ស.រ.អា.បានចេញផ្សាយការព្រមានអំពីការធ្វើដំណើរក្នុងពិភពលោកបន្ទាប់ពីមានការវាយប្រហារភេរវកម្មកាលពីពេលថ្មីៗនេះដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ក្រសួងការបរទេសស.រ.អា.បាននិយាយថាការចាប់ពង្រត់និងការចាប់ចំណាប់ខ្មាំងទៅលើប្រជាពលរដ្ឋអាមេរិកអាចកើតមានទ្បើងនៅទូទាំងពិភពលោកហើយក្រសួងបានអំពាវនាវសុំឲ្យពលរដ្ឋអាមេរិកមានការប្រុងប្រយ័ត្នខ្ពស់។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា ក្រុមអាជ្ញាធរមានជំនឿថាមានទំនោរកាន់តែខ្លាំងទ្បើងៗអំពីការវាយប្រហារសងសឹកប្រឆាំងនឹងប្រជាជនបស្ចឹមប្រទេសដោយសារសកម្មភាពយោធាដឹកនាំដោយស.រ.អា.ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងប្រទេសស៊ីរីនិងប្រទេសអ៊ីរ៉ាក់។
ក្រសួងការបរទេសអាមេរិកាំងបាននិយាយលើកឡើងពីទ្វីបអឺរ៉ុបថាជាកន្លែងមួយដែលមានទំនងកាន់តែខ្លាំងនៃការវាយប្រហារភេរវកម្មពីព្រោះសមាជិកអឺរ៉ុបនៃក្រុមរដ្ឋអ៊ីស្លាម បានវិលត្រទ្បប់មកពីភូមិភាគមជ្ឈឹមបូព៌ាវិញ។
ការប្រាប់ឲ្យមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរនេះបានលេចទ្បើងតែប៉ុន្មានម៉ោងបន្ទាប់ពីក្រុមប៉ូលិសបារាំងបានសម្លាប់ជនបីនាក់ដែលបានចាប់ចំណាប់ខ្មាំង ក្នុងនោះពីរនាក់មានការទាក់ទិននឹងការវាយប្រហារដ៏ប្រល័យកាលពីថ្ងៃពុធនៅការិយាល័យទស្សនាវដ្តីត្លុកមួយក្នុងក្រុងប៉ារីស៕