកឃឺដ។
កាលពីថ្ងៃអាទិត្យ លោក ត្រាំ មានប្រសាសន៍តាមបណ្ដាញ Twitter ថា «ពួកយើង ការពារប្រេងបានហើយ»៕