ចៅក្រមតុលាការសហព័ន្ធសហរដ្ឋអាមេរិកមួយរូប បានពន្យារការផ្អាកបទបញ្ជាហាមឃាត់ការធ្វើដំណើររបស់លោកប្រធានាធិបតី Donald Trump។ បទបញ្ជានេះមានគោលបំណងរារាំងជាបណ្ដោះអាសន្នមិនឲ្យពលរដ្ឋមកពីប្រទេសចំនួន ៦ ដែលមានប្រជាជនច្រើនលើសលប់កាន់សាសនាឥស្លាម ចូលក្នុងទឹកដីសហរដ្ឋអាមេរិក និងរារាំងដល់កម្មវិធីទទួលយកជនភៀសខ្លួនផងដែរ។
លោកចៅក្រម Derrick Watson បានរារាំងរដ្ឋាភិបាលជាបណ្ដោះអាសន្ន មិនឲ្យអនុវត្តនូវបទបញ្ជាប្រធានាធិបតីនេះ នៅក្នុងការសម្រេចរបស់លោកកាលពីថ្ងៃទី ១៥ ខែមីនា កន្លងទៅនេះ។ ការសម្រេចជាថ្មីរបស់លោកកាលពីថ្ងៃពុធម្សិលមិញនេះ គឺធ្វើបន្ថែមលើការរារាំងរដ្ឋាភិបាលជាបណ្ដោះអាសន្ននេះ ដោយចេញសេចក្ដីបង្គាប់នៅដំណាក់កាលដំបូងប្រឆាំងនឹងបទបញ្ជារបស់លោកប្រធានាធិបតី Donald Trump។ ការសម្រេចជាថ្មីរបស់លោកចៅក្រមនេះ គឺធ្វើឡើងទៅតាមសំណើរបស់រដ្ឋ Hawaii ដែលនឹងដាក់ឲ្យអនុវត្តនៅទូទាំងប្រទេស។
លោកចៅក្រម Watson បានបញ្ជាក់ថា ស្ថានការណ៍ដែលជំរុញឲ្យលោកធ្វើការសម្រេចចិត្តនៅដំណាក់កាលដំបូងនេះ គឺមិនផ្លាស់ប្ដូរនោះទេ ដែលក្នុងនោះ មានរួមបញ្ចូលទាំងការបញ្ជាក់របស់រដ្ឋ Hawaii ដែលថា ការលើកឡើងរបស់លោក Donald Trump និងក្រុមរបស់លោក គឺផ្ដោតតែទៅលើជនជាតិឥស្លាមតែប៉ុណ្ណោះ។
លោកចៅក្រមបានបន្ថែមទៀតថា រដ្ឋ Hawaii ទំនងជាអាចទទួលជោគជ័យនៅក្នុងការតតាំងជាមួយនឹងបទបញ្ជាប្រធានាធិបតីនេះ ដោយផ្អែកលើហេតុផលថា បទបញ្ជានេះរំលោភទៅលើចំណុចមួយនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញដែលតម្រូវឲ្យរដ្ឋាភិបាលធ្វើសកម្មភាពណាក៏ដោយ កុំឲ្យមានគោលបំណងចម្បងពាក់ព័ន្ធនឹងសាសនា៕