ការធ្វើឃាតលោកបណ្ឌិតកែម ឡី អ្នកវិភាគសង្គមដ៏ល្បីឈ្មោះបានកើតមានឡើងទាំងព្រឹកនៅកណ្តាលទីក្រុងភ្នំពេញ ប៉ុន្តែអាថ៌កំបាំងនៃការធ្វើឃាតនេះ និងអ្នកចូលរួមពាក់ព័ន្ធអាចនឹងត្រូវលាតត្រដាងនៅតុលាការសហរដ្ឋអាមេរិក។
ការណ៍នេះដោយសារតែការធ្វើឃាតនោះកើតមានឡើងនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាមេរិកាំងឈ្មោះ Chevron។
លោកកែម ឡី ទទួលបានការគោរពស្រឡាញ់ពីពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសដោយសារតែលោកហ៊ាននិយាយរិះគន់ពីបញ្ហាអសកម្មនានាក្នុងសង្គម។ លោកបានរិះគន់បញ្ហាជាច្រើន ក្នុងនោះមានការកាប់ព្រៃឈើដោយខុសច្បាប់ អំពើពុករលួយ បូរណភាពទឹកដី និងព្រំដែនរវាងកម្ពុជានិងវៀតណាមជាដើម។ នៅពេលចុងក្រោយមុននឹងត្រូវបានសម្លាប់ លោកបានបកស្រាយរបាយការណ៍របស់អង្គការ Global Witness ដែលរកឃើញពីទ្រព្យធនដ៏ច្រើនរបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកកែម ឡី ត្រូវឃាតករបាញ់សម្លាប់ក្នុងហាងកាហ្វេ Star Mart ក្នុងស្ថានីយ៍ចាក់ប្រេងកាល់តិចកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងពេលដែលលោកកំពុងអង្គុយផឹកកាហ្វេនៅទីនោះ។ អាជ្ញាធរបានចាប់ជនសង្ស័យម្នាក់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហើយជននេះអះអាងថា ការសម្លាប់នោះគឺដោយសារតែលោកកែម ឡី ជំពាក់លុយខ្លួនចំនួន៣០០០ដុល្លារ។
ប៉ុន្តែការណ៍នេះមិនបានធ្វើឱ្យពលរដ្ឋ និងអ្នកនយោបាយខ្លះជឿនោះទេ។ ក្នុងនោះរួមមានលោកសម រង្ស៊ី ផងដែរ។ លោកសម រង្ស៊ី ដែលពេលនោះជាប្រធានគណបក្សសង្គ្រោះជាតិបានចាត់ទុកថា វាជា«អំពើភេរវកម្មរៀបចំដោយរដ្ឋអំណាច»។
នៅខែសីហា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្តឹងលោកសម រង្ស៊ី ពីបទបរិហាកេរ្តិ៍ដោយសារតែអត្ថាធិប្បាយដែលលោកសម រង្ស៊ី បានផ្សាយតាមបណ្តាញសង្គមពីការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលក្នុងឃាតកម្មរបស់លោកបណ្ឌិតកែម ឡី។
ការណ៍នេះនាំឱ្យលោកសម រង្ស៊ី មានហេតុផលគ្រប់គ្រាន់ក្នុងការប្តឹងមកតុលាការសហរដ្ឋអាមេរិកដើម្បីសុំឱ្យតុលាការដាក់បង្គាប់ទៅក្រុមហ៊ុន Chevron បញ្ចេញឯកសារពាក់ព័ន្ធនឹងការធ្វើឃាតលោកកែម ឡី និងចេតនា ឬសកម្មភាពរបស់រដ្ឋាភិបាលក្នុងការបង្ខំឱ្យក្រុមហ៊ុនបរទេសធ្វើតាមបញ្ជារបស់ខ្លួន។
