តុលាការកំពូលនៅក្នុងប្រទេសជប៉ុនបានសម្រេចគាំទ្រគម្រោងរបស់រដ្ឋាភិបាលជប៉ុនក្នុងការផ្លាស់ប្ដូរទីតាំងមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិកចេញពីកោះ Okinawa ដែលនេះជាអ្វីដែលអាចដោះស្រាយតាមការចង់បានរបស់អ្នកប្រឆាំងដែលចង់ឲ្យមូលដ្ឋាននេះស្ថិតនៅទីតាំងផ្សេង។
តុលាការបានបញ្ជាក់ថា អភិបាលខេត្ត Okinawa លោក Takeshi Onaga បានធ្វើទង្វើខុសច្បាប់ នៅពេលដែលលោកមិនធ្វើតាមការបញ្ជារបស់អភិបាលខេត្ត Okinawa ដែលកាន់តំណែងមុនលោក ដែលបានធ្វើឡើងកាលពីខែតុលា ឆ្នាំ ២០១៥ ដើម្បីឲ្យមានការឈូសឆាយដីក្នុងគោលបំណងដើម្បីរៀបចំកន្លែងសម្រាប់ទីតាំងមូលដ្ឋានទ័ពអាកាស Futenma។
រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ចង់ឲ្យមូលដ្ឋានទ័ព Futenma នេះ ប្ដូរចេញទៅកាន់ទីតាំងឆ្ងាយដាច់ស្រយាលពីតំបន់ប្រជុំជន ដើម្បីបញ្ហាសុវត្ថិភាព។ ប៉ុន្តែ ប្រជាពលរដ្ឋនៅលើកោះ Okinawa ចង់ឲ្យមូលដ្ឋានទ័ពអាកាសនេះប្ដូរចេញទៅកាន់ទីតាំងផ្សេងចេញពីកោះ Okinawa នេះតែម្ដង ដោយហេតុថាមានសំឡេងរំខាន និងមានអំពើឧក្រិដ្ឋ និងឧបទ្ទវហេតុផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងមូលដ្ឋានទ័ពអាកាសនេះបានកើតឡើង។
កោះ Okinawa ជាកោះ ដែលស្ថិតនៅក្នុងសមុទ្រចិនខាងកើត ដែលផ្ដើមចេញពីកោះនេះ ទាហាននិងយន្តហោះចម្បាំងសហរដ្ឋអាមេរិកអាចឆ្លើយតបទៅនឹងជម្លោះដែលអាចកើតមានឡើងនានានៅទូទាំងទ្វីបអាស៊ី។ កោះនេះជាមូលដ្ឋាននៃអំណាចយោធាសហរដ្ឋអាមេរិកតាំងពីចុងសម័យសង្គ្រាមលោកលើកទីពីរមកម្ល៉េះ៕