ចៅក្រមតុលាការសហព័ន្ធសហរដ្ឋអាមេរិកមួយរូបគ្រោងនឹងចេញសេចក្ដីសម្រេចមួយនៅថ្ងៃចន្ទនេះពាក់ព័ន្ធនឹងពាក្យបណ្ដឹងមួយដែលប្ដឹងដោយគណៈកម្មាធិការតុលាការនៃរដ្ឋសភា ដែលមានបំណងបង្ខំឲ្យអតីតមេធាវីប្រចាំសេតវិមានលោក Don McGahn ផ្ដល់សក្ខីកម្មនៅក្នុងការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
ដំបូង គណៈកម្មាធិការតុលាការនេះចង់ឲ្យលោក McGahn ផ្ដល់សក្ខីកម្មពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់លោករដ្ឋអាជ្ញាពិសេស Robert Mueller អំពីការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ និងការចោទប្រកាន់ដែលថា ក្នុងនាមជាប្រធានាធិបតី លោក Trump បានរារាំងដំណើរការយុត្តិធម៌ដោយប្រឹងប្រែងដើម្បីបិទការស៊ើបអង្កេតនេះ។
គណៈកម្មាធិការនេះបានអះអាងនៅក្នុងពាក្យបណ្ដឹងដែលដាក់ជូនតុលាការកាលពីសប្ដាហ៍មុនថា ស្ថានភាពឥឡូវនេះគឺវាបន្ទាន់ជាងមុនទៅទៀត ដែលគណៈកម្មាធិការនេះអាចស្ដាប់សក្ខីកម្មពីលោក McGahn ដោយសារតែមានសវនាការសាធារណៈនានាដែលគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភាធ្វើឡើងនៅក្នុងខែនេះអំពីការចោទប្រកាន់ដែលថា លោក Trump បានដាក់សម្ពាធដោយខុសច្បាប់ឲ្យប្រទេសអ៊ុយក្រែនស៊ើបអង្កេតលើលោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យ ដែលអាចជាគូប្រជែងរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។
អ្នកស្រីចៅក្រម Ketanji Brown Jackson នៃតុលាការសង្កាត់ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា អ្នកស្រីនឹងចេញសេចក្ដីសម្រេចអំពីរឿងនេះនៅល្ងាចថ្ងៃចន្ទនេះ។
លោក McGhan ស្ថិតក្នុងចំណោមមន្ត្រីរដ្ឋបាលរបស់លោក Trump ដែលបានធ្វើព្រងើយកន្តើយចំពោះដីកាកោះហៅរបស់គណៈកម្មាធិការមួយចំនួននៃរដ្ឋសភាដែលធ្វើការស៊ើបអង្កេតលើលោក Trump ដោយសារតែសេតវិមានបានអះអាងថា មន្ត្រីទាំងនេះមានអភ័យឯកសិទ្ធិរួចផុតពីការបង្ខិតបង្ខំណាមួយឲ្យផ្ដល់សក្ខីកម្មដូចនេះ៕