ការស្នើសុំនេះផ្អែកលើច្បាប់មួយដែលមានឈ្មោះថា«ផ្នែក១៧៨២ស្តីពីការស្វែងរកឯកសារ»។ ច្បាប់នេះចែងថា ប្រសិនបើក្រុមហ៊ុនអាមេរិកាំងណាមួយមានជាប់ពាក់ព័ន្ធនឹងរឿងក្តីក្តាំនៅខាងក្រៅសហរដ្ឋអាមេរិក គឺអ្នកពាក់ព័ន្ធក្នុងបណ្តឹងអាចដាក់ពាក្យមកតុលាការអាមេរិកាំងដើម្បីសុំឱ្យក្រុមហ៊ុនផ្តល់ភស្តុតាងសម្រាប់យកទៅប្រើប្រាស់ក្នុងរឿងក្តីនោះនៅតុលាការប្រទេសក្រៅសហរដ្ឋអាមេរិកបាន។
ក្នុងករណីនេះគឺក្រុមហ៊ុនកាលតិចក្នុងប្រទេសកម្ពុជាជាផ្នែកមួយនៃក្រុមហ៊ុន Chevron របស់សហរដ្ឋអាមេរិក ហើយការបាញ់សម្លាប់លោកកែម ឡី កើតមានឡើងនៅក្នុងស្ថានីយ៍ប្រេងមួយកន្លែងរបស់ក្រុមហ៊ុនកាលតិច។
បណ្តឹងស្នើសុំនេះធ្វើឡើងនៅតុលាការដំបូងរបស់រដ្ឋាភិបាលសហព័ន្ធប្រចាំនៅតំបន់ភាគខាងជើងនៃរដ្ឋកាលីហ្វញ៉ា ហើយដាក់ស្នើសុំដោយក្រុមហ៊ុនមេធាវីសិទ្ធិមនុស្សBraunHagey&Borden នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ តំណាងឱ្យលោកសម រង្ស៊ី និងពលរដ្ឋខ្មែរមួយចំនួនដែលធ្លាប់បានដាក់ពាក្យបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងពេលកន្លងមក។
លោកសម រង្ស៊ី បានបញ្ជាក់ថា៖
«ឥឡូវនេះការពិតត្រូវគេបិទបាំងពីព្រោះអ្នកដែលធ្វើអំពើអាក្រក់ដែលសម្លាប់គេជាពិសេសគឺបិទបាំងការពិត។ បើលាតត្រដាងការពិតខ្លួននឹងជាប់ទោស។ អីចឹងហើយបានខ្ញុំត្រូវជួយលាតត្រដាងការពិត ហើយបើតុលាការនៅស្រុកខ្មែរ តុលាការខ្វាក់ភ្នែកមិនចង់មើលការពិត មិនចង់ឃើញការពិត ចេះតែបាំងការពិត ខ្ញុំត្រូវតែបែរទៅរកតុលាការនៅក្នុងប្រទេសប្រជាធិបតេយ្យដែលតុលាការគេឯករាជ្យ ដែលគេចង់ស្វែងរកការពិតដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ»។
ឯកសារដែលទទួលបាននេះក៏នឹងត្រូវគេប្រើប្រាស់លើសពីការស្វែងរកយុត្តិធម៌សម្រាប់លោកកែម ឡី គឺវានឹងត្រូវប្រើប្រាស់ផងដែរចំពោះសំណុំរឿងដែលពលរដ្ឋរងគ្រោះនៅក្នុងប្រទេសកម្ពុជាបានដាក់ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)កាលពីខែតុលា ឆ្នាំ២០១៤។
ជនរងគ្រោះទាំងនោះបានចោទប្រកាន់ថា មានការប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិមកលើពលរដ្ឋកម្ពុជា ដោយបង្ហាញពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប្រព្រឹត្តដោយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា មន្ត្រីជាន់ខ្ពស់កម្លាំងប្រដាប់អាវុធ និងឈ្មួញធំៗដែលមានជាប់ខ្សែអ្នកធំ។
