ស.រ.អា និង​ជប៉ុន​ពិចារណា​បន្ថែម​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េ​ខាង​ជើង​ បន្ទាប់ពី​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែ​

បាតុករកូរ៉េខាងត្បូងលើកបដាប្រឆាំងនឹង​ការ​ធ្វើតេស្ត​នុយក្លេអ៊ែរ​បស់កូរ៉េខាងជើង នៅក្រុងសេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦។

សហរដ្ឋ​អាមេរិក​កំពុង​ពិចារណា​ការ​ដាក់​ទណ្ឌកម្ម​ឯកតោភាគី​បន្ថែម​ទៀត​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែ​លើក​ទី ៥ ដែល​ជា​ការ​សាកល្បង​ដ៏​ធំ​បំផុត​មួយ។

ដោយ​ថ្លែង​នៅ​ក្នុង​ទីក្រុង​តូក្យូ​នា​ថ្ងៃ​អាទិត្យ​នេះ លោក Sung Kim អ្នកតំណាង​ពិសេស​សហរដ្ឋ​អាមេរិក​ប្រចាំ​ដើម្បី​គោលនយោបាយ​កូរ៉េ​ខាង​ជើង​បាន​មាន​ប្រសាសន៍​ថា «បន្ថែម​លើ​សកម្មភាព​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ទាំង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ជប៉ុន» រួម​ទាំង​ប្រទេស​កូរ៉េ​ខាង​ត្បូង «នឹង​ពិចារណា​អំពី​វិធានការ​ឯកតោភាគី ក៏​ដូច​ជា​វិធានការ​ទ្វេភាគី​ផង​ដែរ» និង​ថែម​ទាំង​វិធានការ​ត្រីភាគី​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ។ លោក​មិន​បាន​បរិយាយ​លម្អិត​អំពី​ថា​តើ​វិធានការ​ទាំង​នោះ​មាន​អ្វី​ខ្លះ​នោះ​ទេ។

លោក Kim បាន​ថ្លែង​ដូច្នេះ បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​នឹង​មន្ត្រី​ការបរទេស​ជប៉ុន ដោយ​ពេល​នោះ​បាន​ហៅ​ឥរិយាបថ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ថា​ចង់​ធ្វើ​ឲ្យ​ «ជ្រួល​ច្របល់»។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​ហៅ​ការ​ប្រឹងប្រែង​បន្ថែម​ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​ថា «គួរ​ឲ្យ​ចង់​សើច» និង​បាន​សច្ចា​ថា​នឹង​ពង្រឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​របស់​ខ្លួន​បន្ថែម​ទៀត។ របាយការណ៍​របស់​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​នឹង​ធ្វើ​ការ​ដើម្បី​បង្កើន​នូវ​កម្លាំង​នុយក្លេអ៊ែ​របស់​ខ្លួន​ទាំង​ក្នុង​គុណភាព ក៏​ដូចជា​បរិមាណ។ កូរ៉េ​ខាង​ជើង​ថា ខ្លួន​ត្រូវការ​អាវុធ​នុយក្លេអ៊ែ​ខ្លាំង​ដើម្បី​ទប់ទល់​នឹង​ការ​រំលោភ​បំពាន​របស់​សហរដ្ឋ​អាមេរិក។

ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែ​លើក​ចុងក្រោយ និង​ប្រហែល​ជា​ខ្លាំង​បំផុត​មិន​ដែល​មាន​ពី​មុន​មក បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama បាន​ត្រឡប់​មក​ដល់​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ​ បន្ទាប់ពី​ទស្សនកិច្ច​របស់​លោក​ក្នុង​ទ្វីប​អាស៊ី។ លោក Obama បាន​ថ្កោលទោស​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែ​នេះ៕