ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បើក​ការ​ស៊ើប​អង្កេត​ព្រហ្មទណ្ឌ​អំពី​ប្រទេស​រុស្ស៊ី

រូបឯកសារ៖ លោក John Durham ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន កាល​ពី​ឆ្នាំ​២០០៦។

ការ​ស៊ើប​អង្កេត​របស់​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ដើម្បី​ស្វែង​រក​ថា​តើ​ប្រទេស​រុស្ស៊ី ​បាន​ជ្រៀត​ជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​អាមេរិក​ឆ្នាំ​២០១៦​ដែរ​ឬ​យ៉ាង​ណា​នោះ ​បានប្តូរ​ពី​ការ​សើរើ​ពិនិត្យ​ខាង​រដ្ឋ​បាល​ទៅ​ជា​ការ​ស៊ើប​អង្កេត​ខាង​ព្រហ្មទណ្ឌ​វិញ។

កាសែត ​New York Times​ បាន​រាយការណ៍​លើក​ដំបូង​អំពី​បញ្ហា​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​បានយោង​ដល់​ប្រភព​២។

ចំណាត់​ការ​ថ្មី​នេះ ​ផ្តល់​ឲ្យ​រដ្ឋអាជ្ញា​នាំមុខ​នូវ​លទ្ធភាព​ដើម្បី​ចេញ​ដីកា​និង​បញ្ជី​ឈ្មោះ​ទៅ​ឲ្យ​គណៈ​វិនិច្ឆ័យ។

លោក ​John Durham ​មេធាវី​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋ ​Connecticut ​ជា​រដ្ឋ​អាជ្ញា​នាំ​មុខ​នៅ​ក្នុង​ការ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​នេះ។

លោក ​Robert Mueller​ រដ្ឋ​អាជ្ញា​ពិសេស ​បានបញ្ចប់​នៅ​ដើម​ឆ្នាំ​នេះ​នៅ​ក្នុង​របាយការណ៍របស់​លោក​ស្តី​ពី​លទ្ធភាព​នៃ​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រ​ធានា​ធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០១៦​ ដែល​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​សម្រេច​ថា ​លោក​ប្រធានា​ធិបតី​ ដូណាល់ ត្រាំ ឬ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក​បាន​ឃុប​ឃិត​ជាមួយ​ប្រទេស​រុស្ស៊ី។

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ លោក Mueler ​បាន​សរសេរ​ថា​ លោក​មិន​អាច​ឲ្យ​ប្រ​ធានា​ធិបតី​ត្រាំ​រួច​ពី​ការចោទ​ប្រកាន់​ពី​ការ​រារាំង​យុត្តិ​ធម៌ ​ហើយ​បាន​ប្រគល់​បញ្ហា​នេះ​ទៅ​ឲ្យ​លោក​ William Barr ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌។

លោក ​Barr​ បាន​និយាយ​ថា ​លោក ​មិន​បាន​រក​ឃើញ​ទេ​ថា​ លោក​ប្រធានា​ធិបតី​ ត្រាំ​ បាន​រារាំង​យុត្តិធម៌​នោះ៕