ចៅក្រម ដូនណា រីយូ (Donna M. Ryu) បានសម្រេចកាលពីថ្ងៃទី៩ ខែកុម្ភៈ ផ្តល់តាមការស្នើសុំរបស់ក្រុមហ៊ុនមេធាវី BraunHagey & Borden ក្នុងការសុំឱ្យក្រុមហ៊ុនប្រេងឥន្ធនៈ Chevron ប្រគល់ឯកសារតាមការស្នើសុំ។
លោកស្រីចៅក្រមដូនណា រីយូ បានបន្ថែមថា៖ «ការស្នើសុំភស្តុតាងនេះមិនមែនជាបន្ទុកអ្វីហួសពីផ្លូវច្បាប់ទេ ហើយហាក់ដូចជាសមស្របត្រឹមត្រូវ»។
ក្រុមហ៊ុនប្រេងនេះមានពេលរហូតដល់ថ្ងៃទី២៣ ខែកុម្ភៈក្នុងការប្តឹងជំទាស់នឹងការសម្រេចនេះ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Chevron គឺលោកហ្ការ៉េត ចនស្តុន (Gareth Johnstone) បានបញ្ជាក់ប្រាប់វីអូអេថា គ្មានប្រយោជន៍អ្វីដែលត្រូវប្តឹងសុំរូបភាពវីដេអូនោះទេដោយសារតែ«ម៉ាស៊ីនថត និងរូបវីដេអូនៅក្នុងនោះត្រូវបានប៉ូលិសយកចេញអស់តាំងពីពេលកើតហេតុភ្លាមៗម្ល៉េះ»។
ប៉ុន្តែអ្នកស្រីអេវា ស៊ូអឹលឡឺ មេធាវីមួយរូបនៃក្រុមហ៊ុនច្បាប់ BraunHagey & Borden មិនយល់ស្របទេ។ អ្នកស្រីបានបញ្ជាក់តាមសារអេឡិកត្រូនិកប្រាប់វីអូអេថា៖
«យើងមិនដឹងច្បាស់ថា តើរូបភាពវីដេអូនៅហាងសាំងកាលតិចត្រូវបានគេរក្សាទុកដោយរបៀបណាទេក្នុងពេលកន្លងមក។ ប៉ុន្តែអ្វីដែលយើងដឹង គឺថាមានកាមេរ៉ាឌីជីថលជាច្រើន ដែលថតសកម្មភាពទាំងនៅក្នុងនិងខាងក្រៅស្ថានីយ៍ប្រេង ហើយយើងស្វែងរករូបភាពវីដេអូដែលថតដោយកាមេរ៉ាទាំងនោះ ហើយបានថតក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុនពេលធ្វើឃាត ដូចដែលយើងបានបញ្ជាក់នៅក្នុងពាក្យស្នើសុំ»។
លោកស្រីបានបន្ថែមទៀតថា៖ «យើងក៏ស្នើសុំឯកសារជាច្រើនប្រភេទដូចជាការទំនាក់ទំនងរវាងបុគ្គលិកកាលតិចនិងមន្ត្រីរដ្ឋាភិបាល ឬជាមួយបុគ្គលិករបស់ក្រុមហ៊ុន Chevron ពាក់ព័ន្ធនឹងការបាញ់សម្លាប់នេះ ក៏ដូចជាព័ត៌មានពីបុគ្គលិក ឬអ្នកគ្រប់គ្រងរបស់កាលតិច ឬ Chevron ដែលប្រហែលជាបានពិនិត្យមើលរូបភាពវីដេអូនោះមុនពេលប្រគល់ឱ្យប៉ូលិស។ វាហាក់ដូចជាមិនអាចទេ ដែលថាឯកសារវីដេអូសន្តិសុខនៅស្ថានីយ៍នេះ មិនត្រូវបានគេរក្សាទុកមួយច្បាប់ទៀត ហើយត្រូវគេយកចេញទាំងស្រុងពីកន្លែងកើតហេតុ រួមទាំងសម្ភារៈថតរូបភាពវីដេអូនោះ»។
អ្នកស្រីអេវា ស៊ូអឹលឡឺ បានបញ្ជាក់ប្រាប់វីអូអេថា ខាងភាគីអ្នកស្រីបានបញ្ជូនដីកាស្នើសុំនោះកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ក្រុមហ៊ុនប្រេងនេះមានរយៈពេល៣០ថ្ងៃចាប់ពីថ្ងៃទទួលបានដីកាស្នើសុំថាត្រូវសហការ ឬបដិសេធ។
នៅក្នុងពាក្យបណ្តឹងដែលវីអូអេទទួលបាន បញ្ជាក់ថា ឯកសារភស្តុតាងដែលស្នើសុំមានចំនួន៦ប្រភេទ ក្នុងនោះរួមមានដូចជាវីដេអូ តាំងពីថ្ងៃទី១ ខែកក្កដាដល់ថ្ងៃ១៤ខែកក្កដា ឯកសារដែលបង្ហាញពីអត្តសញ្ញាណអ្នកគ្រប់គ្រងឬបុគ្គលិកស្ថានីយ៍ប្រេងសាំងកាលតិចចន្លោះពីថ្ងៃទី១ដល់១៤ខែកក្កដា ឯកសារបញ្ជាក់អត្តសញ្ញាណអ្នកគ្រប់គ្រងឬបុគ្គលិកស្ថានីយ៍ប្រេងសាំងកាលតិច ដែលត្រូវគេបញ្ឈប់ឬលាលែងចន្លោះពីថ្ងៃដែលលោកកែម ឡី ត្រូវគេធ្វើឃាតនៅថ្ងៃទី១០ ខែកក្កដាដល់ថ្ងៃទី៣១ខែកក្កដា។
អ្នកច្បាប់យល់ថា បើមានការពាក់ព័ន្ធកម្រិតខ្ពស់ដូចការលើកឡើងរបស់លោកសម រង្ស៊ី គឺគូកនរបស់ជនល្មើសប្រាកដជាបន្លំខ្លួនធ្វើជាបុគ្គលិកក្រុមហ៊ុន ហើយលាលែងនៅក្រោយពីបានបញ្ចប់សកម្មភាព ហើយលទ្ធភាពមួយទៀត គឺបក្ខពួកជនល្មើស និងជនល្មើសប្រាកដជាមកមើលទីតាំងធ្វើឃាតនេះ មុនធ្វើសកម្មភាពដោយសារតែវាជាកន្លែងដែលលោកកែម ឡី តែងតែចូលមកទទួលទានកាហ្វេ និងជួបជុំសកម្មជនមួយចំនួន។
នៅក្នុងពាក្យបណ្តឹងនោះ គឺក្រុមមេធាវីក៏ចង់បានរាល់ការទាក់ទងពីខាងរដ្ឋាភិបាលកម្ពុជាមកក្រុមហ៊ុនកាលតិច ដើម្បីបានយកវីដេអូនោះក្នុងដំណើរការស៊ើបអង្កេតរបស់ពួកគេ។ នេះអាចមានចំណុចខ្លះបង្ហាញថា រដ្ឋាភិបាលមានការប្រើអំណាចមកលើក្រុមហ៊ុនដើម្បីបង្ខំឱ្យមានកិច្ចសហការ។
លោកសម រង្ស៊ី ក៏យល់ថា វីដេអូស្តីពីការសម្លាប់នេះគឺនៅតែមាននៅឡើយ។
«តាមប្រព័ន្ធទំនើបឥឡូវនេះ យើងអាចជឿថាអ្វីដែលគេបង្ហោះហ្នឹងមិនមែនគ្រាន់តែជាខ្សែអាត់ដែលយើងកាន់ផ្ទាល់ដៃប៉ុណ្ណឹងទេ។ វាមានបញ្ជូនឡើងទៅដល់អាកាសទៅបាត់ ហើយទៅចូលកន្លែងដែលគេផ្ទុកទុក។ គេប្រមូលបានឯកសារហ្នឹងហើយ។ ដូច្នេះបើសិនជាយើងមានឆន្ទៈចង់ទៅយកមកវិញ គឺយកបានគ្រប់ពេលវេលា យកមកលាតត្រដាងក្នុងប្រទេសកម្ពុជា»។
លោកសម រង្ស៊ី ដែលនៅពេលនេះបានលាលែងចេញពីប្រធានគណបក្សសង្គ្រោះជាតិ នៅតែរក្សាការចោទប្រកាន់ពីការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលដដែល។
លោកបានលើកឡើងថា៖ «ការសម្លាប់លោកជា វិជ្ជា ការសម្លាប់លោកឈុត វុទ្ធី ការសម្លាប់លោកបណ្ឌិតកែម ឡី វាមានលក្ខណៈប្រហាក់ប្រហែលគ្នា គឺមានលក្ខណៈជាអំពើភេរវកម្មរៀបចំដោយរដ្ឋអំណាច ទាល់តែរដ្ឋអំណាចចូលរួមបានអាចប្រព្រឹត្តអំពើភេរវកម្មបែបហ្នឹងបាន។ អីចឹងហើយវាធ្ងន់ធ្ងរណាស់អំពើភេរវកម្មសព្វដងរដ្ឋអំណាចត្រូវតែបង្ក្រាបអំពើភេរវកម្ម។ នេះបើរដ្ឋអំណាចចូលរួមប្រព្រឹត្តអំពើភេរវកម្មហ្នឹង វាធ្ងន់ធ្ងរមែនទែន។ អីចឹងហើយបានសភាពការណ៍នៅប្រទេស យើងវាអាប់ឱនដុនដាបប្រជារាស្ត្រខ្មែរឈឺចាប់ ដោយសារតែរដ្ឋអំណាចគឺចូលរួមប្រព្រឹត្តអំពើភេរវកម្មមកលើប្រជារាស្ត្រខ្លួនឯង»។
លោករីឆាដ រ៉ូជឺ មេធាវីតំណាងឱ្យពលរដ្ឋរងគ្រោះកម្ពុជាដែលបានដាក់ពាក្យបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ បានបញ្ជាក់ប្រាប់វីអូអេតាមសារអេឡិកត្រូនិកថា៖
«យើងសង្ស័យខ្លាំងណាស់ថា ការសម្លាប់លោកកែម ឡី គឺជាឧទាហរណ៍មួយទៀតនៃការធ្វើឃាតនយោបាយ។ លោកកែម ឡី បាននិយាយការពិតអំពីការរំលោភសិទ្ធិមនុស្សដែលប្រព្រឹត្តដោយថ្នាក់ជាន់ខ្ពស់នៃគណបក្សកាន់អំណាច។ លោកគឺជាវីរជនសម្រាប់ជនក្រីក្រ និងគ្មានទ្រព្យធន។ ក្រុមជាន់ខ្ពស់នៃគណបក្សកាន់អំណាចមានហេតុផលជាច្រើនដែលត្រូវបំបិទសំឡេងរបស់គាត់»។
សាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងបើកសវនាការកាត់ទោសជនជាប់ចោទឈ្មោះអឿត អាង ហៅ ជួប សម្លាប់ នៅថ្ងៃទី១ ខែមីនាខាងមុខនេះ។ ប៉ុន្តែ ប្អូនប្រុសរបស់លោកកែម ឡី គឺលោកកែម រិទ្ធិសិត បានបញ្ជាក់ថា លោកនឹងមិនចូលរួមទេ។
លោកបន្ថែមថា៖
«ខ្ញុំថាខ្ញុំមិនទៅចូលរួមទេ បើសិនជាឃាតករនៅតែជា ជួប សម្លាប់ ដដែលគឺបើយើងដឹងហើយ យើងទៅចូលរួមធ្វើអ្វី ពីព្រោះការកាត់ក្តី វាគ្មានអ្វីក្រៅពីនីតិវិធីច្បាប់របស់គេថាត្រូវជាប់គុកប៉ុន្មានឆ្នាំៗអីអីចឹងទៅណា។ វាមានតែចឹងដដែល តើយើងទៅជួបធ្វើអ្វី? បើសិនជាមានសាក្សីច្រើនផ្សេង ឬមួយក៏ភស្តុតាងថា គេបញ្ចេញកាមេរ៉ាសុវត្ថិភាពឱ្យយើងមើលជាសាធារណៈ។ ទោះបីជាខ្ញុំទៅចូលរួម ហើយគេបញ្ចេញឱ្យខ្ញុំមើលហើយទទួលស្គាល់ ក៏ខ្ញុំអត់ទទួលស្គាល់ដែរ ពីព្រោះយើងសុំឱ្យសាធារណជនមើលទាំងអស់គ្នា ពីព្រោះការគាំទ្ររបស់គាត់ និងការស្រឡាញ់ហ្នឹងច្រើនណាស់លើសលប់ទាំងក្នុងស្រុក និងក្រៅស្រុក»។
ប្រពន្ធរបស់លោកកែម ឡី គឺអ្នកស្រីប៊ូ រចនា ក៏នឹងមិនអាចចូលរួមបានដែរ ដោយសារតែបាននាំកូនៗរត់ភៀសខ្លួនចេញពីប្រទេសកម្ពុជាដោយព្រួយបារម្ភពីសុវត្ថិភាព៕